ថ្នាក់ដឹកនាំក្រសួងសុខាភិបាល កោតសរសើរពីការរីកចម្រើន របស់មន្ទីរពេទ្យបង្អែកស្រុក​ចំនួន១១​ នៅក្នុងខេត្តព្រៃវែង​ និងណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព

Posted By: RoogRog Robot | 23-Nov-2024 11:17:03

2024-11-23 11:14am

(ព្រៃវែង​)៖ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានថ្លែងនូវការកោតសរសើរ ពីការរីកចម្រើនរបស់មន្ទីរពេទ្យបង្អែកស្រុកចំនួន១១​ នៅក្នុងខេត្តព្រៃ​វែង​ និងណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព។

ការថ្លែងនូវការកោតសរសើរ និងជំរុញបន្ថែមនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ​ចុះ​ពង្រឹង​គុណភាព​សេវា​មន្ទីរពេទ្យ​បង្អែក​ស្រុក​ទាំង​១១​ ក្នុង​ខេត្ត​ព្រៃវែង​​ ក្រោម​អធិបតីភាព​លោក​បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​លោក​ឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល នៅមន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង​ នាថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០២៤​។

សូម​ជម្រាបថា ដោយទទួលបានការណែនាំពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក​បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវា មន្ទីរពេទ្យបង្អែកស្រុកចំនួន១១ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត​ព្រៃវែង​ ចាប់​ពី​ថ្ងៃទី៤​ដល់​ ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ឆ្នាំ២០២៤​។ ​មន្ទីរពេទ្យ​ទាំងនោះ​មាន មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ មន្ទីរពេទ្យ​បង្អែក​ពាមជរ មន្ទីរពេទ្យ​បង្អែក​កំពង់​ត្របែក​ មន្ទីរពេទ្យ​ព្រះស្តេច​ មន្ទីរពេទ្យ​បាភ្នំ​មន្ទីរពេទ្យ​បង្អែកពារាំង​​ មន្ទីរពេទ្យ​បង្អែក​ស្វាយ​អន្ទរ​ មន្ទីរពេទ្យ​បង្អែក​កញ្ជ្រៀច​ មន្ទីរពេទ្យ​បង្អែក​កំចាយ​មារ​ និង​មន្ទីរ​ពេទ្យ​បង្អែក​ស៊ី​ធរ​កណ្តាល​។

លោក​បណ្ឌិត​ កែរ​ រដ្ឋា​ បាន​ជម្រាប​ថា​ ការ​ចុះ​ពង្រឹង​គុណភាព​សេវា​មន្ទីរពេទ្យ​បង្អែក​ស្រុក​នេះ​ ផ្តោត​ទៅ​លើ​ចំណុច​ធំៗ​ចំនួន​ ៧​គឺ​៖១-ហេដ្ឋារចនាសម្ព័ន្ធ​ និង​រថយន្ត​គិលានសង្គ្រោះ​២-ធនធាន​មនុស្ស​ និង​ការ​គ្រប់គ្រង​៣-សេវា​គ្លីនិក​៤-ឧបករណ៍​បរិក្ខារ​ និង​ឱសថ​៥-ការ​បង្ការ​ និង​ការ​ត្រួតពិនិត្យ​ការ​ចម្លង​រោគ​៦-ការ​លើក​កម្ពស់​គុណភាព​សេវា​៧-លក្ខខណ្ឌ​ច្បាប់​ និង​រដ្ឋបាល​

​សមាសភាពចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​មាន​ លោក​វេជ្ជបណ្ឌិត សេង​ បញ្ញា​ឫទ្ធិ​ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អស់​លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធាន អនុប្រធានការិយាល័យទាំង៤ លោក​ស្រី​ប្រធាន​មន្ទីរ​ពេទ្យ​ខេត្ត​ លោក​ លោកស្រី​អភិបាល​រងស្រុក​ចំនួន​១១​ ប្រធាន អនុប្រធាន​ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង១១ និងលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកទាំង១១។

ក្នុងឱកាសបំពេញបេសកកម្មនេះ លោក​បណ្ឌិត កែរ រដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃ​វែង​ ដែលបានលះបង់ខ្ពស់ ក្នុងការងារបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោក​បណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា ក្រុមការងារចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក ​ក្នុងមួយឆ្នាំចុះ ២ដង នេះជាលើកទី៣ហើយ ដែល​ក្រុម​ការងារ​បានចុះមកខេត្តព្រៃវែង​។ លោក​បណ្ឌិតបានកោតសរសើរ អំពីការរីកចម្រើន របស់មន្ទីរពេទ្យបង្អែកនីមួយៗ បើប្រៀបធៀបនឹងការពិនិត្យ២លើ​កកន្លងមក។

លោក​បណ្ឌិត កែរ រដ្ឋា បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧នេះ កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅក្នុង​នោះ​ មុំទី៣ នៃយុទ្ធសាស្ត្រ ផ្តោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។

ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាល ស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។ អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព៕




































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...