បុណ្យឆ្លងឆ្នាំសកល២០២៥! អាជ្ញាធរខេត្ត-ក្រុងកំពង់ចាមខិតខំតុបតែងលម្អសោភ័ណភាពក្នុងក្រុង និងត្រៀមរៀបចំព្រឹត្តិការណ៍កម្សាន្ត អបអរឆ្នាំថ្មីជាមួយប្រជាជននិងភ្ញៀវទេសចរ (Video inside)

Posted By: RoogRog Robot | 29-Dec-2024 08:26:37

2024-12-29 03:24pm

(កំពង់ចាម)៖ នាឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤ ឈានចូល ២០២៥ ឆាប់ៗខាងមុខ ខេត្តកំពង់ចាម និងក្រុងកំពង់ចាមប្រាកដជាមានព្រឹត្តិការណ៍គួរឱ្យភ្ញាក់ផ្អើលសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងនោះអាជ្ញាធរបានខិតខំតុបតែងលម្អសោភ័ណភាព និងត្រៀមរៀបចំព្រឹត្តិការណ៍កម្សាន្តនានា ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មីឆ្នាំសកលជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ថ្លែងប្រាប់ Fresh News លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាម បានឱ្យដឹងថា ក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អាជ្ញាធរខេត្ត និងអាជ្ញាធរក្រុងកំពង់ចាមបាននិងកំពុងតុបតែងលម្អសោភ័ណភាពនៅតាមសួនសាធារណៈនាបណ្ដោយមាត់ទន្លេ (ខាងជើងស្ពានគីហ្សូណា) សួនស្ដូបមិត្តភាពកម្ពុជា-វៀតណាម (ខាងត្បូងស្ពានគីហ្សូណា) សួនសាធារណៈនៅមុខសាលាខេត្តកំពង់ចាម និងសួនច្បារមួយចំនួនទៀត ក្នុងនោះក៏មានការបំពាក់ភ្លើងបំភ្លឺនាពេលរាត្រីចម្រុះពណ៌យ៉ាងស្រស់ឆើតឆាយផងដែរ។

លោកអភិបាលក្រុងបានបន្តថា ជាមួយនឹងការរៀបចំតុបតែងសួនសាធារណៈទាំងនេះ អាជ្ញាធរក៏បានការរៀបចំឱ្យមានបន្ទប់ទឹកសាធារណៈបន្ថែម២កន្លែងទៀត ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមវត្តមានលោកអភិបាលខេត្ត អ៊ុន ចាន់ដា ដែលស្របទៅតាមស្ដង់ដារបស់ក្រសួងទេសចរណ៍ប្រកបដោយអនាម័យខ្ពស់ សរុបគឺមានដល់ទៅ៤កន្លែងឯណោះ។

លោក លី សុវណ្ណ​ បន្តទៀតថា ដើម្បីញ៉ាំងបរិយាកាសកម្សាន្តឱ្យកាន់តែសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នាឱកាសបុណ្យឆ្លងឆ្នាំសកល (យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤) ក្រុមការងារក៏នឹងត្រៀមបាញ់កាំជ្រួចចំនួន២ទីតាំង ដែលរៀងរាល់ឆ្នាំ នៅរាត្រីនេះគឺមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាយ៉ាងច្រើនកុះកររាប់ម៉ឺននាក់។

មិនតែប៉ុណ្ណោះ លោកអភិបាលខេត្ត អ៊ុន ចាន់ដា ក៏ណែនាំឱ្យត្រៀមកងកម្លាំងគណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពក្រុង ដើម្បីសម្របសម្រួលចរាចរណ៍ ការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ត្រៀមជួយសង្គ្រោះជាដើម មិនឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភឡើយ។ នេះបើតាមការបន្ថែមរបស់លោក លី សុវណ្ណ។

លោកអភិបាលក្រុងក៏បានអំពាវនាវដល់ម្ចាស់មូលដ្ឋានអាជីវកម្មក្នុងក្រុងកំពង់ចាម សូមចូលរួមជាមួយអាជ្ញាធរក្នុងការទាក់ទាញភ្ញៀវទេសចរ តាមរយៈការទទួលបដិសណ្ឋារកិច្ច ពង្រឹងគុណភាពសេវាកម្ម អនាម័យម្ហូបអាហារ ពិសេសសូមកុំដំឡើងថ្លៃហួសហេតុពេកចំពោះសេវាកម្ម និងផលិតផលរបស់ខ្លួន ពោលគឺមានតែខិតខំពង្រឹងទំនុកចិត្តរបស់ភ្ញៀវទេសចរទេ ទើបអាជីវកម្មបន្តការរីកចម្រើន មានអតិថិជនគាំទ្រកាន់តែច្រើន។

ទន្ទឹមនឹងការរៀបចំពីការត្រៀមលក្ខណៈសព្វគ្រប់បែបយ៉ាងនេះដែរ លោកអភិបាលក្រុងកំពង់ចាមបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម និងតាមបណ្ដាស្រុកនៃខេត្តកំពង់ចាម ក៏ដូចជាខេត្តជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ចាម សូមអញ្ជើញមកទស្សនាកម្សាន្តឱ្យបានច្រើនកុះករនៅក្រុងកំពង់ចាម នាឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤ ឈានចូល ២០២៥ ឆាប់ៗខាងមុខនេះ៕

សូមទស្សនាវីដេអូសម្ភាសន៍ជាមួយលោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាម ដូចតទៅ៖




































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...