(កាប៊ុល)៖ ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន គ្រប់គ្រងដោយក្រុមតាលីបង់ បានប្រកាសនៅថ្ងៃសៅរ៍ ទី២៨ ខែធ្នូនេះថា កងកម្លាំងតាលីបង់បានកំណត់គោលដៅជាច្រើននៅក្នុងប្រទេសជិតខាងប៉ាគីស្ថាន ប៉ុន្មានថ្ងៃក្រោយយន្តហោះប៉ាគីស្ថានទម្លាក់គ្រាប់បែកពីអាកាសមកលេីអាហ្វហ្គានីស្ថាន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ មិនបានបញ្ជាក់ចំៗថាធ្វេីទៅលេីប៉ាគីស្ថានទេ ប៉ុន្តែនិយាយថា ការវាយប្រហារធ្វើឡើងហួសពីតំបន់សម្មតិកម្ម ដែលជាធម្មតាអាជ្ញាធរអាហ្វហ្គានីស្ថានចង់សំដៅទៅលើព្រំដែនជាមួយប៉ាគីស្ថាន ដែលមានជម្លោះនឹងគ្នាយូរមកហើយ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ មានខ្លឹមសារដូច្នេះថា ចំណុចជាច្រើនហួសពីតំបន់សម្មតិកម្ម ដែលបម្រើជាមជ្ឈមណ្ឌល ឬកន្លែងលាក់ខ្លួនរបស់ក្រុមព្យាបាទ ក៏ដូចជាអ្នកគាំទ្រពួកគេដែលរៀបចំ និងសម្របសម្រួលការវាយប្រហារមកលេីអាហ្វហ្គានីស្ថាន ត្រូវបានកំណត់គោលដៅសងសឹកចេញពីភាគអាគ្នេយ៍ប្រទេស។
មិនមានព័ត៌មានលម្អិតអំពីជនរងគ្រោះ ឬតំបន់ជាក់លាក់ដែលត្រូវបានផ្តល់ឱ្យនោះទេ។ សាខាទំនាក់ទំនងសាធារណៈរបស់យោធាប៉ាគីស្ថាន និងអ្នកនាំពាក្យក្រសួងការបរទេស មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅឡេីយទេ។
គួរបញ្ជាក់ថា អស់ជាច្រើនទសវត្សរ៍មកហេីយអាហ្វហ្គានីស្ថាន បានច្រានចោលព្រំដែនដែលគេស្គាល់ថា Durand line គូរដោយអាជ្ញាធរសម័យអាណានិគមអង់គ្លេសក្នុងសតវត្សទី ១៩ តាមបណ្តោយខ្សែក្រវ៉ាត់កុលសម្ព័ន្ធភ្នំ និងគ្មានក្នុងច្បាប់របស់អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន៕