(ភ្នំពេញ)៖ នៅល្ងាចថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីនៃការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ <<ទិវាសន្តិភាពនៅកម្ពុជា>> ដែលជាទិវារំលឹកដល់ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
ការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ <<ទិវាសន្តិភាពនៅកម្ពុជា>> មានការប្រកួតរវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ជាមួយក្រុមបាល់ទាត់គុណខ្មែរ និងមួយគូទៀត រវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ប្រកួតជាមួយក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា។ ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា នឹងមានការចូលរួមទាត់ពីថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាដោយផ្ទាល់មានដូចជា លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី, ឧបនាយករដ្ឋមន្ត្រី ស សុខា, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ផងដែរ។
ការប្រកួតបាល់ទាល់សាទរសុខសន្តិភាពនៅកម្ពុជានេះ នឹងមានការចូលរួមទស្សនាពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញរង្វង់ប្រមាណជា ៥ម៉ឺននាក់។
ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ជាខួប២៦ឆ្នាំហើយ ដែលកម្ពុជា បិទបញ្ចប់ទាំងស្រុងនូវភ្លើងសង្គ្រាម និងការបែកបាក់ជាតិ នាំមកនូវសុខសន្តិភាពពេញលេញ ការបង្រួបបង្រួម និងឯកភាពជាតិជាធ្លុងក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
សុខសន្តិភាពផ្តើមចេញពីនយោបាយឈ្នះ-ឈ្នះ បានផ្តល់ផ្លែផ្កាដ៏ធំធេងសម្រាប់កម្ពុជាក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ជាតិឱ្យរីកចម្រើន និងផ្តល់នូវការរស់នៅប្រកបដោយក្តីសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចយកថ្ងៃទី២៩ ខែធ្នូ ជា <<ទិវាសន្តិភាព នៅ កម្ពុជា>>។
ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា <<ទិវាសន្តិភាព នៅ កម្ពុជា>> ក្នុងបំណង សំខាន់ៗដូចខាងក្រោម៖
* ជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការ ស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។
* ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការ កសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ ឭនៅព្រះរាជា ណាចក្រ កម្ពុជា ដោយនយោបាយឈ្នះ-ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
* ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និង ការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហា ជាតិ របស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់ សមរ ភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេច បាន នូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជន កម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស នៅព្រះរាជាណាចក្រកម្ពុជា។
* ជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេល បច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាស កម្មរបស់ ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាក នានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងបំផុស ស្មារតី ដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យស្អប់ខ្ពើមនូវសង្គ្រាម។
* ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគតឱ្យយល់ដឹងច្បាស់អំពី <<គុណតម្លៃនៃសុខសន្តិភាព>> ហើយរួមគ្នាលើកកម្ពស់ <<វប្បធម៌សន្តិភាព>> នៅកម្ពុជា ពិសេសការ ចូលរួម ការ ពារ និងថែរក្សាឱ្យបានដាច់ខាតនូវ <<សុខសន្តិភាព>> ដែលជាអាយុជីវិត របស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និង ភាពសុខសាន្តរបស់ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព។
<<ទិវាសន្តិភាពនៅកម្ពុជា>> ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជា ឱ្យយល់ដឹងអំពី គុណ តម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពា រ សន្តិភាពនៅកម្ពុជា ឱ្យបានគង់វង្ស៕