Fresh Exclusive: រឿងជួបប្រទះមួយពេលស្នាក់នៅសណ្ឋាគារបុរាណលើកំពូលភ្នំ៖ តើពិតជាមានអមនុស្ស មែនឬយ៉ាងណា? (Video inside)

Posted By: RoogRog Robot | 23-Nov-2024 12:17:46

2024-11-23 12:12pm

(ខ្វាងស៊ី-ចិន)៖ ដំណើរចូលរួមការសិក្សាស្រាវជ្រាវអំពីមរតកវប្បធម៌ចិន-អាស៊ាន នៅក្នុងខេត្តក្វាងស៊ី បាន ជួបប្រទះនឹងហេតុការណ៍ខ្មោចលងមួយនៅក្នុងបន្ទប់សណ្ឋាគារបុរាណ។ លោកម៉ារ យ៉ា រិទ្ធិ ដែលរួមដំណើរក្នុងការសិក្សានិងស្រាវជ្រាវក្នុងពេលនោះ ធ្វើរបាយការណ៍...

ប្រហែលជាការរៀបរាប់បន្តិចទៀតទៅនេះ នឹងមិនមានអ្នកជឿទៅលើរឿងខ្មោច ឬអមនុស្សឡើយ ប៉ុន្តែវាជារឿងមួយ ដែលបានកើតឡើងចំពោះ យុវជនខ្មែរម្នាក់ដែលបានចូលរួមក្នុងដំណើរស្រាវជ្រាវវប្បធម៌ដ៏យូរលង់របស់ចិន-អាស៊ាន ក្នុងពេលថ្មីៗកន្លងមកនេះ។ ខ្ញុំក៏បានស្ថិតក្នុងចំណោមគណៈប្រតិភូនោះផងដែរ។

យុវជនអាយុ២២ឆ្នាំ ឈ្មោះក្រៅ Jason បានរួមដំណើរជាមួយនឹងក្រុម Think Tank, ក្រុមស្រាវជ្រាវ, ក្រុមជំនាញ និងក្រុមយុវជនអាស៊ាន-ចិន ក្នុងព្រឹត្តិការណ៍ <<កិច្ចសន្ទនាស្តីពីមរតកវប្បធម៌ចិន-អាស៊ាន>> រយៈពេល៥យប់៦ថ្ងៃនៅក្នុងទឹកដីនៃខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន រវាងពីថ្ងៃទី១៦ ដល់២០ វិច្ឆិកា ឆ្នាំ២០២៤។

<<កិច្ចសន្ទនាស្តីពីមរតកវប្បធម៌ចិន-អាស៊ាន>> ដែលរួមមានការស្រាវជ្រាវអំពីប្រវត្តិអាថ៌កំបាំង នានា ដែលខ្លះក៏ត្រូវបានក្រុមអ្នកប្រាជ្ញបកស្រាយបាន និងខ្លះនៅមិនទាន់បកស្រាយបាននៅឡើយនោះ ត្រូវបានគេរៀបរាប់ និងដំណាលប្រាប់ក្នុងពេលធ្វើទស្សនកិច្ចតាមគោលដៅផ្សេងៗ ជាពិសេសដំណើរ ទស្សនកិច្ចមួយក្នុងតំបន់ជ្រលងភ្នំហួសាន Huashan Rock Art Area ដែលជាតំបន់ប្រវត្តិសាស្ត្ររបស់ចិន លាតសន្ធឹងតាមដងស្ទឹងមួយ ជាមួយនឹងអាថ៌កំបាំងនៃអក្សរ និងរូបគំនូរពណ៌ក្រហម ជាប់នៅលើជញ្ជាំងដែលមានប្រវត្តិពាន់ឆ្នាំរួចមកហើយ។

តំបន់ភ្នំហួសាន Huashan Rock Art Area ត្រូវបានរំលេចជារូបនិងអក្សរសរសេរនៅលើជ្រលងជ្រោះចោតដ៏ជ្រៅមួយនាភាគខាងលិចទន្លេ Ming River ក្នុងទំហំប្រមាណ៦៦២១ហិកតា ដែលរូបទាំងនោះ ត្រូវគេជឿថាជាការរៀបរាប់អំពីពិធីបូជាយញ្ញរំលឹកដល់បុព្វបុរស និងអទិទេពរបស់ពួកគេដែលមានចំណាស់ប្រមាណ២ពាន់ឆ្នាំរួចមកនេះ។ ក្នុងកន្លែងនោះ ពលរដ្ឋក្នុងសហគមន៍បានបង្ហាញនូវសម្លៀកបំពាក់ជាប្រពៃណីឈុតគ្រងពណ៌ក្រហម ដែលគួរឱ្យចាប់អារម្មណ៍យ៉ាងក្រៃលែង។ ប្រហែលជាការស្រាវជ្រាវចង់ដឹងនូវចម្ងល់អាថ៌កំបាំងរបស់ក្រុមអ្នកស្រាវជ្រាវបរទេសពីប្លុកអាស៊ាននោះហើយ ទើបយុវជនខ្មែរម្នាក់ដែលស្ថិតក្នុងចំណោមគណៈប្រតិភូ បានប្រទះឃើញស្រស់ៗកើតឡើងក្នុងបន្ទប់របស់ខ្លួនវេលាយប់ជ្រៅមួយក្នុងបន្ទប់សណ្ឋាគារបុរាណស្ថិតនៅលើកំពូលភ្នំមួយដែលហ៊ុំព័ទ្ធដោយព្រៃក្រាស់ជាច្រើន។

Jason គឺជាយុវជនដ៏មានសមត្ថភាពម្នាក់ ដែលត្រូវបានបញ្ជួនដោយអង្គភាព Youth House នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមវេទិកាពិភាក្សាដែលស្រាវជ្រាវអំពីវប្បធម៌បរទេស ជាពិសេសក្នុងដំណើរឈប់សំចតនាយប់ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងសណ្ឋាគារបុរាណដាច់ស្រយាលនៃព្រំដែនខេត្តក្វាងស៊ី ដែលជាតំបន់ព្រៃដ៏ស្ងាត់មួយ និងស្ថិតមិនឆ្ងាយពីព្រំដែនភាគខាងជើងនៃប្រទេសវៀតណាមឡើយ។

ខ្ញុំសុំមិនបញ្ចេញឈ្មោះសណ្ឋាគារបុរាណនោះទេ ដើម្បីរក្សាសិទ្ធិឯកជនភាព។ យុវជន Jason បានប្រាប់រូបខ្ញុំ ជាមួយនឹងការរៀបរាប់ទិដ្ឋភាពបន្ទប់ក្នុងសណ្ឋាគារបុរាណ ដែលក្នុងបន្ទប់របស់លោក គឺមានគ្រែឈើ២ដាក់នៅជាប់គ្នា។

<<អូតែលដែលចូលទៅនោះ គឺជាអូតែលដែលចាស់នៅលើភ្នំហើយ មើលទៅគឺអមដោយឈើច្រើននៅពេលដែលខ្ញុំចូលទៅគឺបានគោះទ្វារធម្មតា ដែលជាទម្លាប់ប្រពៃណីខ្មែរយើង ដែលចាស់ៗគាត់តែងនិយាយថា ទៅដល់កន្លែងណាត្រូវគោះទ្វា៣ដង ហើយនៅពេលបើកទ្វារចូលទៅ បានឃើញមានឈើច្រើន និងគ្រែចំនួន២>>។

ចាស់ៗខ្មែរមានជំនឿ និងតែងដំណាលប្រាប់កូនចៅរបស់ខ្លួនថា នៅពេលធ្វើដំណើរទៅកាន់តំបន់ព្រៃ ឬតំបន់ដាច់ស្រយាលណាមួយគេគប្បីចៀសវាងនូវពាក្យសម្តីមិនសមរម្យណា ដែលធ្វើឱ្យប៉ះពាល់ដល់ព្រលឹង ឬអមនុស្ស ឬអ្នកតាដែលថែរក្សាព្រៃភ្នំ ឬនៅតាមទីកន្លែងណាមួយ។ ក្រុម Think Tank ដែលខ្លះមកពីកម្ពុជា ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ក្នុងពេលទទួលទានអាហារល្ងាចរួច នៅមុនការទស្សនាសិល្បៈរបស់អ្នកស្រុកជនជាតិនៅទីនោះ បាននិយាយសាកសួរគ្នាអំពី <<តើគេជឿថា មានមនុស្សចាប់ជាតិថ្មីដែរឬទេ បន្ទាប់ពីបានស្លាប់ទៅហើយនោះ?>>។

ខ្ញុំបានលើកឡើងនូវសំណួរឯកជននេះ ដើម្បីចង់ដឹងថា តើអ្នកស្រាវជ្រាវផ្នែកវប្បធម៌នៃបណ្តាប្រទេសក្នុងប្លុកអាស៊ានរៀងៗខ្លួននេះ មានទស្សនៈយល់ឃើញខុសគ្នាយ៉ាងណា?

វិទូជាតិថៃលោក Agrinda Li Rajendra នាយកសិល្បៈបុរាណប្រជាប្រីយ៍ Lanna បានថ្លែងបង្ហាញនូវការជឿលើមនុស្សដែលស្លាប់ នឹងចាប់ជាតិមកវិញខណៈអ្នកស្រាវជ្រាវខ្លះក្នុងពេលជជែកគ្នានោះ បង្ហាញទស្សនៈយល់ស្រប និងខ្លះមិនយល់ស្រប។

លោក Agrinda Li Rajendra បានថ្លែងថា មានបរទេសម្នាក់បានសួរព្រះសង្ឃថៃអំពីរឿងនោះ និងចង់ឱ្យសង្ឃថៃរូបនោះ បង្ហាញអំពីឧទាហរណ៍ជាក់ស្តែងមួយ។ ព្រះសង្ឃថៃ បានមានដីកាប្រាប់ជនបរទេសនោះថា <<តើអ្នកអាចយកថ្ងៃស្អែក មកបង្ហាញឱ្យអាត្មាឃើញបានទេនាពេលនេះ?>> នេះជាចម្លើយមួយរបស់ព្រះសង្ឃថៃតបនឹងជនបរទេស។

ខណៈការជជែកគ្នាអំពីរឿងជំនឿមនុស្សស្លាប់ចាប់ជាតិសាជាថ្មីមិនទាន់បានចប់នោះ ពេលវេលាត្រូវចូលក្នុងសាលដើម្បីទស្សនាការសម្តែងសិល្បៈបុរាណរបស់សហគមន៍ជនជាតិភាគតិចចិន ក៏បានឈានមកល់។ ក្រុមគណៈប្រតិភូ អាស៊ាននិងចិនទាំងអស់បានទស្សនាសិល្បៈបុរាណនោះ ដែលរបាំនិងការសម្តែងជាច្រើនបានបង្ហាញនូវភាពព្រឺព្រួចគួរឱ្យចាប់អារម្មណ៍។

ក្រោយរបាំនោះបានបញ្ចប់ ប្រតិភូតាមប្រទេសនីមួយបាននាំគ្នាដើរចេញពីសាលសម្តែង សិល្បៈ វិលមកសម្រាកតាមបន្ទប់សណ្ខាគារដែលរៀបចំ។ យុវជន Jason បានរៀបរាប់ថា ពេលកំពុងសម្រាកក្នុងបន្ទប់ លោកបានចាប់អារម្មណ៍ឮសម្លេង មិនធម្មតាក្នុងរាត្រីស្ងាត់ជ្រងំដែលគ្មានមនុស្សចេញចូលទីនោះឡើយ៖ <<ក្នុងពេលនោះ គឺខ្ញុំបានដើរចូលទៅក្នុងបន្ទប់គេងនៅជាន់ទី៧ ប៉ុន្តែរឿងមួយដែលខ្ញុំបានចាប់អារម្មណ៍នោះ គឺអូតែលដែលមានតម្លៃគួរសមនេះ បែរជាមិនមានការស្កែន ប៉ុន្តែគឺចុចធម្មតា។ បន្ទាប់មកក៍បានឡើងមកដល់ជាន់ទី៧ ខ្ញុំក៍បន្តមើលទេសភាព View ក៍ចាប់ផ្តើមឮសម្លេង។ក្រោយពេលទទួលទានអាហារពេលល្ងាចនោះ ខ្ញុំក៍ឮសម្លេងផងដែរ ប៉ុន្តែខ្ញុំក៍មិនចម្លែកក្នុងចិត្តដោយគិតថា យើងមិនបានធ្វើអ្វីគេ ក៍គេមិនមកធ្វើអ្វីយើងនោះដែរ។ សម្លេងដែលខ្ញុំបានឮ នោះ គឺជាសម្លេងដូចមានមនុស្សដើរ (សូរ ឌឹបៗៗៗ ) គឺមួយទំហឹងនៅលើដំបូល…ហើយជាន់ទី៧ដែលបន្ទប់ខ្ញុំស្នាក់នៅនោះ គឺខ្ពស់ជាងគេបំផុតនៃអូតែលនោះ។ ខ្ញុំបានដឹងថា នោះគឺជាសញ្ញាមួយដែលបានបង្ហាញថា អូតែលនោះមិនសូវស្រួលបាត់ទៅហើយ>>។

សណ្ឋាគារបុរាណកម្ពស់៧ជាន់នាវេលាយប់នោះ មិនមានមនុស្សចម្លែកច្រើនបានស្នាក់នៅទេលើកលែងតែក្រុម ដែលធ្វើទស្សនកិច្ចក្នុងកិច្ចពិភាក្សាស្រាវជ្រាវនិងសិក្សាអំពីមរតកវប្បធម៌បុរាណប្រមាណជាង២០នាក់ ដែលទើបបានមកដល់កាលពីល្ងាចតែប៉ុណ្ណោះ។ អ្វីដែលចម្លែកនោះ គឺពួកគេម្នាក់ៗ បាននាំគ្នាសម្រាកក្នុងបន្ទប់តាមគោលដៅរៀងៗខ្លួនអស់ទៅហើយ ដោយសារតែការធ្វើដំណើរទស្សនកិច្ចតាមផ្លូវពេញមួយថ្ងៃដោយចំណាយកម្លាំងអស់ច្រើនសន្ធឹកទៅហើយៗម្យ៉ាងទៀតជាន់ទី៧នៃសណ្ឋាគារនោះ គឺជាជាន់ខ្ពស់ជាងគេទៅហើយ ដែលមិនអាចមានជាន់ណាខ្ពស់ជាងជាន់ទី៧នោះឡើយ។ ចំណែកខ្ញុំ បានស្នាក់នៅជាន់ទី៦ ក្នុងសណ្ឋាគារបុរាណនោះ។ បន្ទប់របស់ខ្ញុំ ស្ថិតក្បែរនឹងច្រកចេញចូល Veranda ដ៏ខ្ពស់ស្រឡះមួយ ដែលគេអាចមើលឃើញព្រៃនៅព័ទ្ធជុំវិញ និងទេសភាពភ្នំក្បែរនោះ ដ៏ស្រស់ស្អាត។

យុវជន Jason ដែលជួបហេតុការណ៍បានបន្តថា លោកក៏មានភាពតក់ស្លុតខ្លះដែរ ប៉ុន្តែបានចងចាំការទូន្មានពីចាស់ទុំនូវការទន្ទេញធម៌នមោតស្ស បីចប់ដែរក្នុងពេលនោះ។ លោកបានរៀបរាប់បន្តទៀតនៅមុនការឃើញហេតុការណ៍គួរឱ្យតក់ស្លុតពិតប្រាកដ៖

<<ខ្ញុំក៏បានសូត្រធម៌ នមោតស្ស ចំនួន៣ចប់ស្របពេលនោះគឺស្ងាត់គ្មានមនុស្សនោះទេដោយនោះគឺជាជាន់ទី៧ជាជាន់ដែលខ្ពស់ជាងគេបំផុតនៃអូតែលនោះ។ ហើយនៅពេលនោះខ្ញុំក៍បានប្រមូលវ៉ាលី កាតាប កុំព្យូទ័រ និងឯកសារផ្សេងៗដាក់ចុះនៅលើគ្រែនោះទាំងអស់។ ពេលនោះ គឺគេងតែមួយយប់នោះទេ ជាក់ស្តែងអ្នករៀបចំ (organizer) ក៍ត្រូវបានកំណត់ថា ម៉ោង៧ព្រឹក គឺត្រូវតែចាកចេញពីអូតែលនោះ។

ខ្ញុំសម្លឹងមើលទៅពូកគាត់ ក៍មិនបានបង្ហាញពីភាពរីករាយនិយាយលេងសើចដូចរាល់ដង មកកាន់ពួកយើងដែលជាគណៈប្រតិភូនោះដែរ។ អ្នករៀបចំបានប្រាប់យើងថា បន្ទាប់ពីទទួលទានអាហារពេលព្រឹករួចភ្លាមគឺត្រូវតែ Check out ចេញតែម្តង។ ប្រហែលជាពួកគាត់អាចដឹងតិចតួចដែរ ប៉ុន្តែរពួកគាត់មិនហ៊ាននិយាយព្រោះអី្វនោះ គឺអូតែលមួយដែលនៅលើភ្នំនេះ បានពាក់ព័ន្ធនឹងសិល្បៈបុរាណច្រើន។ វេលាចន្លោះ ម៉ោងប្រមាណ១១ និង១២យប់ ខ្ញុំចាប់ផ្តើមឮសម្លេងបើកទឹក>>។

Jason បានរំលឹកបកក្រោយបន្តិចថា តាមពិតក្នុងពេលល្ងាចដែលបានធ្វើដំណើរចុះពីបន្ទប់សណ្ឋាគារជាន់ទី៧ ជាមួយនឹងមិត្តភក្តិជាតិថៃ គឺលោក Agrinda Li Rajendra នោះក៏មានការកត់សម្គាល់ឃើញភាពចម្លែកមួយដែលជណ្តើរយន្តស្រាប់តែឈប់នៅជាន់ទី៤ និងទ្វារស្រាប់តែរបើកដោយគ្មានមនុស្សបានចូលមកខាងក្នុងឡើយ។

ជាន់ទី៤ គឺជាជាន់មួយនៃជំនឿរបស់ចិន ដែលចាត់ទុកលេខ៤មិនមែនជាលេខល្អឡើយ។ សំនៀងលេខបួនតាមភាសាចិនកន្តាំង Cantonese dialect គឺស្ទើរតែដូចគ្នានឹងពាក្យស្លាប់។ ហេតុដូច្នេះហើយ ចំពោះជនជាតិចិន តែងចាត់ទុកលេខ៤ ជាលេខគ្មានសំណាងល្អឡើយ។ នាយកសិល្បៈបុរាណប្រជាប្រីយ៍ Lanna នៃប្រទេសថៃ លោក Agrinda Li Rajendra បានប្រាប់ខ្ញុំនិងមិត្តភក្តិបរទេសនានាក្នុងពេលនោះថា លោកក៏មានការចាប់អារម្មណ៍ថា សណ្ឋាគារបុរាណនោះ ក៏មានហេតុចម្លែកចាប់តាំងពីលោកបានស្ថិតក្នុងជណ្តើរយន្តជាមួយនឹងយុវជន Jason ស្រាប់តែជណ្តើរយន្តនោះបានឈប់នៅជាន់ទី៤ ហើយទ្វារបានរបើកដោយខ្លួនឯងដោយគ្មានអ្នកចូលមកពីក្រៅឡើយ។ យុវជន Jason បានថ្លែងរំលឹកអំពីករណីជណ្តើរយន្ត ដែលវាបានឈប់ដោយខ្លួនឯងដោយ គ្មានអ្នកណាបានចុចបញ្ជានោះ៖

<<នៅពេលដែលខ្ញុំនិងមិត្តភក្តិថៃរបស់ខ្ញុំម្នាក់ទៀត ចុះទៅញុំាបាននៅជាន់ទី២ ហើយជណ្តើរក៍បានឈប់នៅជាន់ទី៤ ដោយមិនមានការចុងបញ្ជាឱ្យឈប់នៅជាន់ទី៤នោះទេ។ យើងចុះពីជាន់ទី៧ ដើម្បីចុះមកញុំាបាយ នៅជាន់ទី២តែប៉ុណ្ណោះ តែជណ្តើរនោះបែរជាឈប់ដោយខ្លួនឯងប្រហែលជា២នាទី រូចក៏បានបិទទៅវិញដោយខ្លួនឯងផងដែរ ហើយជាន់ទី៤ គឺមិនមានមនុស្សនោះទេ…ហើយបន្ទាប់មកក៏បានមកញុំាំបាយធម្មតា រួចក៍បានមើលរបាំសិល្បៈចិនជាច្រើនប្រភេទ ដែលគាត់បានសម្តែងជូនគណៈប្រតិភូដែលតំណាងឱ្យអាស៊ាន។ សិល្បៈបានបញ្ចប់នៅម៉ោង៨យប់ រួចខ្ញុំក៏បានធ្វើដំណើរត្រលប់ទៅអូតែលគេងវិញ…ហើយពេលដែល ចេញទៅក៏បានឆាតលេងជាមួយមិត្តបរទេសដែលចូលរួមកម្មវិធីជាមួយគ្នានោះប្រហែលជាកន្លះម៉ោងសិនដែរមុននឹងត្រលប់កន្លែងគេងវិញ>>។

ក្រោយមកទៀត គឺនៅវេលាយប់ជ្រៅមុនពាក់កណ្តាលអាធ្រាត្រឈានមកដល់ ស្រាប់តែហេតុការណ៍ឮស្នូរទឹកបើកនៅក្នុងបន្ទប់ទឹកបានកើតឡើងថែមទៀត។ យុវជន Jason បាននិយាយថា នៅពេលដែលឮស្នូរទឹកបានបើក និងបានឈប់ដោយខ្លួនវានោះ លោកក៏ឆ្ងល់ដែរហើយថែមទាំងបានទៅចូលឆែកមើលក្នុងបន្ទប់ទឹកថែមទៀត៖<< ភ្លាមៗក៏បានឮសូរសម្លេងបើកទឹកបន្តិច រួចក៏បានបិទទៅវិញដោយខ្លួនឯង…នៅពេលនោះខ្ញុំក៏កំពុងគេងលេងទូរស័ព្ទនិងមើលការងារខ្លះៗដើម្បីធ្វើរបាយការណ៍ស្រាប់តែឮសូរសម្លេងទឹក លាន់ ឆ..ប្រហែលជា៣វិនាទី រួចក៏បានស្ងាត់ទៅវិញ តែប្រមាណ១០នាទីក្រោយមកទៀត ក៏បានឮម្តងទៀត…ខ្ញុំក៏បានដើរទៅមើលប៉ុន្តែក៏មិនមានអី្វចម្លែកនោះដែរ។ ក្រោយមកពេលដែលខ្ញុំបានចូលទៅក្នុងបន្ទប់ទឹក ខ្ញុំក៏បានឮសម្លេងដូចមានអ្នកណាកំពុងបើកទ្វារចូលបន្ទប់របស់ខ្ញុំ ឮសូរសម្លេង ទីង! ដូចជាសម្លេងស្កេនកាតនៅខាងមុខទ្វារបើកចូលមករួចក៏មិទទ្វាទៅវិញ។

ខ្ញុំចាប់ផ្តើមឆ្ងល់ និងគិតថាមិនស្រួលពេលនោះខ្ញុំកំពុងងូតទឹក ហើយក៏បានបិទទឹក យកកន្សែងជូតខ្លួនដើម្បីដើរទៅមើល ប៉ុន្តែគឺមិនមានអ្វីនោះទេ។ ទ្វារបន្ទប់ និងទ្វារបន្ទប់ទឹក គឺនៅជាប់ជិតគ្នាតែម្តង! ខ្ញុំឆ្ងល់ថា អ្នកណាចូលមកដោយអត់មានការអនុញ្ញាត ប៉ុន្តែពេលចេញទៅមើលគឺមិនមានមនុស្សនោះទេ។ ជាធម្មតាទាល់តែយើងមានកាតទើបយើងអាចស្កែនចូលបាន តែនេះគឺមិនមាននោះទេ។ សម្លេង(ទីង)នេះគឺច្បាស់ខ្លាំងម្ល៉េះ បើសិនជាបន្ទប់ជាប់គ្នានោះក៏មិនឮច្បាស់បែបនេះដែរ>>។

ក្រោយហេតុការណ៍ឮស្នូរបើកទឹកនិងបិទដោយខ្លួនឯងរួចមកយុវជន Jason នៅមិនទាន់គិតថាខ្លួនឯងត្រូវបានខ្មោចលងនោះទេ រហូតទាល់តែបានជួបនឹងព្រឹត្តិការណ៍ជាក់ស្តែងផ្ទាល់នឹងភ្នែកនេះ វេលារំលងអាធ្រាត្រ នៅពេលលោកទើបបានគេងលក់មួយស្របក់ ហើយពេលនោះបានបើកភ្នែកបម្រុងងើបចេញពីគ្រែ ដើម្បីចង់ទៅបន្ទប់ទឹកបត់ជើងតូច៖

<<ម៉ោងប្រហែល១២ និង១២កន្លះ ខ្ញុំបិទទូរស័ព្ទចូលគេងបានមួយស្របក់ដែរ តែខ្ទង់ប្រហែលម៉ោង១ជិត២ ខ្ញុំក៏បានងើបទៅបត់ជើងឃើញ(អមនុស្សនៅលើ) កៅអីដែលជាប់គ្រែហ្នឹង…ក្នុងបន្ទប់ហ្នឹង គឺមានគ្រែពីរ ហើយកៅអី និងតុឈើហ្នឹងគឺ នៅជាប់បង្អួចបែរមុខទៅខាងប្រាសាទ, នៅពេលដែលខ្ញុំងើបឡើងទៅនោះ គឺខ្ញុំគិតថាដំបូងស្រវាំងភ្នែក នៅពេលបានមើលឃើញមានអ្នកអង្គុយពាក់ឈុតបុរាណចិនពណ៌ក្រហម ជាមួយនឹងមូកខ្លប់វែង ហើយមិនមែនជាពណ៌ក្រហមចាស់នោះទេ គឹពណ៌ក្រហមឆ្អិនឆ្អៅយកតែម្តង។

(អមនុស្ស) អង្គុយបែរទៅមុខទ្វារចូល ដោយមុខមិនមើលឃើញច្បាស់នោះទេ ហើយក៏មិនដឹងថាភេទប្រុស ឬក៏ស្រីនោះដែរ តែខ្ញុំគិតថាជាមនុស្សប្រុសច្រើនជាងស្រី។ ក្រោយមកខ្ញុំក៏បានគិតថាប្រហែលជាខ្ញុំស្រវាំងភ្នែកក៏បានដណ្តប់ភួយគេង តែមិនទាន់គេងទេ ព្រោះភ័យដែរ…ពីព្រោះនេះ គឺស្តែងពេក! ទទូរភួយសម្ងំគេងប្រហែលបាន១០នាទី បើកភ្នែកមកវិញ នៅតែឃើញ(អមនុស្សនោះ) ដដែល ហើយខ្ញុំក៏បានដឹងថា ខ្ញុំមិនមែនស្រវាំងភ្នែកនោះទេ ហើយក៏មិនមែនយល់សប្តិទៀត នេះគឺជាក់ស្តែង និងជាការពិត អ្នកដែលអង្គុយនោះគឺនៅស្ងៀមទ្រឹងមិនកម្រើកខ្លួនអីទាំងអស់ គឺដូចរូបចម្លាក់យើងធម្មតាទៅវិញតែគេក៏មិនបានធ្វើអ្វីយើង ដែលអាចគេគ្រាន់តែចង់បង្ហាញប្រាប់ថា គេគឺជាម្ចាស់កន្លែងហ្នឹង កុំឱ្យយើងធ្វើអីផ្តេសផ្តាស់នៅកន្លែងរបស់គេ គឺប្រហែលបែបហ្នឹង។

បើនិយាយឱ្យអស់ទៅគឺគេមិនធ្វើអី្វយើងទេ គ្រាន់តែគេមកអង្គុយធ្មឹងរហូតទៅ ហើយខ្ញុំក៏មិនបានសួរនាំអ្វីនោះទេ ព្រោះខ្ញុំខ្លាចដែរ! ដោយសារតែខ្ញុំក៏ចេះភាសារចិន។ ហើយបើខ្ញុំនិយាយអ្វីនោះក៏ប្រហែលកើតមានអីមិនល្អនោះដែរ ព្រោះយើងគឺជាជនបរទេស ពេលដែលយើងទៅប្រទេសគេ ចឹងយើងមិនអាចឆ្គាំឆ្គង មិនគោរព ឬនិយាយអ្វីផ្តេសផ្តាសបាននោះទេ យើងមិនចេះភាសាគេ ហើយទៅនិយាយជាមួយអមនុស្សរបស់គេទៀត។ ខ្ញុំគិតថា (អមនុស្សនោះ) អាចគឺជាម្ចាស់ជំនាង សណ្ឋាគាររបស់គេក៏ថាបាន>>។

មិនមានការបកស្រាយឱ្យច្បាស់លាស់ចំពោះភាពឃើញជាក់ស្តែងនូវការឃើញអមនុស្សក្នុងបន្ទប់នេះឡើយ។ មានការបកស្រាយជាបុគ្គលខ្លះនិយាយថា ប្រហែលជាក្នុងបន្ទប់នោះមានគ្រែ២ជាប់គ្នា ហើយទំនងជាយុវជន Jason បានទៅដេកលើគ្រែរបស់អមនុស្សនោះ ដែលធ្វើឱ្យអមនុស្សនោះ បានបង្ហាញជាហេតុការណ៍នោះកើតឡើង ប៉ុន្តែការបកស្រាយនេះ មិនមែនជាវិទ្យាសាស្ត្រឡើយ។ នេះគឺជាអាថ៌កំបាំងបន្ថែមពីលើអាថ៌កំបាំង ដែលក្រុមរបស់យើងកំពុងសិក្សា និងស្រាវជ្រាវអំពីប្រវត្តិអាថ៌កំបាំងនៃមរតកវប្បធម៌ កាន់តែងឿងឆ្ងល់និងចង់ដឹងជាបន្ថែមទៀត។ ខ្ញុំបានសាកសួរបន្តទៅយុវជន Jason ដើម្បីចង់ដឹងថាតើមានហេតុការណ៍អ្វី បានកើតឡើងជាបន្ថែមទៀតក្នុងពេលនោះ៖

<<រយៈពេល១០នាទី បើក(ភួយ) មកគឺនៅឃើញដដែល បន្ទាប់មកខ្ញុំក៏បានបិទភួយគេងបន្តទៀត រហូតដល់ម៉ោង៥ភ្លឺទើបខ្ញុំងើបទៅងូតទឹកតែម្តង ស្របពេលដែលថ្ងៃរះ ខ្ញុំក៏បានទាញភួយចេញមួយទំហឹង តែក៏អត់អី្វមិនឃើញនោះទេ ប៉ុន្តែសម្លេងមើលទៅទ្វារបន្ទប់ទឹកគឺបានចំហរ ទាំងដែលខ្ញុំបានបិទរួចទៅហើយ វាពិតជាចម្លែកនៅក្នុងបន្ទប់ហ្នឹង!

ហើយរឿងនេះមិនមែនតែនៅលើខ្ញុំម្នាក់នោះទេគឺបានកើតទៅលើមិត្តភក្តិរបស់ខ្ញុំដូចគ្នា និងគេបានប្រាប់ខ្ញុំថា គេគឺជាម្ចាស់កន្លែងហ្នឹង យើងកុំធ្វើអីផ្តេសផ្តាសនៅកន្លែងគេ មិត្តភក្តិរបស់ខ្ញុំជាជនជាតិ ភូមា ថៃ គេក៏បានជួបនូវហេតុការណ៍ដូចគ្នាបែបនេះដែរ ដោយសុខៗឮសម្លេង ដើរឮសម្លេងគោះទ្វារ និងសម្លេងបើកទឹកផ្សេងៗ និងបាននិយាយថា អូតែលនេះគឺមិនមែនជាអូតែលដែលស្រួលនោះទេ…ហើយគឺជាអូតែលបុរាណ ហើយខ្ញុំគិតថាអាចនឹងមានភាគច្រើន ដោយអាចនិយាយបានថា ជាគេគឺជាម្ចាស់តំបន់ ម្ចាស់ទឹកដី បើយើងមិនធ្វើអីគេ ក៏គេមិនធ្វើអីយើងនោះដែរ ដោយសារពេលនោះក៏ខ្ញុំបានសំពះក្បាលដំណេកគេងផងដែរ ទៅតាមជំនឿប្រពៃណីរបស់យើង មិត្តភូមា ថៃ ក៏គេបានជួបដូចគ្នា និងក៏បានឆាតជាមួយគ្នាផងដែរ សូរគ្នាថាមានសម្លេងបើកទឹកឬអត់?

ពួកគាត់ក៏ថាបានឮដូចគ្នា និងចាំនិយាយគ្នានៅថ្ងៃស្អែក ហើយពេលព្រឹកហ្នឹងខ្ញុំក៍បានដើរទៅញុំាំអាហារពេលព្រឹកមុនគេ នៅម៉ោង៦កន្លះ ហើយឆែកអីវ៉ាន់ និងរៀបចំចេញមកតែម្តង!ដោយក្នុងពេលតែ១០នាទីនោះទេ គឺរៀបចំអស់តែម្តង! ដែលរាល់ដងត្រូវប្រើពេលកន្លះម៉ោង>>។

នៅក្បែរបន្ទប់របស់ខ្ញុំនៅជាន់ទី៦នោះវិញ គឺនៅម៉ោងប្រមាណ១១ទៅ១២យប់ថ្ងៃនោះ ខ្ញុំក៏បានឮស្នូរមនុស្សដើរចុះឡើងកាត់មុខបន្ទប់សម្តៅទៅ Veranda ក្បែរនោះផងដែរ ប៉ុន្តែខ្ញុំគិតថាប្រហែលជាយុវជនក្នុងចំណោមគណៈប្រតិភូ ចង់ស្រូបយកខ្យល់អាកាសធាតុបរិសុទ្ធរបស់ភ្នំ ឬប្រហែលជាការចង់ថតទិដ្ឋភាពក្បែរសណ្ឋាគារដែលមានការបើកភ្លើងល្អចិញ្ចាចគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែក្រោយហេតុការណ៍ដែលមានយុវជន Jason បានកើតឡើងនោះមក ខ្ញុំបានសួរមិត្តភក្តិបរទេសនានាដែលនៅក្បែរបន្ទប់នោះ ពួកគេបានប្រាប់ខ្ញុំថា គេទាំងអស់បានស្ថិតនៅក្នុងបន្ទប់រៀងៗខ្លួន ដោយសារតែការអស់កម្លាំងធ្វើដំណើរពេញមួយថ្ងៃ។

ខ្ញុំចាប់ផ្តើមព្រឺក្បាលសំពោងពីព្រោះសំណាងដែរ ដែលខ្ញុំមិនបានចេញពីបន្ទប់ពេលឮស្នូរសម្រឹបជើង ជាច្រើនដើរកាត់មុខបន្ទប់ចុះឡើងក្នុងពេលនោះ។ តើសម្រឹបជើងទាំងនោះ គឺជាអ្វី? វាជាចម្ងល់ចំពោះខ្ញុំ ដែលបានសរសេររឿងអមនុស្សដែលយុវជន Jason បានជួបប្រទះក្នុងពេល នោះ៕



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...