សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ី CT Corp ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា

Posted By: RoogRog Robot | 23-Nov-2024 07:40:13

2024-11-23 07:38am

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Chairul Tanjung ប្រធានសម្ព័ន្ធក្រុមហ៊ុន CT Corp ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន​សន្តិភាព។

ក្នុងឱកាសនៃជំនួបនោះ លោក​ប្រធានសម្ព័ន្ធក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេច​បវរ​ធិបតីថា CT Corp គឺជាសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំមួយ ដែលមានប្រតិបត្តិការ​អាជីវកម្មចម្រុះជាច្រើន ជាពិសេសលេីវិស័យហិរញ្ញវត្ថុ, សួនកំសាន្ត, អចលនទ្រព្យ, សណ្ឋា​គារ, និងផ្សារទំនើប។ លោកប្រធានបានកោតសរសើរការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងគូសបញ្ជាក់អំពីចំណាប់អារម្មណ៍របស់ស​ម្ព័ន្ធ​ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន​ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ថា កម្ពុជាមានវិស័យសក្តា​នុពល និងកាលានុវត្តភាពជាច្រើនសម្រាប់ក្រុមហ៊ុន ក្នុងទីផ្សារនាំចេញ និងទីផ្សារ​ក្នុង​ស្រុក។ សម្ដេចបវរធិបតី បានចែករំលែកអំពីគោលនយោបាយ វិធានការ និងគំនិតផ្តួច​ផ្តើមសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្ត និងធានាបរិស្ថានធុរកិច្ច​ ការវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាមានការតភ្ជាប់ទីផ្សារយ៉ាងទូលំទូលាយក្នុងតំបន់ និងពិភពលោក ជាពិសេស តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន​។

សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា និងលោកប្រធានសម្ព័ន្ធក្រុមហ៊ុនបានផ្លាស់​ប្តូរ​យោបល់គ្នាលើកាលានុវត្តភាព និងវិស័យសក្តានុពលមួយចំនួន រួមមាន៖ វិស័យហិរញ្ញ​វត្ថុ,​ អចលនទ្រព្យ, កសិកម្ម​ និងកសិ-ឧស្សាហកម្ម, អប់រំ,​ បច្ចេកវិទ្យា,​ ទេសចរណ៍, សួន​កំសាន្ត, សណ្ឋាគារ,​ ផ្សារទំនេីប ជាដើម។

សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សា​ជាមួយក្រសួង-ស្ថាប័ន​ពាក់​ព័ន្ធរបស់កម្ពុជា ក៏ដូចជាដៃគូអាជីវកម្មក្នុងស្រុក​ ដើម្បីចាប់យកឱកាស​វិនិយោគ​នៅកម្ពុជា​៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...