អាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន​ និងរុស្ស៉ី ពាក់ព័ន្ធនឹងដ្រូន ដែលត្រូវគេប្រើក្នុងសង្រ្គាម

Posted By: RoogRog Robot | 18-Oct-2024 11:33:39

2024-10-18 11:27am

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនចំនួន ២ និងក្រុមហ៊ុនសាខាមួយនៅរុស្ស៉ី ពាក់ព័ន្ធនឹងការផលិត ដឹកជញ្ជូនយន្តហោះដ្រូន ដែលត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារ ហើយព្រមានប្រទេសទាំងពីរ ឱ្យបញ្ឈប់កិច្ចសហប្រតិបត្តិការ ដែលមានលក្ខណៈជំរុញកិច្ចខិតខំប្រឹងប្រែង ធ្វើសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ ២០២៤។

តាមក្រសួងការបរទេសអាមេរិក ទណ្ឌកម្មថ្មីត្រូវបានដាក់លើក្រុមហ៊ុនចិន Xiamen Limbach Aircraft Engine Co Ltd ដែលជួយផ្តល់ម៉ាស៉ីនសម្រាប់ផលិតយន្តហោះដ្រូន Garpiya រយៈចម្ងាយឆ្ងាយរបស់រុស្ស៉ី។ ក្រុមហ៊ុន Redlepus Vector Industry Shenzhen Co Ltd ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ក៏ត្រូវរងនូវទណ្ឌកម្មថ្មីនេះផងដែរ សម្រាប់ការដឹកជញ្ជូនយន្តហោះដ្រូន ទៅឱ្យក្រុមហ៊ុនសាខា នៅរុស្ស៉ី។

អ្នកនាំពាក្យស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៉ីនតោន លោក Liu Pengyu បានលើកឡើងនូវការជំទាស់របស់ទីក្រុងប៉េកាំង ចំពោះទណ្ឌកម្មនេះ ហើយថា ចិនកំពុងដោះស្រាយការនាំចេញផលិតផលយោធា ប្រកបដោយទំនួលខុសត្រូវ។ ដោយឡែក ក្រុមហ៊ុនចិនទាំងពីរ ក៏ដូចជារដ្ឋាភិបាលរុស្ស៉ី មិនទាន់មានការអត្ថាធិប្បាយនៅឡើយទេ។

គួរបញ្ជាក់ថា ដ្រូន កំពុងបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងគោលដៅប្រឆាំងយោធា និងជនស៉ីវិល ក្នុងសង្រ្គាមអ៊ុយក្រែន។ Reuters បានរាយការណ៍ដំបូងគេ កាលពីខែមុន ថាផលិតផលដ្រូនថ្មីៗរបស់រុស្ស៉ី ត្រូវបានផលិតដោយបំពាក់គ្រឿង និងម៉ាស៉ីន នាំចូលពីចិន៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...