ក្រោមបទបញ្ជារបស់នាយករដ្ឋមន្រ្តី លើការបង្ក្រាបក្រុមក្មេងទំនើង! កម្លាំងនគរបាលរាជធានីភ្នំពេញ បន្តចាប់ក្រុមក្មេងទំនើងចំនួន១១នាក់ទៀត ដែលពាក់ព័ន្ធកាប់ម៉ូតូ បង្កហិង្សា និងទុកកាំបិតតាមខ្លួន

Posted By: RoogRog Robot | 29-Dec-2024 09:07:39

2024-12-29 09:03am

(ភ្នំពេញ)៖ ក្រោមបទបញ្ជារបស់នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត លើការបង្ក្រាបក្រុមទំនើងតាមមូលដ្ឋាន, កម្លាំងនគរបាលរាជធានីភ្នំពេញ បានបន្តចាប់ក្រុមទំនើងចំនួន១១នាក់ទៀតនៅខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ក្រោយពួកគេបានបង្កសកម្មភាពអនាធិបតេយ្យតាមមូលដ្ឋាន។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលមូលដ្ឋាន ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្រុមក្មេងទំនើងជាបន្តបន្ទាប់ចំនួន១១នាក់ រួមមាន៖

ករណីទី១៖ នៅខណ្ឌកំបូល កាលពីយប់ថ្ងៃទី២៨ ខែធ្នូ កម្លាំងនគរបាល បានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៧នាក់ ដែលបានកាប់ម៉ូតូរបស់ភាគីម្ខាងទៀត។

ករណីទី២៖ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ សង្កាត់ចាក់អង្រែក្រោម នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនគរបាលបានឃាត់ក្មេងទំនើង២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

ករណីទី៣៖ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនគរបាលបានឃាត់ក្មេងទំនើង២នាក់ ពាក់ព័ន្ធករណីរក្សាទុកអាវុធខុសច្បាប់ (កាំបិត)។

សម្រាប់ក្មេងទំនើងទាំង១១នាក់ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា កម្លាំងនគរបាល បានបន្តចុះសហការជាមួយនាយកសាលា ធ្វើការគ្រប់គ្រងសិស្សដែលគេចសាលាមិនចូលរៀន អប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សឲ្យចៀសឆ្ងាយពីក្រុមក្មេងទំនើង និងធ្វើការត្រួតពិនិត្យម៉ូតូរបស់មុខសញ្ញាសង្ស័យ ស្វែងរកដាវកាំបិតលាក់ទុក។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ស្នងការ ក៏បានចាត់ឲ្យនគរបាល បន្តចុះធ្វើការត្រួតពិនិត្យទីតាំងផលិត-លក់ កាំបិត ដាវកែច្នៃ ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ ដោយបានធ្វើការណែនាំអប់រំ ម្ចាស់ទីតាំងមិនត្រូវចែកចាយអាវុធទាំងនេះដល់ក្មេងទំនើង ជាដាច់ខាត។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាជាថ្មីម្ដងទៀត ឲ្យបន្ដចាត់វិធានការច្បាប់ម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះករណីក្មេងទំនើងដែលបង្កហិង្សាដាក់គ្នាទៅវិញទៅមក។

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានណែនាំក្រសួងយុត្តិធម៌ពិនិត្យក្នុងការធ្វើវិសោធន៍កម្មច្បាប់ពាក់ព័ន្ធជាមួយទោសទណ្ឌនេះ ដោយត្រូវធ្វើយ៉ាងកម្រិតនៃការដាក់ទោសឲ្យកាន់តែខ្លាំង ដើម្បីឲ្យមានការរៀងចាលបញ្ឈប់សកម្មភាព។

ផ្តើមចេញពីបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រសួងយុត្តិធម៌ ក៏បានដាក់ចេញជាចំណាត់ការ និងបានណែនាំទៅកាន់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអនុវត្តន៍ច្បាប់ឲ្យម៉ឹងម៉ាត់ពាក់ព័ន្ធនឹងករណីក្មេងទំនើង ដោយគ្មានការលើកលែង ហើយក៏បានធ្វើការពិភាក្សាពាក់ព័ន្ធបញ្ហាក្មេងទំនើងនៅក្នុងមហាសន្និបាតវិស័យយុត្តិធម៌ រយៈពេល៣ថ្ងៃផងដែរ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...