ថៃនឹងដកហូតពន្ធសាជីវកម្មអប្បបរមា ១៥ ភាគរយដើម្បីស្របតាមច្បាប់របស់អង្គការ OECD

Posted By: RoogRog Robot | 28-Dec-2024 22:32:10

2024-12-28 10:29pm

(បាងកក)៖ ក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងនៅថ្ងៃសុក្រថា ប្រទេសថៃនឹងដកហូតពន្ធសាជីវកម្មអប្បបរមាពិភពលោកចំនួន ១៥ ភាគរយលើសហគ្រាសអន្តរជាតិ ធំៗចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រសួង ហិរញ្ញវត្ថុ ថា ពន្ធនេះនឹងត្រូវដកហូតក្នុងអត្រាអប្បបរមាដែលបានព្រមព្រៀងជាសាកល ស្របតាមក្របខ័ណ្ឌពន្ធអប្បបរមាសកល។

អត្រាពន្ធលើប្រាក់ចំណូលសាជីវកម្មស្តង់ដាររបស់ប្រទេសថៃគឺ ២០ភាគរយទោះបីជារដ្ឋាភិបាលផ្តល់ការលើកលែងពន្ធ ឬបន្ទាបអត្រាពន្ធសម្រាប់គម្រោងវិនិយោគមួយចំនួនដើម្បីទាក់ទាញក្រុមហ៊ុនបរទេសធំៗក៏ដោយ។

ស្ថិតក្រោមច្បាប់ដែលកំពុងដឹកនាំដោយអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ពន្ធអប្បបរមា ១៥ភាគរយនឹងត្រូវដកហូតលើ ក្រុមហ៊ុនអន្តរជាតិដែលមានប្រាក់ចំណូលប្រចាំឆ្នាំជាសកលលើសពី ៧៥០លានអឺរ៉ូ (៧៨២លានដុល្លារអាមេរិក)។

ប្រទេសថៃកំពុងព្យាយាមធ្វើបច្ចុប្បន្នភាពច្បាប់ គោលនយោបាយ និងការអនុវត្តពន្ធរបស់ខ្លួន ខណៈដែលប្រទេសនេះស្វែងរកការចូលរួមជាសមាជិករបស់អង្គការ OECD នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...