(ភ្នំពេញ)៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងឈ្មោះ ក្រុមដើមពោធិ៍ (DP) និងក្រុមបឹងសាឡាងស្មល (ESL) មានគ្នាសរុបចំនួនប្រហែល២០នាក់ ប្រដាប់ដោយដាវចំនួន២ដើម បានធ្វើសកម្មភាពធាក់ ម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួស និងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកជនរងគ្រោះម្នាក់ទៀត ត្រូវបានក្រុមក្មេងទំនើងវាយ និងកាប់ត្រូវកែងដៃខាងស្ដាំរងរបួសធ្ងន់រួចក្រុមក្មេងទំនើងខាងលើ ក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់។
លុះមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមក្មេងទំនើងខាងលើក៏បានប្រើប្រាស់ដាវចំនួន២ដើម ធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះម្នាក់ជាច្រើនដាវ ចំខាងស្ដាំបណ្តាលឲ្យរង របួស នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតេលា ផ្លូវលេខ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សមត្ថកិច្ចបានស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ រួមមាន ១៖ឈ្មោះ ឈាងលីហួ, ២៖ឈ្មោះ ប៉ូ អ៊ីមហុង, ៣៖ឈ្មោះ ខេង សាវៀត ហៅវីត, ៤៖ឈ្មោះ ហាន់ ណាហ្វ៊ី ម៉ូហាំម៉ាត់តាវហ្កិច, ៥៖ឈ្មោះ ថា វាំន់ធី, ៦៖ឈ្មោះ ហុក វណ្ណា, ៧៖ឈ្មោះ ម៉ែន សិទ្ធិញាន, ៨៖ឈ្មោះ ផន ភារះផៃ និង៩៖ឈ្មោះ សៅ ជាបម៉េង ដកហូតបានដាវចំនួន០២ដើម ពីឈ្មោះ ប៉ូ គីមហុង ដែលបានយកទៅលាក់ទុកនៅគុម្ពស្ម នៅមុខវត្តគោកបញ្ជាន់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធករណីលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង៩នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាព នៃជនរងគ្រោះ ហិង្សាដោយ ចេតនាមានសា្ថនទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ថ្ងៃទី១៧ និងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោស តាមមាត្រា២២៤ មាត្រា២១៨ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។
ដោយឡែក ក្នុងចំណោមជនសង្ស័យទាំង៩នាក់នេះ មានចំនួន៥នាក់ត្រូវបានចោទប្រកាន់បន្ថែមពីបទ ហិង្សាដោតចេតនា មានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖