(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមករា បានបើកភ្លើងបៃតងលើការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យមដ៏ទំនើបមួយ និងបរិក្ខារពាក់ព័ន្ធទៅឱ្យជប៉ុន។ នេះបើតាមមន្ទីរបញ្ចកោណ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ទីរបញ្ចកោណ បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា <<សំណើលក់នេះនឹងធ្វើឱ្យសមត្ថភាពរបស់ជប៉ុនកាន់តែល្អប្រសើរ ដើម្បីទប់ទល់នឹងការគំរាមកំហែង សព្វថ្ងៃ និងទៅថ្ងៃអនាគត តាមរយៈការការពារទឹកដីរបស់ខ្លួន និងកងទ័ពអាមេរិកដែលកំពុងឈរជើងនៅទីនោះ (ជប៉ុន)>>។
សេចក្ដីថ្លែងការណ៍នេះបន្ថែមថាការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យម និងបរិក្ខារពាក់ព័ន្ធខាងលើឱ្យជប៉ុន មានទំហំទឹកប្រាក់ ៣.៦៤ពាន់លានដុល្លារ ហើយ ក្រុមហ៊ុនដែលទទួលបានកុងត្រាផលិត នោះគឺក្រុមហ៊ុន RTX Corporation មានមូលដ្ឋានក្នុងទីក្រុង Tucson រដ្ឋ Arizona៕