ការវាយប្រហាររបស់អ៊ីស្រាអែល នៅហ្គាហ្សាសម្លាប់អ្នកកាសែត ៥នាក់, អ៊ីស្រាអែលអះអាងវាយប្រហារពួកសកម្មប្រយុទ្ធ

Posted By: RoogRog Robot | 26-Dec-2024 07:11:15

2024-12-26 07:03pm

(ហ្គាហ្សា)៖ អាជ្ញាធរហ្គាហ្សាបានអះអាងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់អ្នកកាសែតប៉ាឡេស្ទីន ៥ នាក់ នៅខាងក្រៅមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែកងទ័ពអ៊ីស្រាអែលបានអះអាងថា ខ្លួនបានវាយប្រហារលើរថយន្តដែលដឹកពួកសកម្មប្រយុទ្ធជីហាតអ៊ីស្លាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមគ្រូពេទ្យបានបញ្ជាក់ថា អ្នកកាសែតទាំង ៥ នាក់ ស្ថិតក្នុងចំណោមមនុស្សយ៉ាងហោចណាស់ ២១ នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅទូទាំងតំបន់ប៉ាឡេស្ទីន មុនពេលថ្ងៃរះ ខណៈដែលក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ បន្ទាប់ពីការប្រយុទ្ធគ្នាជាង ១៤ ខែ។

សហភាពអ្នកកាសែតប៉ាឡេស្ទីន បានថ្កោលទោសការវាយប្រហារនេះ និងបានអះអាងថា អ្នកកាសែតប៉ាឡេស្ទីនជាង ១៩០ នាក់ ត្រូវបានសម្លាប់ដោយការបាញ់របស់អ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០២៣។

យោធា​អ៊ីស្រាអែល​បាន​អះអាង​ថា ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​ជាក់លាក់​លើ​រថយន្ត​ដែល​មាន​សមាជិក​ភេរវជន​ជីហាត​អ៊ីស្លាម​នៅ​ខាង​ក្នុង​តំបន់​ Nuseirat។ អ៊ីស្រាអែល​ តែងតែបាន​បដិសេធ​ចំពោះ​ការ​កំណត់​គោលដៅ​លើ​អ្នក​កាសែត ហើយ​អះអាងថា ខ្លួន​ចាត់​វិធានការ​ដើម្បី​ចៀសវាង​ការ​វាយ​ប្រហារ​លើ​ជន​ស៊ីវិល៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...