(កំពត)៖ លោក អ៉ីវ គឹមសួរ គ្រូបង្វឹកអាជីវកម្មនៃក្រុមហ៊ុន Action COACH និងជាអ្នករៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ <<តោះ! ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ>> នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំតំណាងក្រុមហ៊ុន អាជីវកម្ម និងអ្នកស្ម័គ្រចិត្តប្រមាណជិត ១០០នាក់ នាំគ្នាដេីរឡេីងភ្នំបូកគោ ក្នុងគោលបំណងគឿងគរ និងរៃអង្គាសថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក៏ដូចជាការបំផុសគំនិតហាត់ប្រាណដើម្បីសុខភាព តាមរយៈការដើរ និងផ្សព្វផ្សាយទីកន្លែងទេសចរណ៍ដ៏ស្រស់ត្រកាលនាភាគនារតីនៃប្រទេសកម្ពុជាផងដែរ។
ព្រឹត្តិការណ៍នេះធ្វេីឡេីងរយៈពេល២យប់ ៣ថ្ងៃ នៅឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត ដោយមានការគាំទ្រពីសំណាក់សាលាខេត្តកំពត មន្ទីរទេសចរណ៍ខេត្ត និង អាជ្ញាធរមូលដ្ឋាន រួមទាំងមានកិច្ចសហប្រតិបត្តិការណ៍ពីមន្ទីរពេទ្យកុមារអង្គរ ក្រោមការឧបត្ថម្ភធំដោយក្រុមហ៊ុនថ្នាំពណ៌ជាតិ ខាំផែន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកំលាំង ខារ៉ាប៉ាវ និងក្រុមហ៊ុនធានារ៉ាបរង Elite Insurance Brokers ព្រមទាំងឧបត្ថម្ភទីតាំងដោយ THANSUR SOKHA Hotel, Ganesha Kampot Resort បណ្តាញសារព័ត៌មាន Fresh News & CoolApp រួមជាមួយបណ្តាក្រុមហ៊ុនចូលរួមឧបត្ថម្ភផ្សេងៗទៀតរួមមានទាំងថវិកា និងសម្ភារផងដែរ។
នាឱកាសនោះ លោក អ៉ីវ គឹមសួរ ជាអ្នកផ្តួចផ្តើមគំនិតរៃអង្គាស និងជាប្រធានក្រុមប្រឹក្សាផ្តល់យោបល់របស់មន្ទីរពេទ្យកុមារអង្គរ បានថ្លែងអរគុណដល់បណ្តាក្រុមហ៊ុនដែលជាសមាជិកទាំងអស់របស់ BNI Cambodia និងមិត្តភ័ក្រ្តទាំងឡាយ ដែលបានចូលរួមឧបត្ថម្ភ និងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះបានជោគជ័យ ដើម្បីចូលរួមចំណែកធ្វើឲ្យប្រសើរឡើងដល់សុខុមាលភាពកុមារកម្ពុជាតាមរយៈបេសកកម្មផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព ក្តីមេត្តាករុណា ដល់កុមារគ្រប់រូបនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ព្រោះមន្ទីរពេទ្យកុមារអង្គរ មិនអាចទុកកុមារណាម្នាក់ចោលដោយមិនព្យាបាលបានឡើយ។
លោក អ៉ីវ គឹមសួរ បានបន្ថែមទៀតថា លោកនឹងបន្តរៀបចំព្រឹត្តិការណ៍ <<តោះ! ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ>> ជាបន្តបន្ទាប់នៅឆ្នាំក្រោយៗទៀត ដេីម្បីរួមចំណែកជួយទ្រទ្រង់ដល់មន្ទីពេទ្យកុមារអង្គរ ក្នុងបេសកកម្មជួយសង្គ្រោះដល់កុមារកម្ពុជា និងបានអំពាវឱ្យគ្រប់បណ្តាក្រុមហ៊ុន អាជីវកម្ម ផ្សេងៗទៀត ចូលរួមចំណែកជាបន្តបន្ទាប់ទៀត ដេីម្បីជួយដល់កុមារកម្ពុជាផងដែរ។
សូមបញ្ជាក់ថា កម្មវិធីនេះបានចេញដំណេីរពីទីក្រុងភ្នំពេញឆ្ពោះមកកាន់ក្រុងកំពតនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ និងការដើរឡើងភ្នំគឺចាប់ផ្តើមពីម៉ោង ៥ព្រឹកនៅថ្ងៃទី៧ ខែធ្នូ នៅទីតាំងជើងភ្នំនៃឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ដើម្បីដើរឡើងតាមផ្លូវថ្នល់ក្នុងរយៈចំងាយ ៣១គីឡូម៉ែត្រ ដោយបញ្ចប់នៅទីតាំងផ្លូវបំបែកនៅលើភ្នំ បន្ទាប់មកអ្នកចូលរួមបានធ្វើការសម្រាកដោយបោះតង់នៅក្បែរមាត់បឹងនៅលើកំពូលភ្នំ ដែលជាទីកន្លែងមួយប្រកបដោយទេសភាពដ៏ស្រស់ត្រកាល អមនឹងអាកាសធាតុត្រជាក់ក្នុងរដូវរំហើយ ព្រមទាំងមានកម្មវិធីជប់លៀង BBQ និងកម្មវិធីកំសាន្តផ្សេងៗថែមទៀតផង៕