(ភ្នំពេញ)៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញដល់មន្ដ្រីជំនាញ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវបង្កើនការយកចិត្តទុកដាក់ រៀបចំប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ ប្រព័ន្ធចុះបញ្ជី អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រព័ន្ធចុះបញ្ជីផ្សេងទៀត ឲ្យបានទាន់ពេលវេលា ដើម្បីធានាបាននូវការផ្តល់សេវារដ្ឋបាលកាន់តែខិតជិតប្រជាពលរដ្ឋ និងកាន់តែមានភាពប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
ការថ្លែងបែបនេះ របស់លោក ប៉ាវ ហមផាន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាអត្តសញ្ញាណកម្មជារួម ជាពិសេស ទី១៖សេវាចុះបញ្ជីអត្រានុកូលដ្ឋាន, ទី២៖សេវាចុះបញ្ជីស្នាក់នៅ និងទី៣៖សេវាចុះបញ្ជីអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ប្រកបដោយតម្លាភាពលើការស្នើសុំសេវាអត្តសញ្ញាណកម្មទាំងអស់ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន ដោយគោរពទៅតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលនៅជាធរមាន។
បន្ថែមពីនេះ លោកបានគូសបញ្ជាក់ពីការអនុវត្តច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានចូលជាធរមាន នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដោយត្រូវបន្តជំរុញការរៀបចំសេចក្តីព្រាង លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ដែលនៅសេសសល់ឲ្ហសម្រេចបានតាមផែនការដែលបានគ្រោងទុក។ ព្រមជាមួយនេះ ត្រូវយកចិត្តទុកដាក់រៀបចំយន្តការអនុវត្តនៅថ្នាក់ក្រោមជាតិ ស្របតាមតាមការចង្អុលរបស់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ គួរត្រូវបានរៀបចំឲ្យបានទាន់ពេលវេលា។
ក្នុងន័យនេះ លោកបានសង្កត់ធ្ងន់ថា ការអនុវត្តការងារអត្តសញ្ញាណកម្ម ដែលផ្ទុយពីការកំណត់របស់ច្បាប់ និងលិខិតបទដ្ឋានដែលមានជាធរមាន ដោយសារច្បាប់ថ្មីនេះ មានចែងពីទោសបញ្ញត្តិលើ ការអនុវត្តការងាររបស់មន្ត្រីផ្តល់សេវា (អាចមានទោសដល់ជាប់ពន្ធនាគារ)។ ដូច្នេះត្រូវមានការប្រយ័ត្នប្រយែង និងសូមរក្សាឲ្យបាននូវទំនាក់ទំនងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ មករដ្ឋបាលថ្នាក់ជាតិ ដើម្បីសាកសួរពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម ក្នុងករណីមានចម្ងល់ ឬភាពមិនច្បាស់លាស់ណាមួយ ក្នុងការអនុវត្ត។
បើយោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ ដោយអនុវត្តតាមរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី) អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិទាំង២៥រាជធានី-ខេត្ត បានខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន។
លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានគូសបញ្ជាក់ថា ចក្ខុវិស័យចំនួន៣ធំៗ លើការងារអត្តសញ្ញាណកម្មគឺ ទី១៖ បុគ្គល គ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ, ទី២៖ បុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ និងទី៣៖ ផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អ៕