ស៉ីរី៖​ ក្រុមឧទ្ទាមត្រៀមវាយលុកកាន់តែខ្លាំង​ ខណៈរដ្ឋាភិបាលលោក​ Assad ពង្រឹងការការពារ

Posted By: RoogRog Robot | 07-Dec-2024 19:09:25

2024-12-07 07:04pm

(ដាម៉ាស)៖​ ឧទ្ទាមស៉ីរីបានប្រកាសថា​ ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីវាយរុលទៅមុខបន្ថែមទៀត​ ខណៈដែលកងកម្លាំងរដ្ឋាភិបាលកំពុងពង្រឹងការការពារនៅតំបន់ប្រឈមមុខ​ដាក់គ្នា ហេីយទម្លាក់គ្រាប់បែកលើទីតាំងរបស់ក្រុមបះបោរ​ នៅជុំវិញទីក្រុង Homs ក្នុងបំណងសង្គ្រោះការគ្រប់គ្រងរយៈពេល ២៤ឆ្នាំរបស់ប្រធានាធិបតី​ លោក Bashar al-Assad។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី៧​ ខែធ្នូ​ ឆ្នាំ​ ២០២៤។

ក្រៅពីចាប់យកទីក្រុង Aleppo នៅភាគខាងជើង ទីក្រុង Hama នៅភាគកណ្តាល និងទីក្រុង​ Deir al-Zor នៅភាគខាងកើត ក្រុមឧទ្ទាមបានឈានទៅចាប់យកភាគខាងត្បូងទីក្រុង​ Suweida និងទីក្រុង Deraa ថែមទៀត។

យោធាស៉ីរីនិយាយថា ខ្លួនកំពុងធ្វើការវាយប្រហារតាមអាកាសជុំវិញទីក្រុង Hama និងទីក្រុង​ Homs ហើយបានពង្រឹងការការពារនៅផ្នែកជួរមុខ​ ហេីយកំពុងដាក់ទីតាំងឈរជេីងឡើងវិញជុំវិញទីក្រុង​ Deraa និងទីក្រុង Suweida ដោយមិនទទួលស្គាល់ពីការចាប់យកក្រុងទាំងពីរនេះ​ របស់ក្រុមឧទ្ទាមឡេីយ។

សន្ទុះនៃការវាយលុយរបស់ក្រុមឧទ្ទាមបានធ្វើឱ្យរដ្ឋអារ៉ាប់នានាមានការភ្ញាក់ផ្អើល និងបង្កើនការភ័យខ្លាចរលកថ្មីនៃអស្ថិរភាពក្នុងតំបន់ ដោយកាតាបាននិយាយនៅថ្ងៃសៅរ៍នេះថាវាបានគំរាមកំហែងដល់បូរណភាពទឹកដីស៉ីរី។ ក្រុុមមន្ត្រីលោកខាងលិចនិយាយថា យោធាស៉ីរីស្ថិតក្នុងស្ថានភាពលំបាក ដោយមិនអាចបញ្ឈប់ការវាយប្រហាររបស់ក្រុមឧទ្ទាមបាន និងត្រូវបង្ខំចិត្តដកថយ។

គួរបញ្ជាក់ថា​ សង្រ្គាមស៉ីវិលក្នុងប្រទេសស៉ីរី​ បានផ្ទុះឡើងនៅឆ្នាំ ២០១១​ ដេីម្បីប្រឆាំងការគ្រប់គ្រងរបស់លោក Assad បានអូសទាញមហាអំណាចខាងក្រៅឱ្យលូកដៃចូលជួយ​ បង្កើតកន្លែងសម្រាប់ក្រុមសកម្មប្រយុទ្ធជីហាដ​ដើម្បីរៀបចំការវាយប្រហារជុំវិញពិភពលោក និងបានបញ្ជូនជនភៀសខ្លួនរាប់លាននាក់​ ចូលទៅក្នុងប្រទេសជិតខាង៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...