សម្តេចរដ្ឋសភាធិបតី លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព

Posted By: RoogRog Robot | 23-Nov-2024 20:31:02

2024-11-23 08:24pm

(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព(IPTP) បានអនុញ្ញាតឱ្យលោកស្រី អារ ស៊ីទី រ៉ូសាយមេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ (Ar. Siti Rozaimeriyanty Dato Haji Abdul Rahman ) អគ្គលេខាធិការអន្ដរសភាអាស៊ាន (អាយប៉ា/AIPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពេលដែលលោកស្រី បានអញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃIPTP ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា វត្តមានដ៏ថ្លៃថ្លារបស់លោកស្រីអគ្គលេខាធិការ AIPA នៅក្នុងព្រឹត្តិការណ៌ IPPT នាពេលនេះពិតជាមានសារៈសំខាន់ ព្រោះមិនត្រឹមតែបង្ហាញពីការគាំទ្រយ៉ាងសកម្មដល់របស់អង្គការអន្តរសភាមួយនេះប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីឆន្ទះ និងការប្តេជ្ញាចិត្តដ៏មោះមុតក្នុងកិច្ចការពារសន្តិភាព និងវិបុលភាពជូនប្រជាជនក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូលរបស់អន្តរសភាអាស៊ានផងដែរ។

នៅក្នុងសម័យប្រជុំលើកទី១១សភាអន្តរជាតិដើម្បីភាពអត់ឱន(IPTP) និងសន្តិភាពដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ អន្តរសភាអាស៊ាន (AIPA)នឹងចុះអនុស្សារណៈយោគយល់គ្នា ជាមួយនិង IPTP ។ អនុស្សារណៈនៃការយោគយល់នេះ នឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការរួមចំណែកបង្កើនឥទ្ធិពលកាន់តែខ្លាំងឡើងសម្រាប់សន្តិភាពនៅក្នុងតំបន់និងពិភពលោក។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា អនុស្សារណៈយោគយល់គ្នានេះ ក៏នឹងបើកឱកាសថ្មីសម្រាប់ AIPA ក្នុងការចូលរួមជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត សំដៅទាញផលប្រយោជន៌ដល់អាយប៉ា ក៏ដូចជាសភាសមាជិកអាយប៉ាផងដែរ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងចំពោះលទ្ធផលការងាររបស់លោកស្រីនៅក្នុងការដឹកនាំអគ្គលេខាធិការដ្ឋានអាយប៉ាកន្លងមកទទួលបានជោគជ័យជាច្រើន ។ សម្តេចបានកត់ម្គាល់ថា សំឡេង និងឥទ្ធិពលរបស់ AIPA បានកើនឡើងយ៉ាងខ្លាំង ដូចដែលបានបង្ហាញតាមរយៈការកើនឡើងនៃចំនួនសភាសង្កេតការណ៍របស់ AIPA មានចំនួនកើនឡើង ហើយ AIPA បានចូលរួមយ៉ាងសកម្មនៅលើវេទិកាតំបន់ អន្តរជាតិ និងសកលលោក ពិសេសការលើកកម្ពស់ស្រ្តី និងយុវជន ដែលជាធនធានដ៏មានសក្តានុពល នៅក្នុងការអភិវឌ្ឍនិងសន្តិភាព។

លោកស្រី អារ ស៊ីទី រ៉ូសាយមេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ ថ្លែងអំណរជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយលោកស្រី និងសហការីនៅក្នុងឱកាសនេះ។ លោកស្រីអគ្គលេខាធិការអាយប៉ា បានថ្លែងការកោតសរសើរចំពោះការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភា ពិសេសការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ប្រកបដោយខ្លឹមសារនិងអត្ថន័យ នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ នៅប្រទេសឡាវកន្លងមកនេះ។

លោកស្រី អារ ស៊ីទី រ៉ូសាយមេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ ក៏បានវាយតម្លៃខ្ពស់និងកោតសរសើរដល់ការផ្តួចផ្តើមជាច្រើនរបស់កម្ពុជា នៅក្នុងការលើកកម្ពស់តួនាទីរបស់អាយប៉ា ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអាយប៉ាក្នុងការសម្រេចបាននូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...