(តិចសាស)៖ អភិបាលរដ្ឋ Texas សហរដ្ឋអាមេរិក បានបញ្ជាឱ្យទីភ្នាក់ងាររដ្ឋ បញ្ឈប់ការវិនិយោគ នៅប្រទេសចិន និងលក់ទ្រព្យសម្បត្តិនៅទីនោះ កាន់តែឆាប់កាន់តែល្អ, ដោយបានលើកឡើងពីហានិភ័យផ្នែកហិរញ្ញវត្ថុ និងសន្តិសុខ ដែលជាសញ្ញានៃការកើនឡើងភាពតានតឹង រវាងសហរដ្ឋអាមេរិក និងចិន ដែលចាប់ផ្តើមប៉ះពាល់ដល់លំហូរមូលធនពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងលិខិតផ្ញើទៅកាន់ទីភ្នាក់ងារដ្ឋ មានកាលបរិច្ឆេទនៅថ្ងៃទី២១ ខែវិច្ឆិកា ហើយបានបង្ហោះលើគេហទំព័ររបស់លោក, លោក Greg Abbott បានលើកឡើងថា <<សកម្មភាពដែលប្រមាថ>> នៃគណបក្សកុម្មុយនីស្តកំពុងកាន់អំណាចចិន បានបង្កើនហានិភ័យដល់ការវិនិយោគរបស់រដ្ឋ Texas ក្នុងប្រទេសចិន ហើយបានប្រាប់ឱ្យវិនិយោគិនចាកចេញ។
<<ខ្ញុំណែនាំអង្គភាពវិនិយោគនៅរដ្ឋ Texas ថា អ្នកត្រូវបានហាមឃាត់ មិនឱ្យធ្វើការវិនិយោគថ្មី នៃមូលនិធិរដ្ឋ នៅក្នុងប្រទេសចិននោះទេ។ ចំពោះវិសាលភាព ដែលអ្នកមានការវិនិយោគបច្ចុប្បន្ន នៅក្នុងប្រទេសចិន អ្នកតម្រូវឱ្យដកខ្លួនចេញ នៅឱកាសដំបូងដែលមាន>> លោក Greg Abbott បានលើកឡើង។
ទីភ្នាក់ងារដ្ឋរបស់ Texas ដែលរួមបញ្ចូលទាំង Teacher Retirement System of Texas នោះ, មានទឹកប្រាក់ចំនួន២១០.៥ពាន់លានដុល្លារ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ គិតត្រឹមចុងខែសីហា។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន។
លិខិតរបស់លោក Abbott បានលើកឡើងថា លោកបានប្រាប់ទៅកាន់ក្រុមហ៊ុន University of Texas/Texas A&M Investment Management Company (UTIMCO) ដែលគ្រប់គ្រងទឹកប្រាក់ជិត៨០ពាន់លានដុល្លារ ដើម្បីដកខ្លួនចេញពីប្រទេសចិន កាលពីដើមឆ្នាំនេះ។
ទីផ្សារនៅក្នុងប្រទេសចិន បានធ្លាក់ចុះយ៉ាងខ្លាំង នៅថ្ងៃសុក្រ ជាមួយនឹងក្រុមហ៊ុន Shanghai Composite បានធ្លាក់ចុះ៣ភាគរយ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tencent បានធ្លាក់ចុះប្រហែល២ភាគរយ ក្នុងការជួញដូរពេលរសៀលនៅទីក្រុងហុងកុង៕