តុលាការធម្មនុញ្ញថៃ ទស្សនកិច្ចសិក្សានៅក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា

Posted By: RoogRog Robot | 18-Oct-2024 21:28:07

2024-10-18 09:25pm

(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូជាសមាជិកតុលាការធម្មនុញ្ញថៃ ក៏ដូចជាតំណាងជាន់ខ្ពស់នៃអាជ្ញាធរ ស្ថាប័នសិក្សាធិការ និងវិស័យ ឯកជនថៃប្រមាណ ៦០រូប មកបំពេញទស្សនកិច្ចសិក្សានៅក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា។

ក្នុងឱកាសនោះ លោកកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម បានរំឭកអំពីទំនាក់ទំនងរវាងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា និងតុលាការធម្មនុញ្ញថៃ ដែលបានចាប់ផ្តើមជាលើកដំបូងនៅឆ្នាំ២០០៤ ខណៈពេលដែលតុលាការធម្មនុញ្ញព្រះរាជាណាចក្រថៃបានធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដល់លោកសាស្រ្តាចារ្យបណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញថៃ និងជាប្រធានសមាគមតុលាការធម្មនុញ្ញអាស៊ី និងស្ថាប័នប្រហាក់ប្រហែល ហៅកាត់ AACC ដែលបានអញ្ជើញក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយសក្នុងសមាជលើកទី៦ នៃសមាគមតុលាការនេះ កាលពីខែកញ្ញាកន្លងទៅថ្មីៗនេះ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ។

លោកកិត្តិនីតិកោសលបណ្ឌិតប្រធាន បានជម្រាបជូនលោកសាស្រ្តាចារ្យបណ្ឌិតប្រធានតុលាការធម្មនុញ្ញនៃព្រះរាជាណាចក្រថៃថា បច្ចុប្បន្នក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ជាសមាជិកគណៈអចិន្ត្រៃយ៍នៃសមាគមតុលាការធម្មនុញ្ញហ្រ្វង់កូហ្វូន ហៅកាត់ ACCF និងជាសមាជិកសន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញ ហៅកាត់ថា WCCJ ។ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាស្វាគមន៍ចំពោះការពិភាក្សាលើការបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងកម្រិតនិងលក្ខខណ្ឌសមស្របណាមួយ រវាងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា និងតុលាការធម្មនុញ្ញថៃ ដើម្បីចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងល្អ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

លោកសាស្រ្តាចារ្យបណ្ឌិត Nakharin Mektrairat បានថ្លែងអំណរគុណលោកកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ចំពោះការសា្វគមន៍យ៉ាងកក់ក្តៅ និងចំពោះបទបង្ហាញសង្ខេបអំពីប្រវត្តិ រចនាសម្ព័ន្ធ សមត្ថកិច្ច និង សេចក្តីសម្រេចសំខាន់ៗ របស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ។ លោកសាស្រ្តាចារ្យបណ្ឌិត Nakharin Mektrairat បង្ហាញក្តីសោមនស្សរីករាយដែលបានមកធ្វើទស្សនកិច្ចសិក្សានៅក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា និងបានបង្ហាញពីក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងតុលាការធម្មនុញ្ញថៃ និងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដោយបានប្រគល់ភារកិច្ចជូនអគ្គលេខាធិការតុលាការធម្មនុញ្ញថៃ ធ្វើការទំនាក់ទំនងជាមួយអគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា។

បន្ទាប់ពីជំនួបសវនាការរួច ភាគីទាំងពីរបានជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមក ហើយលោកកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម បានបង្ហាញជូនលោកសាស្រ្តាចារ្យបណ្ឌិត Nakharin Mektrairat និងគណៈប្រតិភូអមដំណើរ នូវបន្ទប់សាលសវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលជាអគារប្រវត្តិសាស្រ្ត អតីតព្រះរាជដំណាក់ និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...