(កំពង់ឆ្នាំង)៖ ក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨ បានបញ្ចប់បេសកកម្មប្រកបដោយ ភាពជោគជ័យលើទឹកដី នៃខេត្តកំពង់ឆ្នាំងដោយមានអ្នកចូលរួម ទស្សនាយ៉ាងច្រើនកុះករ។ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានស្តីទីមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថា ក្នុងខេត្តកំពង់ឆ្នាំ គឺក្រុមការងារចាក់បញ្ចាំង ភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨បានចាក់បញ្ចាំង ចំនួន៥កន្លែង ដូចជា៖១-សួនច្បារសម្តេចចៅហ្វាវាំង ២-តារាងបាល់ទាល់ មុខសាលាខេត្ត ៣-សួនច្បារវិមានឯករាជ្យ ៤-ទីតាំងភូមិអណ្តូងឬស្សី និងទី៥-វិទ្យាល័យ កំពង់ត្រឡាច។
លោក ប៊ុនថន សុខាណារិទ្ធ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២៤នេះថាការចាក់បញ្ចាំង ភាពយន្តចល័តកម្ពុជា-ចិននៅតែមានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា នៅតាមមូលដ្ឋាន ព្រោះដំណើរអាចក្លាយជា ស្ពានលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ នៃប្រជាជននិងប្រទេសទាំងពីរ និងរួមចំណែកពង្រឹង ចំណងមិត្តភាពបងប្អូនកម្ពុជា-ចិន។
ជាមួយគ្នានេះ លោក ប៊ុនថន សុខាណារិទ្ធ បានអរគុណដល់មន្ត្រីពាក់ព័ន្ធ ជាពិសេស រដ្ឋបាលខេត្ត អាជ្ញាធរក្រុង ស្រុក មន្ទីរអប់រំ យុវជន និងកីឡា ដែលបានចូលរួមសហការយ៉ាងល្អប្រសើរ ធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងខ្លាំង។ មន្ត្រីបច្ចេកទេស នៃក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិនបានឱ្យដឹងថា ខេត្តកំពង់ឆ្នាំងគឺជាគោលដៅទី៣ នៃការចាក់បញ្ចាំងភាពយន្តដ៏ល្អឆ្នើមរវាងប្រទេសទាំងពីរ ដោយមានការចូលរួមពីមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានចូលរួមទស្សនាជាង១០០០នាក់ ដែលញុំាងឱ្យកម្មវិធីចាក់បញ្ចាំងភាពយន្តចល័តមួយនេះ ពោរពេញទៅដោយស្នាមញញឹម ក្រោមបរិយាកាសសប្បាយរីករាយ និងកក់ក្តៅ។
លោកស្រី ស៊ីរ់ាត សី ជាអ្នកទស្សនាមួយរូបបានបង្ហាញ ការសប្បាយរីករាយពេលបានទស្សនាភាពយន្ត នៃប្រទេសទាំងពីរចាក់បញ្ចាំងនេះ ហើយក៏បាន សំណូមពរឲ្យមាន ការចាក់បញ្ចាំងភាពយន្តចិន ទៅដល់ភូមិផ្ទាល់តែម្តង និងផ្លាស់ប្តូរការចាក់ភាពយន្តឯកសារ ទាក់ទងនឹងវប្បធម៌ ទៀតផង។
សូមជម្រាបថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីដំណើរ ភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី៨ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំង២ និងជាឱកាសសម្រាប់ ប្រជាជនកម្ពុជាយើងបានសិក្សាឈ្វេងយល់ពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងស្ថានភាពបច្ចុប្បន្នរបស់ប្រទេសចិន។ ក្រោយបញ្ចប់ការចាក់បញ្ចាំង នៅលើទឹកដីនៃខេត្តកំពង់ឆ្នាំង ក្រុមការងារនឹងបន្តដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី៨ ឆ្នាំ២០២៤ ឆ្ពោះទៅរាជធានីភ្នំពេញនិងខេត្តកណ្តាល៕
វិទ្យុមិត្តភាពកម្ពុជាចិន