(ភ្នំពេញ)៖ ពិតជាដំណឹងដ៏រីករាយផ្ទួនៗសម្រាប់ក្រុមកីឡាករទូកង <<ខ្មែរកម្ពុជាក្រោមមានជ័យ>> មិនត្រឹមតែទទួលបានការឧបត្ថម្ភសម្រាប់ការប្រកួតនៅឆ្នាំ២០២៤នេះប៉ុណ្ណោះទេ នៅពេលនេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្រេចធ្វើទូកងខ្នាតវែងជូនមួយគ្រឿង ដើម្បីចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០២៥។ តាមរយៈទូកងខ្នាតវែង នឹងធ្វើឱ្យទូកង <<ខ្មែរកម្ពុជាក្រោមមានជ័យ>> កាន់តែទទួលបានការចាប់អារម្មណ៍ និងស្គាល់កាន់តែខ្លាំងផងដែរ។
ដំណឹងដ៏រីករាយសម្រាប់គណៈកម្មការ កីឡាករ ក៏ដូចជាប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមគ្រប់ទិសទីនេះ ត្រូវបានបញ្ជាក់ដោយលោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈប្រធានគណបក្សប្រជាជនកម្ពុជា។
លោក សាន សាង បានបញ្ជាក់ដំណឹងនេះយ៉ាងដូច្នេះ <<សម្តេចតេជោ បានយល់ព្រមផ្តល់ទូកងថ្មីមួយទៀត ជូនក្រុមកីឡាករខ្មែរក្រោមសម្រាប់ឆ្នាំក្រោយ គឺខ្នាតធំសម្រាប់ការប្រកួតនៅឆ្នាំក្រោយ។ សម្តេចបានចាត់ចែងឯកឧត្តម សេង ទៀង ក្នុងការសាងសង់ទូកនេះ>>។
ចាប់តាំងពីឆ្នាំ២០០២មក បងប្អូនខ្មែរក្រោមដែលរស់នៅក្នុងប្រទេសកម្ពុជា តាមរយៈទូកងឈ្មោះ <<ខ្មែរកម្ពុជាក្រោមមានជ័យ>> តែងតែចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូកមិនដែលខកខាននោះឡើយ ទោះបីលទ្ធភាពខ្សត់ខ្សោយ ឬខ្វះខាតក៏ដោយ។ ទូកដែលចូលរួមប្រណាំងនេះ ជាទូកខ្នាតខ្លីចំណុះត្រឹមតែ២២នាក់ប៉ុណ្ណោះ។
តាមរយៈការចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ធ្វើឱ្យគេបានឭពាក្យថា <<ខ្មែរកម្ពុជាក្រោម>> ជាជនរួមឈាមរបស់ខ្មែរនៅខ្មែរក្រោម ដែលបានប្រឹងប្រែងជម្នះគ្រប់ការលំបាកថែរក្សាឈ្មោះ <<ខ្មែរកម្ពុជាក្រោម>> ថែរក្សាវប្បធម៌ ប្រពៃណ ទំនៀមទម្លាប់រួមទាំងពិធីបុណ្យអុំទូកផងនោះ ឱ្យគង់វង្សដល់បច្ចុប្បន្ន។
២៣ឆ្នាំមកហើយ ដែលបងប្អូនខ្មែរក្រោមរស់នៅកម្ពុជា ប្រឹងប្រែងចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកដើម្បីជាឱកាសស្រែកបន្ទរបង្ហាញឱ្យខ្មែរនៅប្រទេសកម្ពុជា បានដឹងបានឭពីឈាមជ័ររបស់ខ្មែរកម្ពុជាក្រោម។ ជារឿងត្រេកអរគ្មានអ្វីផ្ទឹមនោះឡើយ សម្រាប់ការចាប់ផ្តើមជួយជ្រោមជ្រែងរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកសម្រេចឱ្យមានឈ្មោះទូកង <<ខ្មែរកម្ពុជាក្រោមមានជ័យ>> កាលពី២៣ឆ្នាំមុន។
ការជួយរបស់សម្តេចតេជោ ស្មើនឹងផ្តល់ទឹកសន្សើមប្រោសព្រំផ្តល់ដង្ហើមនៃក្តីប្រឹងប្រែងរបស់បងប្អូនខ្មែរកម្ពុជាក្រោមក្នុងការបន្តថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដូនតា ក៏ដូចជាផ្សព្វផ្សាយឱ្យខ្មែរគ្រប់ទីកន្លែងបានស្គាល់បានដឹង <<ខ្មែរកម្ពុជាក្រោម>>។ ការជួយជ្រោមជ្រែងរបស់សម្តេចតេជោ គឺជាកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់កិច្ចប្រឹងប្រែងថែរក្សាអត្តសញ្ញាណមរតកដូនតាខ្មែរ។
លោក ថន សាខឿន អ្នកគ្រប់គ្រងកីឡាករអុំទូកង <<ខ្មែរកម្ពុជាក្រោមមានជ័យ>> បានបង្ហាញក្តីត្រេកអរ និងរីករាយជាខ្លាំងពេលបានឭដំណឹងសម្តេចតេជោឧបត្ថម្ភទូកងខ្នាតវែង ព្រោះថាទូកខ្នាតវែង ចំណុះច្រើន ជាទូកផែនពិសេសទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកទស្សនា។
លោក សាន សាង បានចាត់ទុកការផ្តល់ទូកងខ្នាតវែងពីសំណាក់សម្តេចតេជោ ហ៊ុន សែន គឺបង្ហាញច្បាស់ពីទឹកចិត្តគិតគូរ និងយកចិត្តទុកដាក់របស់សម្តេចតេជោ ក្នុងការជួយថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរក្រោម។ សម្រាប់លោក សាន សាង ការជួយថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរក្រោមឱ្យគង់វង្សជារឿងដ៏វិសេសវិសាលបំផុត។
លោក ញឹម រិទ្ធី ប្រធានគណៈកម្មការទូកងខ្មែរកម្ពុជាក្រោមមានជ័យ ក៏មិនខុសពីចំណុះទូក និងបងប្អូនខ្មែរកម្ពុជាក្រោមដទៃនោះឡើយ គឺពិតជាសប្បាយរីករាយគ្មានអ្វីផ្ទឹម។ តំណាងឱ្យគណៈកម្មការទូក និងចំណុះទូកទាំងអស់ លោក ញឹម រិទ្ធី គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតសម្រាប់ការជួយជ្រោមជ្រែងរបស់សម្តេចតេជោដល់ទូកង <<ខ្មែរកម្ពុជាក្រោមមានជ័យ>>។
សូមបញ្ជាក់ថា ទូកង <<ខ្មែរកម្ពុជាក្រោមមានជ័យ>> ត្រូវបានបង្កើត និងចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០០២។ ការស្នើសុំប្រើប្រាស់ឈ្មោះទូកង <<ខ្មែរកម្ពុជាក្រោមមានជ័យ>> នៅពេលនោះ មានការតាន់តឹងផងដែរ។ តានតឹងក៏ព្រោះគណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ មិនហ៊ានសម្រេចលើការអនុញ្ញាត ឬមិនអនុញ្ញាតឱ្យប្រើប្រាស់ឈ្មោះនេះ ព្រោះបារម្ភប៉ះពាល់ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។ នៅពេលនោះ គឺមានការឆ្លងសុំយោបល់ពីសម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី។ សម្តេចតេជោ មិនអល់អែកនោះឡើយ ហើយក៏សម្រេចឱ្យប្រើប្រាស់ឈ្មោះនេះតាំងពីពេលនោះមក។
លោក សាន សាង ដែលជាប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម និងជាអ្នកដាក់សំណើសុំប្រើឈ្មោះ <<ខ្មែរកម្ពុជាក្រោមមានជ័យ>> នៅចងចាំរឿងរ៉ាវមួយនេះមិនភ្លេចឡើយ ហើយចាត់ទុកសម្តេចតេជោ ជាមេដឹកនាំមួយរូបដែលមានគំនិតជ្រៅមិនអាចវាស់ស្ទង់បានចំពោះបងប្អូនខ្មែរក្រោម។
ចាប់តាំងពីឆ្នាំ២០០២មក ទូកង <<ខ្មែរកម្ពុជាក្រោមមានជ័យ>> តែងចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក ហើយពាក្យថា <<ខ្មែរកម្ពុជាក្រោម>> តែងតែបានឭក្នុងព្រះរាជពិធីដ៏ធំរបស់ខ្មែរ។ នៅឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានជួយឧបត្ថម្ភទូកង <<ខ្មែរកម្ពុជាក្រោមមានជ័យ>> សម្រាប់ការចំណាយផ្សេងៗ។ ការប្រកួតនៅថ្ងៃទី១ ទូកង <<ខ្មែរកម្ពុជាក្រោមមានជ័យ>> ទទួលបានជ័យជម្នះទាំងពីរជើង៕