(តៃប៉ិ)៖ កោះតៃវ៉ាន់ព្យាយាមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៣០ភាគរយនៅត្រឹមឆ្នាំ២០៣០ ដែលខ្ពស់ជាងទិសដៅកំណត់កន្លងមកបើទោះបីជាមានការប្រឈមក្នុងការសម្រេចបានគោលដៅពង្រីកថាមពលកកើតឡើងវិញក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រសួងបរិស្ថានថា រដ្ឋាភិបាលកោះតៃវ៉ាន់កំពុងកំណត់ទិសដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ពី ២៦ ទៅ ៣០ភាគរយនៅត្រឹមដំណាច់ទស្សវត្សរ៍នេះពីកម្រិតឆ្នាំ២០០៥។ ទិសដៅដែលបានកំណត់កន្លងមកមានត្រឹមតែពី ២៣ ទៅ ២៥ភាគរយប៉ុណ្ណោះ។កោះតៃវ៉ាន់សម្រេចបានវឌ្ឍភាពយឺតក្នុងការសម្រេចបានគោលដៅដំបូងរបស់ខ្លួនក្នុងការដាក់ដំណើរការថាមពលកកើតឡើងវិញឱ្យបានគ្រប់គ្រាន់ ដោយបានពន្យារពេលដាក់ដំណើរការហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារថាមពលខ្យល់នៅឆ្នេរសមុទ្រ។ ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលកោះនេះកំពុងប្រកាន់ខ្ជាប់ទៅនឹងផែនការរបស់ខ្លួនក្នុងការបិទម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចុងក្រោយរបស់ខ្លួននៅឆ្នាំក្រោយ ដែលគំរាមកំហែងបង្ខំឱ្យកោះនេះពឹងផ្អែកលើការនាំចូលឥន្ធនៈហ្វូស៊ីលកាន់តែច្រើន៕