(ដូហា)៖ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman Al Thani បាននិយាយថា ប្រទេសកាតា កំពុងធ្វេីការជាមួយអនាគតរដ្ឋបាលលោក ដូណាល់ ត្រាំ លេីបញ្ហាសង្រ្គាមហ្កាហ្សា ក្រោយបានដឹងពីទំនោរថ្មីសម្រាប់ការចរចាបទឈប់បាញ់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤។
លោក Al Thani បាននិយាយក្នុងសន្និសីទនៅទីក្រុង Doha ដូច្នេះថា <<យើងឃេីញមានការលើកទឹកចិត្តច្រើនពីអនាគតរដ្ឋបាលអាមេរិក ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយ សូម្បីតែមុនពេលប្រធានាធិបតីចូលកាន់តំណែងផ្លូវការ ហើយនោះពិតជាបានធ្វើឱ្យយើងខំព្យាយាមផ្លាស់ប្តូរ និងធ្វេីឱ្យអ្វីៗត្រលប់មកវិញ។ យើងធ្វេីការជាមួយគ្នា ក្នុងពីរបីសប្តាហ៍កន្លងមកនេះ>>។
បេសកជនទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ារបស់លោក ត្រាំ បានធ្វើដំណើរទៅកាន់ប្រទេសកាតា និងអ៉ីស្រាអែល ដើម្បីចាប់ផ្តើមការជំរុញផ្នែកការទូតរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ ជុំវិញកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល។ លោក Steve Witkoff ដែលនឹងក្លាយជាបេសកជនជាផ្លូវការនៃរដ្ឋបាលលោក ត្រាំ បានជួបដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងលោក Al Thani កាលពីចុងខែវិច្ឆិកាកន្លងទៅ។
គួរបញ្ជាក់ថា យោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា សង្គ្រាមដែលអូសបន្លាយក្នុងជាង ១៤ខែមកនេះ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៤៤.០០០នាក់ ខណៈដែលកងកម្លាំងអ៉ីស្រាអែលបន្តបេសកកម្មកម្ចាត់ក្រុមហាម៉ាស និងរំដោះចំណាប់ខ្មាំងដែលនៅសល់៕