ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារ និងពិសារអាហារមិត្តភាព ជាមួយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារ និងជារដ្ឋមន្ត្រីកិច្ចការសាសនាឥស្លាមសិង្ហបុរី

Posted By: RoogRog Robot | 18-Oct-2024 17:12:23

2024-10-18 05:05pm

(សិង្ហបុរី)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារ និងពិសារអាហារមិត្តភាព ជាមួយលោកបណ្ឌិត Masagos Zulkifli Mohamad រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារ, រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនាឥស្លាម និងជារដ្ឋមន្ត្រីទីពីរក្រសួងសុខាភិបាល នៃប្រទេសសិង្ហបុរី នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិលើកទី២ ស្ដីពី <<ភាពជោគជ័យនៃសហគមន៍>> ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី។

ក្នុងឱកាសនោះ លោកបណ្ឌិត Masagos Zulkifli Mohamad បានចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងកិច្ចការឥស្លាម និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាឥស្លាមសិង្ហបុរី (MUIS)។ លោកបញ្ជាក់ថា ប្រទេសសិង្ហបុរីមានច្បាប់ស្តីពីរដ្ឋបាលមុស្លិម (AMLA) ដែលគ្របដណ្តប់លើការងារគ្រប់គ្រងកិច្ចការឥស្លាមរួមមាន ការគ្រប់គ្រងហាជ្ជី (ធម្មយាត្រា) វិហារ សាលារៀនឥស្លាម ហិរញ្ញវត្ថុឥស្លាមដូចជា ហ្សាកាត់ និងការគ្រប់គ្រងគរុភ័ណ្ឌ (WAKAF) ព្រមទាំងស្តង់ដាហាឡាលផងដែរ។

បច្ចុប្បន្ននេះ តម្លៃទ្រព្យគរុភ័ណ្ឌសរុបមានចំនួន១,០០០លានដុល្លារ ហើយការបរិច្ចាគ (ហ្សាកាត់) ដែលប្រមូលបាននៅឆ្នាំ២០២៣កន្លងទៅ មានចំនួន៦៥លានដុល្លារ សម្រាប់ចែកជូននជនក្រីក្រ និងបម្រើវិស័យផ្សេងៗស្របតាមច្បាប់ឥស្លាម។

លោកបណ្ឌិត Masagos ថ្លែងបន្ថែមថា នឹងគាំទ្រខាងផ្នែកបច្ចេកទេសដល់ដំណើរការនៃការរៀបចំ និងប្រព្រឹត្តិទៅនៃការងារគ្រប់គ្រងកិច្ចការឥស្លាមនៅកម្ពុជា។ លើសពីនេះទៅទៀត លោករដ្ឋមន្ត្រីក៏បានលើកឡើងអំពីព័ត៌មានអាហារូបករណ៍អាស៊ាន (ASEAN Scholarship) ព្រមទាំងបានលើកទឹកចិត្តដល់សិស្សានុសិស្សកម្ពុជា យកចិត្តទុកដាក់តាមដានអំពីឱកាសមួយនេះ និងដាក់ពាក្យប្រឡងក្នុងកម្មវិធីនេះ ដើម្បីបន្តការសិក្សានៅកម្រិតវិទ្យាល័យ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងថា កម្ពុជាក៏មានទ្រព្យសម្បត្តិគរុភ័ណ្ឌសាសនាមួយចំនួនមិនតិចជាង៥០០លានដុល្លារដែរ ដែលមួយចំនួនគ្រប់គ្រងដោយសមាគម អង្គការ ឬជាបុគ្គល គ្រាន់តែទីតាំងដី វិហាររបឹងកក់តែមួយនេះក៏មានតម្លៃជិត ១០០លានដុល្លារទៅហើយ គ្រាន់តែកម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រង ស្ដីពីសម្បត្តិគរុភ័ណ្ឌឥស្លាមសាសនា ជារបស់សហគមន៍ឥស្លាមទូទៅ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណដល់រដ្ឋមន្ត្រី Masagos Zulkifli Mohamad ដែលកន្លងមកបានគាំទ្រក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា និងបានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងយុវជនមូស្លិមកម្ពុជាបានចូលរួមកម្មវិធី COSP លើកទី១ឆ្នាំ២០២៣ និងលើកទី២ ដែលគ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខនេះ៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...