មន្ទីរផែនការខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាសមាហរណកម្ម និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) ថ្នាក់ស្រុក នៅស្រុកសៀមប៉ាង

Posted By: RoogRog Robot | 22-Nov-2024 15:08:32

2024-11-22 10:06pm

(ស្ទឹងត្រែង)៖ ដោយមានកិច្ចសហការរវាងរដ្ឋបាលស្រុកសៀមប៉ាង និងមន្ទីរផែនការខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានរៀបចំសិក្ខាសាលាសមាហរណកម្ម និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) ថ្នាក់ស្រុក ដើម្បីអនុញ្ញាតឲ្យរដ្ឋបាលឃុំ ស្រុក ដាក់បង្ហាញនូវគម្រោងផែនការអាទិភាពជូនអ្នកពាក់ព័ន្ធ មានមន្ទីរអង្គភាពជំនាញ និងអង្គការដៃគូអភិវឌ្ឍន៍ចូលរួមចាប់ដៃវិនិយោគ នៅក្នុងផែនការអាទិភាពទាំងឡាយណា ដែលអាជ្ញាធរឃុំ ស្រុកបានដាក់ចេញ។

សិក្ខាសាលានេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកសៀមប៉ាង ក្រោមវត្តមានលោក លី ប៊ុនឡោម ប្រធានមន្ទីរផែនការខេត្តស្ទឹងត្រែង លោក ផាន់ យុត្តិ អភិបាលស្រុកសៀមប៉ាង និងលោក ស៊ុយ អ៊ិនឡន សមាជិកក្រុមប្រឹក្សាស្រុក ព្រមទាំងមានការចូលរួមពីសំណាក់មេឃុំ ស្មៀនឃុំ ប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញមួយចំនួនជុំវិញខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍មួយចំនួនផងដែរ។

លោក ផាន់ យុត្តិ អភិបាលស្រុកសៀមប៉ាង បានឲ្យដឹងថា សិក្ខាសាលាសមាហរណកម្ម ផែនការវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) ក្នុងឆ្នាំ២០២៤នេះ ជាឱកាសដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល និងកៀរគរប្រភពធនធានផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាព សម្រាប់អនុវត្តន៍នៅឆ្នាំបន្ទាប់ និងសម្របសម្រួលធ្វើឲ្យមានការសហការគ្នារវាងគម្រោងនានា នៃកម្មវិធីវិនិយោគរបស់ស្រុក ជាមួយនឹងគម្រោងនៃកម្មវិធីវិនិយោគរបស់ឃុំ និងដើម្បីស្នើសុំការគាំទ្រពីមន្ទីរអង្គភាព អង្គការដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជនផងដែរ។

ជាមួយគ្នានេះលោកអភិបាលស្រុកសៀមប៉ាង បានស្នើដល់មន្ទីរ អង្គភាព អង្គការជាតិ-អន្តរជាតិ ដែលជាដៃគូអភិវឌ្ឍន៍ មេត្តាពិនិត្យ និងពិចារណានូវគម្រោងសកម្មភាពដែលជាតម្រូវការចាំបាច់ និងធ្វើការសម្រេចចិត្តគាំទ្រគម្រោងសកម្មភាព អាទិភាពរបស់ក្រុង ស្រុក និងឃុំ សង្កាត់ ឲ្យបានសមស្រប ជៀសវាងគាំទ្រក្រៅគម្រោង ដែលមិនឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន។

លោក លី ប៊ុនឡោម ប្រធានមន្ទីរផែនការខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០២៤ គឺដើម្បីឲ្យគម្រោងសកម្មភាពជាអាទិភាពដែលបានស្នើដោយឃុំ សង្កាត់ ឲ្យមានភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានា របស់បណ្តាមន្ទីរ អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ តាមរយៈការវិភាគ និងចរចារវាងមន្ទីរ អង្គភាព និងអង្គការនានា ជាមួយក្រុង ស្រុក និងឃុំ សង្កាត់ ដែលមានការទាក់ទងគ្នាដើម្បីប្រមូលផ្តុំធនធាន សម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋានដោយប្រើប្រាស់សក្តានុពល នៃធនធានចាំបាច់ទាំងឡាយពីគ្រប់មជ្ឈដ្ឋានឱ្យបានកាន់តែល្អ ប្រសើរ ដោយមានកិច្ចសហប្រតិបត្តិការល្អ ដើម្បីសម្រេចទិសដៅរួមប្រកបដោយប្រសិទ្ធភាព ជាជាងការធ្វើសកម្មភាពតែឯកឯង។

លោក លី ប៊ុនឡោម បានបញ្ជាក់នាឱកាសនេះថា សម្រាប់សិក្ខាសាលាសមាហរណកម្ម និងកម្មវិនិយោគបីឆ្នាំរំកឹលថ្នាក់ស្រុក នៅស្រុកសៀមប៉ាង នាពេលនេះ មានការចូលរួមពីមន្ទីរអង្គភាពចំនួន១១ តំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួន៥ ក្នុងនោះមានគម្រោងស្នើឡើងក្នុងឆ្នាំ២០២៥ ដោយរដ្ឋបាលស្រុកមានចំនួន៨៥គម្រោង មានការគាំទ្រពីមន្ទីរវិស័យចំនួន១៤គម្រោង ហើយគម្រោងដែលបានស្នើឡើងដោយរដ្ឋបាលឃុំមានចំនួន៣០២គម្រោង មានការគាំទ្រពីមន្ទីរវិស័យចំនួន៦៩គម្រោង គាំទ្រដោយអង្គការដៃគូអភិវឌ្ឍន៍ចំនួន៦៨គម្រោង៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...