UNRWA៖ ស្ថានការណ៍នៅហ្គាហ្សាកាន់តែអាក្រក់ អំពើលួចប្លន់កើនឡើងនៅចំពោះមុខគ្រោះទុរ្ភិក្សដ៏ធ្ងន់ធ្ងរ

Posted By: RoogRog Robot | 22-Nov-2024 14:29:37

2024-11-22 09:24pm

(ហ្គាហ្សា)៖ មន្ត្រីជាន់ខ្ពស់ នៃទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានព្រមានថា ស្ថានការណ៍មនុស្សធម៌នៅហ្គាហ្សាកាន់តែធ្ងន់ធ្ងរឡើង ដោយសារការដួលរលំនៃច្បាប់ និងសណ្តាប់ធ្នាប់ និងការកើនឡើងនៃអំពើលួចប្លន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

អគ្គស្នងការរង នៃកម្មវិធីនិងភាពជាដៃគូរបស់ UNRWA លោកស្រី Natalie Boucly បានបញ្ជាក់ថា ប្រជាជននៅហ្គាហ្សាកំពុងប្រឈមមុខនឹងទុរ្ភិក្ស និងត្រូវការជំនួយយ៉ាងអស់សង្ឃឹម។ លោកស្រីបានសង្កត់ធ្ងន់ដូច្នេះថា <<ជាទូទៅ ប្រជាជនទាំងមូលនៃតំបន់ហ្គាហ្សា កំពុងត្រូវការជំនួយយ៉ាងអស់សង្ឃឹម ចំពេលមានទុរ្ភិក្សកំពុងកើតឡើង>>។

ការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់ហ្គាហ្សា បានថយចុះយ៉ាងខ្លាំង ដោយសារសង្រ្គាមនិងការរំខានដល់សន្តិសុខ។ ថ្លែងនៅក្នុងសន្និសិទមួយក្នុងប្រទេស Cyprus លោកស្រី Boucly បានរាយការណ៍ថា រថយន្តដឹកជញ្ជូនជំនួយបានធ្លាក់ចុះពី ៥០០គ្រឿង មកត្រឹម ៣៧គ្រឿងក្នុងមួយថ្ងៃ។ លោកស្រីបន្តថា ការដឹកជញ្ជូនជំនួយទាំងនោះទៀតសោត ក៏ប្រឈមនឹងហានិភ័យខ្ពស់ នៃអំពើលួចប្លន់ដោយក្រុមឧក្រិដ្ឋជន។

ទន្ទឹមគ្នានេះ លោកស្រី Boucly បានថ្លែងទៀតថា តំបន់ហ្គាហ្សាបានក្លាយជាកន្លែងដែលមិនអាចរស់នៅបាន ដោយសារស្ថានភាពមនុស្សធម៌ កាន់តែយ៉ាប់យ៉ឺនទៅៗ។ លោកស្រី ក៏បានអំពាវនាវឱ្យមានការទទួលខុសត្រូវ ចំពោះការរំលោភច្បាប់អន្តរជាតិ ដែលបានកើតឡើងនៅក្នុងតំបន់ហ្គាហ្សា និងបានសម្តែងការគាំទ្រចំពោះការចេញដីកាចាប់ខ្លួន របស់ ICC ដែលជាជំហានដំបូង ឆ្ពោះទៅរកការទទួលខុសត្រូវ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...