ហេសបូឡា ប្រកាសពង្រីកសង្រ្គាមជាមួយអ៉ីស្រាអែល ក្រោយការសម្លាប់មេដឹកនាំហាម៉ាស

Posted By: RoogRog Robot | 18-Oct-2024 11:05:21

2024-10-18 10:59am

(ហ្ស៊េរុយសាឡិម)៖ ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ នៅថ្ងៃសុក្រ ទី១៨ ខែតុលានេះបាននិយាយថាខ្លួនបានឈានចូលក្នុងដំណាក់កាលថ្មីមួយនៅក្នុងសង្រ្គាមប្រឆាំងអ៉ីស្រាអែល ជាមួយការប្រើប្រាស់មីស៊ីលបំពាក់ប្រព័ន្ធកំណត់គោលដៅជាក់លាក់ប្រឆាំងកងទ័ពអ៉ីស្រាអែលជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ហេសបូឡា បានគូសបញ្ជាក់ដូច្នេះថា <<ហេសបូឡាបានប្រកាសពីការផ្លាស់ប្ដូរពីអន្តរកាល ទៅជាដំណាក់កាលថ្មី និងបង្កើនជម្លោះនៅក្នុងការប្រឈមមុខ ជាមួយអ៉ីស្រាអែលដែលជាសត្រូវ ហើយដែលនឹងឆ្លុះបញ្ចាំងពីការវិវត្តន៍ និងព្រឹត្តការណ៍នៅប៉ុន្មានថ្ងៃខាងមុខ>>។ ការប្រកាសបែបនេះរបស់ហេសបូឡា ធ្វើឡើងបន្ទាប់ពីអ៉ីស្រាអែល កាលពី ថ្ងៃព្រហស្បតិ៍ម្សិលមិញ បានអះអាងថាមេដឹកនាំហាម៉ាស លោក Yahya Sinwar ដែលជាស្ថាបនិកការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលនាំទៅរកការផ្ទុះសង្រ្គាមនៅ ហ្កាហ្សា និងជាសម្ព័ន្ធមិត្តរបស់ហេសបូឡាផងនោះ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាមួយរបស់ទាហានអ៉ីស្រាអែលនៅភាគខាងត្បូងហ្កាហ្សា កាលពីថ្ងៃពុធកន្លងទៅ។

ចំណែក អ៉ីរ៉ង់វិញក៏បានបញ្ជាក់ដែរថាស្មារតីនៃចលនាតស៊ូ នឹងកាន់តែរឹងមាំ បន្ទាប់ពីការស្លាប់របស់លោក Yahya Sinwar។

គួរបញ្ជាក់ថា មេដឹកនាំលោកខាងលិច បានចាត់ទុកថាការស្លាប់របស់លោក Yahya Sinwar គឺជាឱកាសមួយដើម្បីបញ្ចប់សង្រ្គាមនៅហ្កាហ្សា ប៉ុន្តែនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាសង្រ្គាមនឹងនៅតែបន្តធ្វើឡើង រហូតទាល់តែចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...