(Reuters)៖ មីយ៉ាន់ម៉ា បានឱ្យដឹងថាការធ្វើជំរឿនឆ្នាំ២០២៤ បានរកឃើញថាប្រទេសរបស់ខ្លួនមានប្រជាជនចំនួន ៥១.៣លាននាក់ ដែលចំនួននេះមានការថយចុះបើធៀបកាលពីជាង១០ឆ្នាំមុន ខណៈរបបសឹកសន្យារៀបចំការបោះឆ្នោត នៅចំពោះមុខជម្លោះ និងភាពចលាចលនៅទូទាំងប្រទេស។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃពុធ ទី១ ខែមករា ឆ្នាំ២០២៥ ការធ្វើជំរឿនដែលត្រូវបានធ្វើឡើងចាប់តាំងពីខែតុលា ឆ្នាំ២០២៤ នឹងត្រូវបានប្រើប្រាស់ជាមូលដ្ឋានដើម្បីរៀបចំបញ្ជី ចុះឈ្មោះអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតសកលដែលត្រូវបានគ្រោងទុកនៅឆ្នាំនេះ។ ប៉ុន្តែ ក្រុមអ្នកប្រឆាំងបានថ្កោលទោសការធ្វើជំរឿននេះដោយចាត់ទុកជារឿងដ៏អាម៉ាស។ <<ខ្ញុំនឹងប្រឹងប្រែងដើម្បីរៀបចំ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ឱ្យបានជោគជ័យ ហើយដែលនេះជាគោលដៅរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ>>។ នេះជាការបញ្ជាក់របស់មេដឹកនាំរបបសឹក លោក Min Aung Hlaing នៅក្នុងសុន្ទរកថាឆ្នាំថ្មី របស់លោកដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
គួរបញ្ជាក់ថា បើតាមជំរឿនឆ្នាំ២០២៤ របស់មីយ៉ាន់ម៉ា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះមានប្រជាជន ៥១.៣លាននាក់ បើធៀបទៅនឹងកាលពីឆ្នាំ២០១៤ មីយ៉ាន់ម៉ាមានប្រជាជន ៥១.៥លាននាក់ ហើយជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមិនត្រូវបានរាប់បញ្ចូលនោះទេ។
មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងជម្លោះ និងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១មក ក្រោយយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោងសាន ស៊ូជី ពីអំណាច និងប្រើកណ្ដាប់ដៃដែក បង្រ្កាបលើក្រុមបាតុករ រហូតផ្ទុះរាលដាលទៅជាការបះបោរប្រដាប់អាវុធប្រឆាំងនឹងរបបសឹក។ សព្វថ្ងៃ កងកម្លាំងរបបសឹកកំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាមលើសមរភូមិជាច្រើន ហើយបានបាត់បង់ទីក្រុង ជាបន្តបន្ទាប់ ជាពិសេសទីក្រុងនៅតាមបណ្ដោយព្រំដែនជាប់ជាមួយចិន៕