(វ៉ាស៊ីនតោន)៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងលោក Yoav Gallant ដែលជា អតីតរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល ទទួលបន្ទុកមួយផ្នែកធំលើកិច្ចការសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា។ ICC បាននិយាយថាខ្លួនមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថាលោក Netanyahu និងលោក Gallant គឺជា អ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្មសង្រ្គាមដោយប្រើប្រាស់ការបង្អត់អាហារជាមធ្យោបាយធ្វើសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ព្រមទាំងអំពើមនុស្សឃាត ការសម្លាប់ និងអំពើសាហាវព្រៃផ្សៃផ្សេងទៀត។ តុលាការអន្តរជាតិមានទីស្នាក់ការនៅទីក្រុងឡាអេមួយនេះក៏បានចេញដីកាចាប់ខ្លួនមេដឹកនាំយោធាហាម៉ាស លោក Mohammed Deif ដែលអ៉ីស្រាអែលអះអាងថាបានសម្លាប់ក្នុងតំបន់ហ្កាហ្សា កាលពីខែកក្កដាផងដែរ។
ដីកាចាប់ខ្លួនលោក Netanyahu និងលោក Gallant អាចនឹងប៉ះពាល់ដល់ការធ្វើដំណើរទៅក្រៅប្រទេសរបស់អ្នកទាំង២ ខណៈមេដឹកនាំអឺរ៉ុបមួយចំនួនបានបញ្ជាក់ថាពួកគេនឹងអនុវត្តតាមកាត្វកិច្ចរបស់ខ្លួន ក្នុងនាមជាសមាជិក ICC។
* ដូច្នេះតើដីកាចាប់ខ្លួននេះមានន័យយ៉ាងចំពោះលោក Netanyahu និងលោក Gallant?ICC បានចេញបានដីកាចាប់ខ្លួនលោក Netanyahu និងលោក Gallant ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម ដែលត្រូវបានប្រព្រឹត្តចន្លោះយ៉ាងហោចចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ ចន្លោះពេលនេះគឺជាកាលបរិច្ឆេទរវាងការផ្ទុះឡើងដំបូងនៃសង្រ្គាមហ្កាហ្សា និងនៅពេលរដ្ឋអាជ្ញា ICC ស្នើសុំដីកាចាប់ខ្លួន។ ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដោយមានភារកិច្ចកាត់ទោសជនទាំងឡាយណាដែលប្រព្រឹត្តអំពើឃោរឃៅដូចជាអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម។ ICC មិនមានកងកម្លាំងប៉ូលិសផ្ទាល់ខ្លួនទេ ដូច្នេះ ត្រូវពឹងផ្អែកលើរដ្ឋជាសមាជិកទាំង១២៤ ដើម្បីអនុវត្តដីកាចាប់ខ្លួន។ តាមពិតទៅ អ៉ីស្រាអែលមិនមែនជាសមាជិក ICC ឡើយ ហើយបានអះអាងថា ICC មិនមានយុត្តាធិការលើជនជាតិអ៉ីស្រាអែលទេ។ ប៉ុន្តែ ICC បាននិយាយក្នុងពេលប្រកាសចេញដីកាចាប់ខ្លួនថាតុលាការអាចអនុវត្តយុត្តាធិការរបស់ខ្លួនដោយផ្អែកលើយុត្តាធិការលើដែនដីប៉ាឡេស្ទីនដែលបានទទួលស្គាល់យុត្តាធិការរបស់ ICC។
លោក Netanyahu និងលោក Gallant អាចនឹងត្រូវបានឃាត់ខ្លួន លុះត្រាតែអ្នកទាំង២ធ្វើដំណើរទៅកាន់ប្រទេសដែលជាសមាជិក ICC ដែលមានកាតព្វកិច្ចអនុវត្តដីកាចាប់ខ្លួន។ មួយវិញទៀត ICC ក៏មិនអាចបើក សវនាការកាត់ទោសកំបាំងមុខបាននោះដែរ ដែលនេះមានន័យថាលោក Netanyahu និងលោក Gallant នឹងមិនត្រូវប្រឈមនឹងសវនាការកាត់ទោសទេ លុះត្រាតែអ្នកទាំង២ធ្វើដំណើរទៅកាន់រដ្ឋជាសមាជិក ICC ណាមួយ ហើយត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់ទីក្រុងឡាអេ។ និយាយជារួម លទ្ធភាពដែលលោក Netanyahu និងលោក Gallant អាចនឹងត្រូវបានចាប់ខ្លួនបញ្ជូនឡើងតុលាការគឺមានភាគរយតិចតួចសឹងតែមិន អាចទៅរួច។ តែទោះជាបែបនេះក្ដី តាមរយៈដីកា ICC វានឹងរឹតត្បិតលើសេរីភាពរបស់លោក Netanyahu និងលោក Gallant ក្នុងការធ្វើដំណើរទៅក្រៅប្រទេស ព្រមទាំងអាចធ្វើឱ្យអ៉ីស្រាអែលឯកោបន្ថែមទៀត នៅលើឆាកអន្តរជាតិ។
* តើលោក Netanyahu និងលោក Gallant អាចធ្វើដំណើរទៅទីណាខ្លះ?បណ្ដាប្រទេសអឺរ៉ុបភាគច្រើនគឺជាសមាជិក ICC ក្នុងនោះរួមមានទាំងសមាជិកសហភាពអឺរ៉ុប (EU) ទាំងអស់។ លោក Josep Borrell ជាប្រមុខការទូត EU បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថាការអនុវត្តដីកាចាប់ខ្លួនជាកាតព្វកិច្ចសម្រាប់រដ្ឋទាំងអស់ជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាសន្ធិសញ្ញាអន្តរជាតិបង្កើត ICC ឡើង។ ភ្លាមៗក្រោយ ICC ចេញដីកាចាប់ខ្លួន ហូឡង់បានប្រកាសថាខ្លួនមានឆន្ទៈ អនុវត្តតាម។ <<ពិតប្រាកដណាស់ ហូឡង់គោរពឯករាជ្យភាពរបស់ ICC។ យើងមានកាតព្វកិច្ចធ្វើកិច្ចសហប្រតិបត្តិការជាមួយ ICC ហើយយើងក៏នឹងផ្ដល់កិច្ចសហការផងដែរ>>។ នេះជាការគូសបញ្ជាក់របស់ រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Caspar Veldkamp។ នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងការបរទេសអៀរឡង់ បាននិយាយថាអៀរឡង់ជាអ្នកគាំទ្រយ៉ាងរឹងមាំដល់ ICC និងអំពាវនាវឱ្យ រដ្ឋជាសមាជិកទាំងអស់គោរពឯករាជ្យភាព និងភាពមិនលំអៀងរបស់ ICC ដោយមិនត្រូវប៉ុនប៉ងបំផ្លាញតុលាការនេះឡើយ។ ចក្រភពអង់គ្លេសឯណោះវិញដែលជាសមាជិក ICC និងអ៉ីស្រាអែលផងនោះ បានចេញ សេចក្ដីថ្លែងការណ៍មួយមិនច្បាស់លាស់។ ជាក់ស្ដែង អ្នកនាំពាក្យម្នាក់រដ្ឋាភិបាលអង់គ្លេសបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា <<យើងគោរឯករាជ្យភាពរបស់តុលាការ តែអង់គ្លេសបានបញ្ជាក់យ៉ាងច្បាស់ រួចហើយថាអ៉ីស្រាអែលមានសិទ្ធិដើម្បីការពារខ្លួនឯង អនុលោមតាមច្បាប់អន្តរជាតិ។ ចំណែក សហរដ្ឋអាមេរិក គេមិនបាច់និយាយច្រើនទេព្រោះអាមេរិកមិនមែនជាសមាជិក ICC និងជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច របស់អ៉ីស្រាអែល។
* តើដីកាចាប់ខ្លួនមានន័យយ៉ាងណាចំពោះសង្គ្រាមហ្កាហ្សា?ក្រោយការចេញដីកាចាប់ខ្លួនរបស់ ICC លោក Netanyahu បានបង្កើនការតាំងចិត្តថាលោកនឹងបន្តធ្វើសង្រ្គាមក្នុងតំបន់ហ្កាហ្សា ជាមួយការថ្កោលទោសដីការបស់ ICC ថាជាគួរឱ្យខ្ពើមរអើម។ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា <<គ្មានការសម្រេចចិត្តប្រឆាំងអ៉ីស្រាអែលដ៏គួរឱ្យខ្ពើមរអើមណាមួយអាចបញ្ឈប់យើងបានទេ ហើយវាមិនអាចបញ្ឈប់ខ្ញុំ ពីការបន្តការពារប្រទេសរបស់ពួកយើងដោយប្រើគ្រប់មធ្យោបាយ ទាំងអស់បាននោះឡើយ។ យើងនឹងមិនឱនក្បាលចំពោះសម្ពាធនោះទេ>>។
លោក Gallant ដែលត្រូវបានលោក Netanyahu បណ្ដេញចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែលនៅក្នុងខែវិច្ឆិកានេះ បាននិយាយថាអ៉ីស្រាអែលនឹងមិនត្រូវបានបំបាក់ស្មារតីដាច់ខាត។ លោកបានបន្ថែម ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថាកងកម្លាំងការពារអ៉ីស្រាអែលនឹងបន្តការប្រយុទ្ធដើម្បីសម្រេចឱ្យបាននូវគោលដៅនៃសង្រ្គាម ហើយរូបលោកនឹងបន្ត ឈរជាមួយកងទ័ពអ៉ីស្រាអែល បន្តធ្វើប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈខ្ពស់ និងក្រមសីលធម៌ ខណៈការពាររដ្ឋអ៉ីស្រាអែល៕