សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនលោកស្រី Gursharan Kaur Kohli ចំពោះមរណភាពបណ្ឌិត Manmohan Signh រដ្ឋបុរស និងជាអតីតនាយករដ្ឋមន្ត្រីមួយរូប ក្នុងចំណោមនាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេបំផុតរបស់ឥណ្ឌា

Posted By: RoogRog Robot | 29-Dec-2024 10:26:10

2024-12-29 10:21am

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតជូនលោកស្រី Gursharan Kaur Kohli ចំពោះមរណភាពបណ្ឌិត Manmohan Signh រដ្ឋបុរស និងជានាយករដ្ឋមន្ត្រីមួយរូប ក្នុងចំណោមនាយករដ្ឋមន្ត្រី កាន់អំណាចយូរជាងគេបំផុតរបស់ឥណ្ឌា ជាស្វាមីរបស់លោកស្រី ដែលបានទទួលមរណភាព នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

លិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកស្រី Gursharan Kaur Kohli មានខ្លឹមសារថា៖ <<ខ្ញុំមានសេចក្តីក្រៀមក្រំជាខ្លាំង ដែលបានទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ (Manmohan Signh) ដែលជារដ្ឋបុរសដ៏អស្ចារ្យ និងជានាយករដ្ឋមន្ត្រីមួយរូប ក្នុងចំណោមនាយករដ្ឋមន្ត្រី ដែលកាន់អំណាចយូរជាងគេបំផុត របស់ប្រទេសឥណ្ឌា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

សមិទ្ធផលដ៏អស្ចារ្យរបស់ ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ គឺជាសក្ខីភាពនៃពលិកម្ម ដែលមិនគិតប្រយោជន៍ខ្លួនឯង និងពេញមួយជីវិតរបស់អ្នកដឹកនាំបែបបរិវត្តកម្ម និងមានចក្ខុវិស័យវែងឆ្ងាយ ចំពោះការអភិវឌ្ឍប្រជាជន និងប្រទេសជាតិរបស់ខ្លួន ដែលនឹងនៅតែដក់ជាប់ជានិច្ចក្នុងដួងចិត្ត និងការចងចាំរបស់ប្រជាជនប្រទេសឥណ្ឌា និងប្រទេសផ្សេងៗទៀត រួមទាំងប្រទេសកម្ពុជាផងដែរ។

ខ្ញុំផ្តល់តម្លៃខ្ពស់ ចំពោះឱកាសធ្វើការជាមួយ ឯកឧត្តម ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រទេសយើងទាំងពីរ។ ភាពក្លៀវក្លា គតិបណ្ឌិត ភាពជាបុរសរដ្ឋ និងភាពរាបទាបរបស់ ឯកឧត្តម នឹងជំរុញលើកទឹកចិត្តយើងឱ្យតស៊ូស្វែងរកវឌ្ឍនភាព សម្រាប់មនុស្សជាតិទាំងអស់។

ខ្ញុំ និងសហការីរបស់ខ្ញុំនៅព្រឹទ្ធសភា ព្រមទាំងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ ក្រៀមក្រំបំផុតជូនចំពោះ លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងប្រជាជននៃប្រទេសឥណ្ឌា។ យើងខ្ញុំ សូមចូល រួមរំលែកសមានទុក្ខ និងការអធិដ្ឋានជាមួយ លោកជំទាវ និងក្រុមគ្រួសារ ក្នុងគ្រាដ៏លំបាកនេះ។ សូមវិញ្ញាណក្ខន្ធ ឯកឧត្តម បានទៅកាន់សុគតិភព>>៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...