(បរទេស)៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង បានបើកការស៊ើបអង្កេតលើកម្មវិធី Telegram បន្ទាប់ពីលោក Pavel Durov ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង។ ការស៊ើបអង្កេតរបស់អាជ្ញាធរកូរ៉េគឺផ្ដោតសំខាន់លើការចែកចាយ និងបែកធ្លាយរូបភាព និងវីដេអូអាសអាភាសក្នុងទម្រង់ក្លែងបន្លំ។
គិតមកដល់ពេលនេះ លទ្ធផលនៃការស៊ើបអង្កេតនៅមិនទាន់បានបង្ហាញនោះទេ ប៉ុន្តែសារព័ត៌មានក្នុងស្រុក The Korea Times បានចុះផ្សាយដោយដកស្រង់សម្ដីរបស់អ្នកនាំពាក្យ Telegram ថា នៅពេលនេះ Telegram បាននិងកំពុងតែមមាញឹកក្នុងការលុបចោលនូវមាតិកាក្លែងបន្លំលើរូបភាព និងវីដេអូអាសអាភាស ខណៈដែលប្រភពផ្ទៃក្នុងបានបង្ហើបឱ្យដឹងថា កម្មវិធីមួយនេះអាចប្រឈមមុខនឹងផ្លូវច្បាប់ច្រើនករណីនៅក្នុងប្រទេសកូរ៉េខាងត្បូង បើសិនជាមិនព្រមទទួលសំណើ និងសហការជាមួយរដ្ឋាភិបាល។
គណៈកម្មការទំនាក់ទំនងកូរ៉េ ដែលជាទីភ្នាក់ងារគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេស កំពុងជំរុញឱ្យក្រុមហ៊ុនពង្រឹងការត្រួតពិនិត្យរបស់ខ្លួនលើខ្លឹមសារបែបនេះ។ លោក Kim Tae-gyu ប្រធានស្តីទីនៃអង្គការនេះបាននិយាយថា Telegram គួរតែ <<មានទំនួលខុសត្រូវបន្ថែមទៀត>> ក្នុងការគ្រប់គ្រងអ្វីដែលត្រូវបានចែករំលែកនៅលើវេទិការបស់ខ្លួន ជាពិសេសចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើការផ្តោតការយកចិត្តទុកដាក់លើខ្លឹមសារក្លែងបន្លំផ្លូវភេទស្ត្រី រួមទាំងអនីតិជន។
អស់រយៈពេលជាច្រើនឆ្នាំ Telegram គឺជាវេទិកាដ៏ពេញនិយមសម្រាប់ឧក្រិដ្ឋជន និងអ្នកផ្សេងទៀតដែលចូលរួមក្នុងសកម្មភាពខុសច្បាប់ ឬផ្សព្វផ្សាយខ្លឹមសារដែលបង្កគ្រោះថ្នាក់ ខណដែល កម្មវិធីមួយនេះ គឺជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការ ការពារទៅលើគោលការណ៍ ឯកជនភាពអ្នកប្រើប្រាស់ (រួមមាន end-to-end encryption) ប៉ុន្តែTelegram គឺភាគច្រើនមិនអើពើនឹងសំណើ កិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាល ឬទីភ្នាក់ងារណាមួយឡើយ សូម្បីតែមកដល់បច្ចុប្បន្ននេះ។
អាជ្ញាធរកូរ៉េបានស្នើឱ្យ Telegram លុបចោល និងទប់ស្កាត់ការចែកចាយរូបភាពជនរងគ្រោះតាំងពីខែតុលា ប៉ុន្តែហាក់មិនខ្វល់នឹងសំណើនោះឡើយ ខណៈដែលរូបភាពជនរងគ្រោះត្រូវបានបន្តចែកចាយជាហូរហែ។
គួរបញ្ជាក់ផងដែរថា ក្រោយពីលោក Pavel Durov ត្រូវបានចាប់ខ្លួន ប្រទេសឥណ្ឌាបានបើកការស៊ើបអង្កេតលើកម្មវិធី Telegram ជុំវិញបទឧក្រិដ្ឋជំរិតទារប្រាក់, ល្បែងស៊ីសង, ចែកចេញរូបភាពអាសអាភាស និងការក្លែងបន្លំ ក្រោយមកក៏បានពង្រីកវិសាលភាពនៃការស៊ើបអង្កេតឱ្យកាន់តែស៊ីជម្រៅជាងមុខ បន្ទាប់ពីរកឃើញថា មានករណីឆបោក និងឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ។ ជាមួយគ្នានោះផងដែរ មន្ត្រីជាន់ខ្ពស់ឥណ្ឌា និងអ្នកជំនាញបានលើកឡើងថា Telegram ជាបណ្ដុំនៃក្រុមភេរវករ ពោលគឺ Telegram គ្មានសុវត្ថិភាពនោះទេ៕