(ប៉េរូ)៖ តបតាមការអញ្ជើញរួមរបស់ឯកឧត្តម Elmer Schialer រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប៉េរូ និង លោកស្រី Desilú León រដ្ឋមន្ត្រីពាណិជ្ជកម្មបរទេស និងទេសចរណ៍នៃសាធារណរដ្ឋប៉េរូ, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានមកចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក (APEC Ministerial Meeting) ឆ្នាំ២០២៤។
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងលីម៉ា សាធារណរដ្ឋប៉េរូ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោកElmer Schialer រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប៉េរូ។
នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ានបានរំលឹកឡើងវិញ និងស្វាគមន៍ការផ្តល់ជូននូវឋានៈជាភាពជាដៃគូអភិវឌ្ឍន៍របស់អាស៊ាន ជូនដល់ប្រទេសប៉េរូ កាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការពេលអនាគត រួមទាំង ការផ្លាស់ប្តូរបៃតង និងថាមពលកកើតឡើងវិញ សេដ្ឋកិច្ចឌីជីថល ការគ្រប់គ្រងគ្រោះមហន្តរាយ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងលីម៉ា សាធារណរដ្ឋប៉េរូ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Angela Ellard អគ្គនាយករងអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការប្រឈមផ្នែកសេដ្ឋកិច្ចដែលកំពុលលេចឡើងថ្មីៗ និងបានពិភាក្សាអំពីការចូលជាសមាជិក WTO របស់ទីម័រខាងកើត ព្រមទាំងវឌ្ឍនភាពរបស់ប្រទេសនេះ ឆ្ពោះទៅកាន់សមាជិកភាពអាស៊ានផងដែរ។
នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងលីម៉ា សាធារណរដ្ឋប៉េរូ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក (APEC Ministerial Meeting) ឆ្នាំ២០២៤។
នៅក្នុងសន្ទរកថា លោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃនវានុវត្តន៍ និងឌីជីថលនីយកម្ម ក្នុងការជំរុញការផ្លាស់ប្តូរចំពោះសេដ្ឋកិច្ចផ្លូវការ ក៏ដូចជា កំណើនប្រកបដោយបរិយាប័្នន សម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់។
លោកក៏បានគូសបញ្ជាក់អំពីគំនិតផ្តួចផ្តើមនានា ដូចជាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ព្រមទាំងរបៀបវារៈតំបន់អាស៊ីប៉ាស៊ីហ្វិកនៃតំបន់ពាណិជ្ជកម្មសេរីរបស់ APEC ក្នុងនាមជាវេទិកាសម្រាប់កំណើនសេដ្ឋកិច្ចដែលពឹងផ្អែកគ្នាទៅវិញទៅមក និងប្រកបដោយបរិយាប័្នន។
សូមជម្រាបជូនថា លេខាធិការដ្ឋានអាស៊ាន គឺជាអ្នកសង្កេតការណ៍ផ្លូវការមួយរបស់ APEC រួមជាមួយ លេខាធិការដ្ឋានវេទិកាប្រជុំកោះប៉ាស៊ីហ្វិក និងក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចតំបន់ប៉ាស៊ីហ្វិកផងដែរ៕