អគ្គនាយក ARDB ធ្វើជាវាគ្មិន ក្នុងកិច្ចពិភាក្សាលើប្រធានបទ «ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព» នៅប្រទេសប៉េរូ

Posted By: RoogRog Robot | 15-Nov-2024 10:22:35

2024-11-15 10:18am

(ប៉េរូ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ADFIAP នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ <<ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព (Empowerment for Sustainable Development)>> ដោយមានអ្នកសម្របសម្រួល និងវាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាមេរិកឡាទីនមកពីប្រទេសបេលីហ្ស (Belize), ប្រទេសកូឡុំប៊ី, ប្រទេសប៉េរូ និង មានអ្នកចូលរួមកិច្ចប្រជុំជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាមេរិកឡាទីន និងតបន់អាស៊ីនិងប៉ាស៊ីហ្វិកមានចំនួន ២០ ប្រទេសចូលរួមផងដែរ។

វាគ្មិនបានពិភាក្សាចែករំលែកនូវបទពិសោធន៍ល្អៗ នៃបណ្តាលប្រទេសនីមួយៗក្នុងការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការលើកកម្ពស់សហគមន៍, វិស័យដែលងាយរងគ្រោះ និងការជំរុញកំណើនសេដ្ឋកិច្ច។

ជាមួយគ្នានេះ លោកបណ្ឌិតបានបង្ហាញពីភូមិសាស្រ្តនៃប្រទេសកម្ពុជាជូនគណប្រតិភូនៃអង្គប្រជុំអំពី ចំនួនប្រជាជន វិស័យសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ជាពិសេសប្រាសាទអង្គរវត្ត។ បន្ថែមពីនេះ លោកបណ្ឌិតបានចែករំលែកពីបទពិសោធន៍របស់ធនាគារ ARDB ដែលជាធនាគារបម្រើ គោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។

ធនាគារ ARDB បាននិងកំពុងអនុវត្តនូវ (១) គម្រោងហិរញ្ញប្បទានអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាលគាំទ្រដល់ SME ក្នុងវិស័យកសិកម្ម, គាំទ្រវិស័យស្រូវអង្ករ-រក្សាស្ថិរភាពថ្លៃ និងសន្តិសុខស្បៀង (២) គម្រោងមួយចំនួនដែលកំពុងអនុវត្តដោយទុនផ្ទាល់របស់ធនាគាររួមមាន គម្រោងកសិកម្មវៃឆ្លាត, ឥណទានគាំទ្រសហគមន៍កសិកម្ម, ឥណទានគាំទ្រកសិករខ្នាតតូច, ឥណទានគាំទ្រសហគ្រិនស្រ្តី, ឥណទានបៃតង ជាដើម (៣) គម្រោងដែលអនុវត្តជាមួយដៃគូអភិវឌ្ឍន៍មានដូចជា AIMS (ដែលគាំទ្រដោយ IFAD), CASDP (ដែលគាំទ្រដោយធនាគារពិភពលោក), និង ACSEP (ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី) (៤) ការគាំទ្រផ្នែកបច្ចេកទេសបន្ទាប់ពីទទួលបានឥណទាន និង (៥) ការផ្សព្វផ្សាយពីតម្លៃកសិផល, បទយកការណ៍និងការផលិតវីដេអូខ្លីពីបច្ចេកទេសការដាំដុះ ការចិញ្ចឹម ការកែច្នៃ ជាដើម តាមរយៈទូរទស្សន៍អនឡាញ។

លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាពត្រូវការកិច្ចសហប្រតិបត្តិការ និងការចូលរួមពីតួអង្គពាក់ព័ន្ធ។ ធនាគារអភិវឌ្ឍន៍ជាតួអង្គរួមចំណែក តាមរយៈការគាំទ្រ៖ ផ្នែកហិរញ្ញវត្ថុដែលសំដៅដល់ឥណទាន និងផ្នែកមិនមែនហិរញ្ញវត្តុដែលសំដៅដល់ការធ្វើទំនើបកម្មឌីជីថលនិង Fintech ដែលជាមធ្យោបាយជួយសហគមន៍ និងវិស័យដែលងាយរងគ្រោះទទួលបានសេវាហិរញ្ញវត្ថុមានប្រសិទ្ធភាពខ្ពស់, ជាពិសេស ការគាំទ្រផ្នែកបច្ចេកទេស៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...