និយ័តករគណនេយ្យ និងសវនកម្មនៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារបើកវេទិកាជាតិគណនេយ្យ២០២៤ ក្រោមប្រធានបទ «តួនាទីនៃគណនេយ្យ និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ចក្ខុវិស័យឆ្នាំ២០៣០»

Posted By: RoogRog Robot | 18-Oct-2024 18:46:37

2024-10-18 06:45pm

(ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំវេទិកាជាតិគណនេយ្យ២០២៤ ក្រោមប្រធានបទ <<តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ចក្ខុវិស័យឆ្នាំ២០៣០>> កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ។ វេទិកាជាតិគណនេយ្យ២០២៤ ក្រោមប្រធានបទ <<តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ចក្ខុវិស័យឆ្នាំ២០៣០>> នេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឲ្យលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការអញ្ជើញចូលរួមដោយលោក លោកស្រី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា និងមានការចូលរួមពីសំណាក់សហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ប្រមាណ១,៣៥០នាក់។

លោក ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម បានសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅដល់លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានអញ្ជើញជាអធិបតីក្នុងការបើកកម្មវិធី <<វេទិកាជាតិគណនេយ្យ២០២៤ ក្រោមប្រធានបទ តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ចក្ខុវិស័យឆ្នាំ២០៣០>> និងលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី និងតំណាងសហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលបានចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នេះ។

លោកអគ្គនាយក បានបន្ថែមទៀតថា ការទទួលស្គាល់ពីសារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថល រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសដាក់ឱ្យអនុវត្ត <<យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១>> ក្នុងនោះ <<បច្ចេកវិទ្យា>> គឺគោលដៅអាទិភាពថ្មីមួយដែលបានកំណត់នៅក្នុងបញ្ចកោណទី៥ <<ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល>> និង “<<ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥>> ផងដែរ។ ស្របគ្នានេះ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ និងសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា២០២៥-២០៣៥ គឺជាធាតុចូលសំខាន់មួយក្នុងការសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្ររបស់វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ដែលធ្វើឱ្យប្រព័ន្ធគណនេយ្យនិងសវនកម្មជាតិកាន់តែមានភាពរឹងមាំ និងអាចជឿទុកចិត្តបាន ក្នុងបរិការណ៍សេដ្ឋកិច្ចឌីជីថលនេះ។ ក្នុងរយៈពេលជាង៤ឆ្នាំ ចុងក្រោយនេះ និយ័តករគណនេយ្យនិងសវនកម្មបានសម្រេចសមិទ្ធផលការងារសំខាន់ៗរួមមាន ការកើនឡើងនូវការយល់ដឹងនិងកម្រិតអនុលោមភាពលើច្បាប់ លិខិតបទដ្ឋាន ស្តង់ដាគណនេយ្យពីសំណាក់វិនិយោគិន ធុរជន និងសាធារណជន និងភាពប្រសើរឡើងនៃគុណភាពក្នុងការផ្ដល់សេវាគណនេយ្យនិងសវនកម្ម។

និយ័តករគណនេយ្យនិងសវនកម្ម បានរៀបចំ និងដាក់ឱ្យអនុវត្តសេវាសាធារណៈរបស់ខ្លួនតាមប្រព័ន្ធឌីជីថលរួមមាន៖ ១.ប្រព័ន្ធគ្រប់គ្រងការដាក់របាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ(E-Filing) សម្រាប់សហគ្រាស និង អង្គភាពមិនស្វែងរកប្រាក់ចំណេញ, ២.ប្រព័ន្ធគ្រប់គ្រងការស្នើសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្មតាមប្រព័ន្ធអនឡាញ (E-License) និង៣.ប្រព័ន្ធគ្រប់គ្រងឯកសារចេញ-ចូល ព្រមទាំងត្រៀមដាក់ឱ្យអនុវត្តនូវប្រព័ន្ធសទ្ទានុក្រមគណនេយ្យ និងសវនកម្មតាមទូរស័ព្ទវៃឆ្លាត និង៤.ថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល សម្រាប់សហគ្រាសធុនតូចនិងមធ្យម និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលនឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

លោកអគ្គនាយក បានគូសបញ្ជាក់ថា ថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល ត្រូវបានកំណត់ច្បាស់នៅក្នុងសេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា២០២៥-២០៣៥ ដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ កាលពីថ្ងៃទី១៧ ខែសីហា គ.ស.២០២៤ កន្លងទៅនេះ។

លោកអគ្គនាយក បានលើកឡើងពីអត្ថប្រយោជន៍ដោយសង្ខេបនៃថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល សម្រាប់សហគ្រាសធុនតូចនិងមធ្យម និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ រួមមាន៖១.កាត់បន្ថយចំណាយ និងជួយសម្រួលដល់ដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងកំណត់សម្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកតាមទម្រង់ឌីជីថល និងប្លង់គណនីស្ដង់ដា (Standard Chart of Accounts)។

២.បង្កើនកម្រិតអនុលោមភាព ដោយកាត់បន្ថយកំហុសឆ្គងក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកទៅលើគោលការណ៍ផ្ទៀងផ្ទាត់អនុលោមភាពដោយស្វ័យប្រវត្តិក្នុងរៀបចំរបាយការណ៍ហិរញ្ញវត្ថុបែបឌីជីថល។៣.បង្កើនគុណភាពនៃរបាយការណ៍ហិរញ្ញវត្ថុដែលអនុលោមតាមស្តង់ដាគណនេយ្យ ផ្អែកតាមវត្តិករសាស្រ្តគណនេយ្យរបស់ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ (IFRS Taxonomy)។៤.បង្កើនគុណភាពព័ត៌មានហិរញ្ញវត្ថុ ដែលជាមូលដ្ឋានក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ ដោយផ្អែកតាមការវិភាគអនុបាតហិរញ្ញវត្ថុ (Financial Benchmarking) ក្នុងការប្រៀបធៀបថ្នាក់វិស័យ និងប្រទេស៥.បង្កើនលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដោយប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដែលបានដាក់បញ្ជូនមកនិយ័តករគណនេយ្យនិងសវនកម្ម ក្នុងទម្រង់ឌីជីថល។

លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងវាយតម្លៃខ្ពស់ចំពោះនិយ័តករគណនេយ្យនិងសវនកម្ម, វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា និងសមាគមគណនេយ្យករជំនាញ ACCA ដែលបានផ្តួចផ្តើម និងសហការរៀបចំវេទិកាជាតិដ៏មានសារៈសំខាន់នេះឡើង។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ព័ត៌មានដល់ភាគីពាក់ព័ន្ធ អំពីវឌ្ឍនភាពថ្មីៗក្នុងវិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា និងដើម្បីប្រមូលធាតុចូលបន្ថែមជាមូលដ្ឋាន ក្នុងការរៀបចំនិងការកែលម្អក្របខ័ណ្ឌគោលនយោបាយ យុទ្ធសាស្ត្រ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យគណនេយ្យ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសក្នុងការពង្រឹងតួនាទីនិយ័តករនិងគណនេយ្យករជំនាញ ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ របស់ប្រទេសកម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។

ដើម្បីសម្រេចបានចក្ខុវិស័យនេះ លោកបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យគណនេយ្យនិងសវនកម្ម យកចិត្តទុកដាក់លើការងារសំខាន់ៗចំនួន៤ដូចខាងក្រោម៖១.រៀបចំស្តង់ដាគណនេយ្យ និងស្តង់ដាសវនកម្ម គោលនយោបាយច្បាប់ និងបទប្បញ្ញត្តិគណនេយ្យ និងសវនកម្ម ត្រូវធានាឱ្យបាននូវគោលការណ៍ សមភាពនិងសមធម៌ ដោយផ្អែកលើទំហំសហគ្រាស និងវិស័យអាជីវកម្មស្របជាមួយឧត្តមានុវត្តន៍អន្តរជាតិ និងនិន្នាការសកលភាវូបនីយកម្មនិងតំបន់ភាវូបនីយកម្មនៃការអភិវឌ្ឍវិស័យគណនេយ្យ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ និយ័តករគណនេយ្យនិងសវនកម្ម និងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា ត្រូវអនុវត្តយុទ្ធសាស្ត្រនិងផែនការអភិវឌ្ឍន៍វិស័យនេះ ប្រកបដោយស្មារតីសកម្ម និងបុរេសកម្ម ភាពម្ចាស់ការ និងទទួលខុសត្រូវខ្ពស់។២. បន្តរួមគ្នាជំរុញនិងលើកកម្ពស់កម្រិតអនុលោមភាពគតិយុត្ត (Legal Compliance) និងអនុលោមភាពបច្ចេកទេស(Technical Compliance)ដើម្បីបង្កើនទំនុកចិត្តនិងធានាស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា និងលើកកម្ពស់បរិយាកាសវិនិយោគ ដោយធានាថាទីផ្សារមូលធន និងហិរញ្ញវត្ថុរបស់ជាតិ ដំណើរការប្រកបដោយប្រសិទ្ធភាព ហើយធុរជន និងវិនិយោគិនមានទំនុកចិត្តលើភាពត្រឹមត្រូវនៃទិន្នន័យហិរញ្ញវត្ថុ។៣.ប្រកាន់យកអភិក្រម៣ គឺទទួលយក​(Adopt) បន្សាំ (Adapt) និងនវានុវត្តន៍បន្ថែម (Innovate future) ក្នុងការជំរុញបរិវត្តកម្មឌីជីថល លើសេវាគណនេយ្យនិងសវនកម្ម។ អភិក្រមទាំនេះ និងផ្ដល់ឱកាសឱ្យយើងអាចរៀនសូត្រ ដកស្រង់បទពិសោធន៍ បន្សាំ និងកែសម្រួលដើម្បីបង្កើតជាមូលដ្ឋានសម្រាប់គាំទ្រនវានុវត្តន៍ក្នុងវិស័យនេះ។៤.កំណត់អាទិភាពឱ្យបានច្បាស់លាស់លើការវិនិយោគជាយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍមូលធនមនុស្សជាគណនេយ្យករជំនាញ និងឃ្នាស់បច្ចេកវិទ្យា (Key Technologies) ដែលត្រូវការចាំបាច់ក្នុងការកសាង និងការអភិវឌ្ឍន៍វិស័យគណនេយ្យ និងរក្សាបាននូវស្តង់ដាខ្ពស់បំផុតនៃគុណភាពរបាយការណ៍ហិរញ្ញវត្ថុ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...