អាហ្វ្រិកខាងត្បូងស្នើឱ្យតៃវ៉ាន់ផ្លាស់ប្តូរទីតាំងស្ថានទូត និងប្តូរឈ្មោះវាទៅជាការិយាល័យពាណិជ្ជកម្ម

Posted By: RoogRog Robot | 18-Oct-2024 21:55:36

2024-10-18 09:44pm

(ព្រីតូរីយ៉ា)៖ ប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃសុក្រនេះបានស្នើឱ្យតៃវ៉ាន់ផ្លាស់ប្តូរទីតាំងស្ថានទូតរបស់ខ្លួនចេញពីរដ្ឋធានីព្រីតូរីយ៉ា (Pretoria) ទៅកាន់ទីក្រុងយ៉ូហានណេសបឺក (Johannesburg) ដោយអះអាងថា វាជាការអនុវត្តការទូតស្តង់ដារ ចាប់តាំងពីប្រទេសនេះបានផ្តាច់ទំនាក់ទំនងនយោបាយ និងការទូតជាមួយតៃវ៉ាន់ក្នុងឆ្នាំ ១៩៩៧។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។

នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការរបស់ប្រទេសអាហ្រ្វិកខាងត្បូងបាននិយាយថា ការិយាល័យទំនាក់ទំនងរបស់តៃប៉ិក្នុងទីក្រុងព្រីតូរីយ៉ា នឹងត្រូវប្តូរឈ្មោះជាការិយាល័យពាណិជ្ជកម្ម និងផ្លាស់ប្តូរទៅកាន់រដ្ឋធានីពាណិជ្ជកម្ម Johannesburg ។

ការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងសម្ពាធពីប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាហ្វ្រិកខាងត្បូង។

តៃវ៉ាន់បានចោទប្រកាន់ថា អាហ្វ្រិកខាងត្បូងបានឱនក្បាលទទួលយកសម្ពាធពីទីក្រុងប៉េកាំង ដោយលះបង់ទំនាក់ទំនងមិត្តភាពដែលមានស្រាប់។ ក្រសួងការបរទេសតៃវ៉ាន់បានបង្ហាញការខកចិត្តចំពោះការសម្រេចចិត្តនេះ ដោយព្រមានថា វាអាចនឹងប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។

រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា ការផ្លាស់ប្តូរទីតាំងស្ថានទូតគឺជារឿងធម្មតាក្នុងការទូត និងស្របតាមគោលនយោបាយ <<ចិនតែមួយ>> របស់ខ្លួន។ អាហ្វ្រិកខាងត្បូងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន។

ប្រទេសចិនបានសម្តែងការស្វាគមន៍ចំពោះការសម្រេចចិត្តរបស់អាហ្វ្រិកខាងត្បូង ដោយចាត់ទុកថាវាជាជំហានមួយដ៏ត្រឹមត្រូវក្នុងការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ ក្រសួងការបរទេសចិនបានសង្កត់ធ្ងន់លើសារៈសំខាន់នៃគោលនយោបាយ <<ចិនតែមួយ>> ក្នុងការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរទីតាំងស្ថានទូតតៃវ៉ាន់នៅអាហ្វ្រិកខាងត្បូង បានឆ្លុះបញ្ចាំងពីឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ប្រទេសចិននៅលើឆាកអន្តរជាតិ និងបញ្ហាប្រឈមដែលតៃវ៉ាន់កំពុងប្រឈមមុខក្នុងការរក្សាទំនាក់ទំនងការទូតជាមួយប្រទេសដទៃទៀត៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...