ចំណេះដឹងទូទៅ៖ ព្រះបាទជ័យវរ្ម័នទី៣ ជាក្សត្រខ្មែរមួយអង្គដែលល្បីខាងទាក់ដំរី និងរក្សាសន្តិភាពក្នុងកម្វុជទេស

Posted By: RoogRog Robot | 18-Oct-2024 17:45:54

2024-10-18 05:39pm

(ភ្នំពេញ)៖ ព្រះបាទជ័យវរ្ម័នទី៣ (វ្រះបាទស្រីជយវម៌្មទេវ-ទី៣) ជាព្រះរាជបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ (វ្រះបាទស្រីជយវម៌្មទេវ-ទី២) និងបានឡើងស្នងរាជ្យសម្បត្តិបន្តពីព្រះវររាជបិតានៅគ្រិស្ដសករាជ៨៣៥ (ស.ក ៧៧២) ខណៈរាជធានីធំរបស់ព្រះអង្គគឺស្ថិតនៅហរិហរាល័យ ដែលត្រូវនឹងតំបន់រលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។


គួររំឭកថា នៅក្នុងរជ្ជកាលរបស់ព្រះបិតាទ្រង់ គឺព្រះបាទជ័យវរ្ម័នទី២ ផែនដីចក្រភពខ្មែរទាំមូលត្រូវបានបង្រួបបង្រួមគ្នាឡើងវិញ បន្ទាប់ពីបែកបាក់គ្នាជារដ្ឋបុរីផង និងត្រូវជ្វាឈ្លានពានផងនាចុងសម័យចេនឡា ដូច្នេះបន្ទាប់ពីមានឯកភាពជាតិហើយនោះ ព្រះបាទជ័យវរ្ម័នទី២ (រជ្ជកាល៖ ៨០២-៨៣៥) ក៏បានស្ថាបនារាជធានីថ្មីនៅលើភ្នំគូលែន គឺរាជធានីមហេន្ទ្របវ៌្វត (មហេន្ទ្របព៌ត) តែនៅចុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី២ក៏បានយាងមកកាន់ហរិហរាល័យវិញ ដែលមុននេះព្រះអង្គក៏ធ្លាប់គង់នៅទីនោះដែរ។ ព្រះបាទជ័យវរ្ម័នទី២បានដាក់រាជ្យថ្វាយព្រះរាជបុត្រារបស់ទ្រង់ គឺព្រះបាទជ័យវរ្ម័នទី៣ នៅឆ្នាំ៨៣៥។

ជាព្រះមហាក្សត្រថ្មីគ្រងផែនដីចក្រភពខ្មែរដ៏ធំនាដើមសម័យអង្គរ ព្រះបាទជ័យវរ្ម័នទី៣បានខិតខំថែរក្សាសន្តិភាពនៅទូទាំងកម្វុជទេស (ប្រទេសកម្ពុជា) ពង្រឹងវិស័យយោធា ប្រតិបត្តិតាមសាសនានិងរាជប្បវេណីកម្វុជេន្ទ្រ យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជារាស្ត្រ។ មិនមានសិលាចារឹកដែលនិយាយពីសង្គ្រាមផ្ទៃក្នុងនារជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៣នោះឡើយ គឺមានតែការកសាងព្រះរាជសមិទ្ធផលផ្សេងៗ និងប្រាសាទមួយចំនួនដែលនៅសេសសល់ដល់ពេលបច្ចុប្បន្ន។

ក្រៅពីល្បីល្បាញក្នុងប្រយោគសន្តិភាព ព្រះបាទជ័យវរ្ម័នទី៣ក៏ពូកែខាងទាក់និងបង្វឹកដំរីផងដែរ នេះបើតាមសិលាចារឹកប្រាសាទគោកចក K.521។ សិលាចារឹកដ៏មានសារសំខាន់នេះបានឱ្យដឹងសេចក្ដីថា នៅមហាសករាជ៧៧២ (ត្រូវនឹងឆ្នាំ៨៥០) វ្រះវិស្ណុលោក (ព្រះបាទជ័យវរ្ម័នទី៣) ដែលជាព្រះរាជបុត្រារបស់វ្រះបរមេស្វរ (ព្រះបាទជ័យវរ្ម័នទី២) បានយាងចូលទាក់សត្វដំរីនៅតំបន់ព្រៃម្ដុំភ្នំបាខែង ហើយក៏ទាក់បានដំរីដែលព្រះអង្គសព្វរាជហឫទ័យយ៉ាងខ្លាំង ប៉ុន្តែជាការធ្វេសប្រហែស ដំរីនោះក៏ដាច់របូតរត់ចូលព្រៃវិញបាត់។ វេលារាត្រីកាល នៅពេលព្រះរាជាទ្រង់ផ្ទុំក៏បានយល់សុបិន្តឃើញព្រាហ្មណ៍ម្នាក់ (និកាយព្រះវិស្ណុ) មកពន្យល់សប្តបន្ទូលប្រាប់ឱ្យទ្រង់ស្ថាបនាប្រតិមាព្រះវិស្ណុ និងមានភក្តីគោរពចំពោះគាត់ គាត់នឹងប្រគល់ដំរីដែលរួចបាត់នោះត្រឡប់មកវិញនៅពេលឧទយ (អរុណោទ័យ ឬពេលថ្ងៃរះ)។ ដំរីនោះក៏ត្រឡប់មកវិញមែន ហើយព្រះអង្គក៏បានចេញព្រះរាជឱង្ការឱ្យគេកាប់ឆ្ការព្រៃ និងស្ថាបនាប្រាសាទឧទ្ទិសថ្វាយព្រះវិស្ណុ (វ្រះកម្រតេងអញស្រីវិរលក្ស្មីអជី) ដោយថ្វាយទាសាទាសីឱ្យនៅបម្រើថែទាំប្រាសាទនោះផង។ បច្ចុប្បន្នគេហៅប្រាសាទនោះថា ប្រាសាទគោកចក ស្ថិតនៅភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

តាមរយៈសេចក្ដីរៀបរាប់ក្នុងសិលាចារឹកប្រាសាទគោកចក K.521 នេះ អាចឱ្យយើងដឹងពីការសព្វព្រះរាជហឫទ័យរបស់ព្រះបាទជ័យវរ្ម័នទី៣ ដែលពូកែខាងទាក់និងបង្វឹកសត្វដំរី។ ពិតណាស់ ដំរីគឺជាសត្វពាហនៈដ៏សំខាន់ក្នុងសង្គមវប្បធម៌ខ្មែរបុរាណ ជាសត្វចម្បាំងដែលកងទ័ពខ្មែរប្រើប្រាស់ក្នុងសមរភូមិសង្គ្រាម ដូច្នេះរាជការខ្មែរក៏មានប្រពៃណីទាក់ដំរីព្រៃយកមកផ្សាំងជាសត្វស្រុក បង្កាត់ពូជឱ្យបានច្រើន បង្វឹកបង្ហាត់ឱ្យក្លាយជាសត្វចម្បាំង ជាព្រះទីនាំងសម្រាប់ព្រះមហាក្សត្រ ជាសត្វពាហនៈប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជារាស្ត្រសម័យបុរាណ។ ដូច្នេះទោះបីជាកម្វុជទេសនារជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៣មានសុខសន្តិភាពក៏ពិតមែន ប៉ុន្តែរាជការរបស់ទ្រង់ត្រូវតែពង្រឹងវិស័យយោធាជាប់ជានិច្ច ដើម្បីត្រៀមទប់ទល់នឹងខ្មាំងសត្រូវដែលអាចយាយីដល់សន្តិភាពប្រទេសជាតិនាពេលណាមួយ។

សូមជម្រាបថា ព្រះបាទជ័យវរ្ម័នទី៣បានសោយទិវង្គតនៅឆ្នាំ៨៧៧នៃគ្រិស្ដសករាជ មានព្រះបច្ចាមរណនាមថា វ្រះកម្រតេងអញជគត្តរាជ្យវិស្ណុលោកៈ។ ក្សត្របន្តព្រះបរមរាជ្យសម្បត្តិនៅឆ្នាំ៨៧៧នោះ មិនមែនជាព្រះរាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី៣ឡើយ តែជាព្រះញាតិវង្សរបស់ទ្រង់ដែលមានព្រះនាមថា ព្រះបាទឥន្ទ្រវរ្ម័នទី១ (វ្រះបាទស្រីឥន្ទ្រវម៌្មទេវ)៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...