វិភាគអន្តរជាតិ៖ តើការស្លាប់របស់មេដឹកនាំហាម៉ាស Yahya Sinwar នឹងនាំទៅរកការបិទបញ្ចប់សង្រ្គាមឬ? ​

Posted By: RoogRog Robot | 18-Oct-2024 20:09:20

2024-10-18 08:07pm

(វ៉ាស៊ីនតោន)៖ អ៉ីស្រាអែល កាលពីថ្ងៃទី១៧ ខែតុលា បានអះអាងថាមេដឹកនាំហាម៉ាស លោក Yahya Sinwar​ មានអាយុ៦២ឆ្នាំ ដែលជាស្ថាបនិកការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលនាំទៅរកការផ្ទុះសង្រ្គាមនៅហ្កាហ្សាត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាមួយរបស់ទាហានអ៉ីស្រាអែលនៅភាគខាងត្បូងហ្កាហ្សា កាលពីថ្ងៃទី១៦ ខែតុលា។ លោក Sinwar ក៏ជាមនុស្សម្នាក់ ដែលត្រូវបានគេជឿជាក់ផងដែរថាជាអ្នកនៅពីក្រោយគោលជំហររបស់ក្រុមហាម៉ាស ក្នុងការបដិសេធទម្លាក់អាវុធសុំចុះចាញ់ និងទទួលយកបទឈប់បាញ់ជាមួយអ៉ីស្រាអែល។

បើតាមក្រុមអ្នកវិភាគអ៉ីស្រាអែល និងប៉ាឡេស្ទីន ការស្លាប់របស់លោក Sinwar គឺជាការត្រួសត្រាយផ្លូវមួយឆ្ពោះទៅរកបទឈប់បាញ់ក្នុងទម្រង់ណាមួយនៅក្នុងតំបន់ហ្កាហ្សា ពីព្រោះថាការស្លាប់របស់ មេដឹកនាំហាម៉ាសរូបនេះអាចឱ្យអ៉ីស្រាអែល និងហាម៉ាសប្រើវាជាហេតុផល ឬលេសដើម្បីបន្ធូរបន្ថយគោលជំហររបស់ខ្លួន។ ក៏ប៉ុន្តែឧបសគ្គធំនៅតែមានដដែល ហើយដំណោះស្រាយណាមួយនៅក្នុង តំបន់ហ្កាហ្សាទំនងជានឹងមានឥទ្ធិពលតិចតួចប៉ុណ្ណោះលើជម្លោះរវាងអ៉ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាសនៅមជ្ឈិបូព៌ាក្នុងនោះមានទាំងហេសបូឡាជាដើម។ កិច្ចចរចាស្វែងរកបទឈប់បាញ់ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងបានជាប់គាំង មានមួយផ្នែកដោយសារលោក Sinwar ប្រកាន់ជំហរតឹងរ៉ឹងទាមទារឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយដែលអនុញ្ញាតឱ្យហាម៉ាសអាចបន្តកា្ដប់ អំណាច នៅក្រោយសង្រ្គាមហ្កាហ្សាបិទបញ្ចប់។ គោលជំហររបស់លោកបែបនេះហើយគឺមិនស៊ីគ្នាឡើយទៅនឹងគោលជំហររបស់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu ដែលចង់ បានត្រឹមតែបទឈប់បាញ់បណ្ដោះអាសន្នមួយដែលទុកផ្លូវក្រោយឱ្យអ៉ីស្រាអែលអាចត្រឡប់ទៅប្រយុទ្ធនៅហ្កាហ្សាវិញបានគ្រប់ពេលវេលា ក្នុងគោលដៅរារាំងកុំឱ្យរបបហាម៉ាសមានជីវិតយូរអង្វែង។

ក្រុមអ្នកវិភាគខ្លះបាននិយាយថា នៅបន្ទាប់ពីការស្លាប់របស់លោក Sinwar មេដឹកនាំនៅសេសល់របស់ហាម៉ាសដែលបាក់ទឹកចិត្ត ឬភ័យខ្លាចអាចនឹងយល់ព្រមធ្វើការសម្រុះសម្រួលដែលលោក Sinwar កន្លងមកបានជំទាស់។ ដោយឡែក នៅអ៉ីស្រាអែលវិញ លោក Netanyahu ក្នុងពេលឥលូវ អាចធ្វើការអះអាងថាក្រុមហាម៉ាសត្រូវបានបំបាក់ដោយមិនចាំបាច់ត្រូវធ្វើសង្រ្គាមបន្ថែមទៀតនោះទេ។ <<ប្រសិនបើលោក Netanyahu មានរូបភាពជ័យជម្នះនៅក្រោមការដឹកនាំរបស់លោក នោះលោកអាចនឹងបន្ធូរបន្ថយគោលជំហរពីព្រោះលោកកំពុងឈរនៅលើទីតាំងមួយដ៏ប្រសើរ... ប៉ុន្តែបញ្ហាសំខាន់ គឺនៅត្រង់ ថាតើលោកនឹងក្ដាប់យកឱកាសនេះ ឬដែរក៏អត់?>>។ នេះជាការលើកឡើងរបស់លោក Iatamar Rabinovich ជាអតីតឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំទីក្រុងវ៉ាស៊ីនតោន។

លើសពីនេះទៅទៀត ការផ្លាស់ប្ដូរណាមួយក៏នឹងមិនអាចកើតឡើងភ្លាមៗនោះដែរ។ ក្រុមហាម៉ាសគឺជាអង្គការដឹកនាំដែលធ្លាប់បានឆ្លងកាត់ដំណាក់កាលលំបាកដើម្បីបន្តរស់រានជីវិតជាច្រើនលើក មកហើយនៅពេលដែលមេដឹកនាំកំពូលៗរបស់ពួកគេត្រូវបានអ៉ីស្រាអែលសម្លាប់ ហើយគោលជំនឿជាស្នូលរបស់ពួកគេក៏នឹងតែមានដដែលផងដែរ មិនថានរណាឡើងមកកាន់តំណែងជំនួសលោក Sinwar នោះទេ។ ចំណែក លោក Netanyahu នៅតែត្រូវគិតពិចារណាច្រើនចំពោះសំណើថ្មីណាមួយជុំវិញកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដែលប្រឆាំងទៅនឹងអាទិភាព ឬការចង់បានពីសម្ព័ន្ធមិត្ត នៅក្នុងជួររដ្ឋាភិបាលស្ដាំនិយមជ្រុលរបស់លោកដែលចង់ឱ្យរូបលោកបន្តធ្វើសង្រ្គាម។ តួយ៉ាង លោក Itamar Ben-Gvir ជារដ្ឋមន្ត្រីស្ដាំនិយមជ្រុលអ៉ីស្រាអែលម្នាក់ធ្លាប់បានគំរាមថានឹងដកខ្លួនចេញពី រដ្ឋាភិបាល ប្រសិនបើលោក Netanyahu ហ៊ានបញ្ចប់សង្រ្គាមទាំងដែលហាម៉ាសមិនត្រូវបានកម្ទេចទាំងស្រុង។ ជាការឆ្លើយតប លោក Netanyahu បានប្រកាន់យកជំហរមិនច្បាស់លាស់ ជាមួយ ការបញ្ចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ដោយឱ្យគេមើលឃើញថាលោកគិតគូរពីបទឈប់បាញ់ផង និងបន្តធ្វើសង្រ្គាមផង។ ជាឧទាហរណ៍៖ បន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក ចូ បៃដិន ការិយាល័យរបស់លោក Netanyahu បានទទួលស្គាល់ថាការស្លាប់របស់លោក Sinwar គឺជាការឱកាសមួយដើម្បីជំរុញឱ្យមានការដោះលែងចំណាប់ខ្មាំង។

ប៉ុន្តែប៉ុន្មានម៉ោងក្រោយ លោក Netanyahu បានបង្ហាញខ្លួនក្នុងសុន្ទរកថាជាវីដេអូ ដោយបង្ហាញជំហរឈរនៅសម្ព័ន្ធមិត្តនៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោកដោយព្រមានប្រជាជនអ៉ីស្រាអែល ពីបញ្ហាប្រឈមដ៏លំបាកនៅពេលខាងមុខ និងបានសន្យាបន្តធ្វើសង្រ្គាមប្រឆាំងនឹងមេដឹកនាំហាម៉ាសនៅសេសសល់។ <<នៅថ្ងៃនេះ ពួកបិសាចបានរងបរាជ័យធ្ងន់ធ្ងរ ប៉ុន្តែភារកិច្ចរបស់យើងនៅមិនទាន់ បញ្ចប់ទាំងស្រុងនៅឡើយទេ ដូច្នេះយើងទាំងអស់គ្នាត្រូវបន្តប្រយុទ្ធ ហើយដោយមានការជួយពីព្រះជាម្ចាស់ ពួកយើងនឹងទទួលបានជ័យជម្នះ>>។ នេះជាការគូសបញ្ជាក់របស់លោក Netanyahu។

យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគមួយចំនួនដូចជាលោក Fuad Khuffash ជាអ្នកវិភាគប៉ាឡេស្ទីនម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយហាម៉ាស យល់ថាផ្លូវដែលក្រុមហាម៉ាសអាចនឹងជ្រើសរើសដើរ បន្តទៅមុខ ក្រោយការស្លាប់របស់លោក Sinwar ក៏ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដូចគ្នាដែរ។ អ្នកវិភាគរូបនេះបានកត់សម្គាល់ថា <<ហាម៉ាសគឺជាអង្គការមួយដែលពឹងផ្អែកលើបុគ្គលជាមេដឹកនាំ។ ម្លោះហើយប្រសិនបើបាត់បង់មេដឹកនាំម្នាក់ដែលមានកេរ្តិ៍ឈ្មោះដូចជាលោក Sinwar នោះវាមិនមែនជារឿងងាយស្រួលនោះទេក្នុងការស្វែងរកមនុស្សដូច ឬប្រហាក់ប្រហែលនឹងលោក Sinwar ប៉ុន្តែ ហាម៉ាសនឹងនៅតែបន្តប្រកាន់ភ្ជាប់នូវគោលការណ៍ដដែល ទោះបីជាពួកគេមិនពង្រឹងគោលជំហររបស់ពួកគេបន្ថែមក៏ដោយ។ បានន័យថាមិនថានរណាឡើងកាន់តំណែងជាមេដឹកនាំថ្មីឡើយ ក៏ហាម៉ាស នឹងនៅតែបន្តរក្សាមនោគមន៍វិជ្ជារបស់លោក Sinwar។ ឧទាហរណ៍៖ មេដឹកនាំសេសសល់របស់ហាម៉ាសទំនងជានឹងមិនលុបចោលសំណើរបស់ពួកគេសម្រាប់បទឈប់បាញ់ជាអចិន្ត្រយ៍នោះទេ ហើយ ក៏ទំនងជានឹងមិនទទួលស្គាល់ការគ្រប់គ្រងជាអចិន្ត្រៃយ៍របស់អ៉ីស្រាអែលលើផ្នែកខ្លះនៃតំបន់ហាហ្សានោះឡើយ។ នេះបើតាម Ibrahim Dalalsha ជានាយកមជ្ឈមណ្ឌ Horizon Center ជាក្រុមស្រាវជ្រាវនយោបាយមួយនៅក្នុងទីក្រុង Ramallah នៃតំបន់ West Bank។

ក៏ប៉ុន្តែលោក Dalalsha បានបញ្ជាក់ថាមេដឹកនាំថ្មីរបស់ហាម៉ាសអាចនឹងមានទំនោរខ្លាំងជាងលោក Sinwar ដើម្បីប្រគល់អំណាចទៅឱ្យរដ្ឋាភិបាលតិចណូក្រាដ (technocratic government) ដែល ដឹកនាំដោយមនុស្សម្នាក់ដែលជាអ្នកជំនាញ ឬជាជនខាងក្រៅដែលមិនមែនមកពីគណបក្សណាមួយ ក្នុងគោលបំណងធានាថាក្រុមហាម៉ាសនៅតែរស់រានមានជីវិតនៅក្រោមទម្រង់ណាមួយ នៅក្នុងតំបន់ ហ្កាហ្សា។ ពួកគេអាចនឹងមានភាពបន់បែនច្រើននៅក្នុងកិច្ចចរចាស្ដីពីចំណាប់ខ្មាំង ឬក៏អាចឈានដល់ការព្រមព្រៀងដោះដូរចំណាប់ខ្មាំងអ៉ីស្រាអែលជាមួយជនជាតិប៉ាឡេស្ទីន កំពុងជាប់ឃុំនៅ អ៉ីស្រាអែល។ មិនតែប៉ុណ្ណោះពួកគេក៏អាចនឹងអត់ឱនចំពោះវត្តមានបណ្ដោះអាសន្នរបស់អ៉ីស្រាអែលនៅហ្កាហ្សាដែរ ប្រសិនបើអ៉ីស្រាអែលសន្យាថានឹងដកចេញជាអចិន្ត្រៃយ៍ពីហ្កាហ្សានៅពេលអនាគត។ នេះបើតាមលោក Dalalsha។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ មិនថាមានការឆ្លើយតបបែបណាពីក្រុមហាម៉ាស និងលោក Netanyahu ទេ ក៏សកម្មភាពរបស់ពួកគេនៅក្នុងតំបន់ហ្កាហ្សា នឹងនៅតែទុកឱ្យជម្លោះរវាងអ៉ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ហាម៉ាស មិនអាចដោះស្រាយបាន។ ការបញ្ចប់សង្រ្គាមនៅហ្កាហ្សា នឹងមិនអាចគ្រប់គ្រងបានភ្លាមៗលើសង្រ្គាមរបស់អ៉ីស្រាអែលជាមួយក្រុមហេសបូឡានៅលីបង់ជាទីដែល ការវាយលុកថ្មើរជើងរបស់អ៉ីស្រាអែលកំពុងធ្វើឡើង ហើយក៏មិនអាចគ្រប់គ្រងជម្លោះរបស់អ៉ីស្រាអែលជាមួយអ៉ីរ៉ង់បាននោះដែរ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...