រដ្ឋមន្ត្រីឧស្សាហកម្ម ​ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិន ពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា

Posted By: RoogRog Robot | 05-Nov-2024 10:27:14

2024-11-05 10:25am

(ភ្នំពេញ)៖ ​លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារជាមួយ​ វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

កិច្ចពិភាក្សានេះ បានធ្វើឡើងនាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ក្នុងឱកាសនោះ លោក ហែម វណ្ណឌី បានលើកឡើងថា​ កម្ពុជា និង​មិត្តចិន​មាន​ទំនាក់ទំនង​មិត្តភាព​ដ៏រឹងមាំ និង​យូរអង្វែង ហើយការអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យា ​គឺជាចន្ទល់សំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ។​

លោកបានបន្ថែមថា <<ការវិនិយោគដែលមានប្រភពទុនពីប្រទេសចិនក្នុងវិស័យកម្មន្តសាលឈរលំដាប់ទី១នៅកម្ពុជា ហើយវិស័យនេះនឹងបន្តនាំមុខសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។ ខណៈដែលកម្ពុជាកំពុងត្រៀមចាកចាញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមិត្តចិន ពិតជាមានសារៈសំខាន់ ជាពិសេសក្នុងការបង្កើនសមត្ថភាពផលិតវត្ថុធាតុដើមក្នុងស្រុក ដើម្បីបំពេញលក្ខខណ្ឌតម្រូវកាន់តែខ្ពស់របស់ទីផ្សារ>>។​

កិច្ចពិភាក្សាក៏បានផ្តោតលើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញកំណើនរបស់កម្ពុជា ដោយ​លោករដ្ឋមន្ត្រី បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាក់លាក់មួយចំនួន ដូចជាស្តង់ដារនីយកម្ម, មាត្រាសាស្ត្រ, សេវាមន្ទីរពិសោធន៍, និងសេវាទឹកស្អាត។

​លោក វ៉ាង វិនពីន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាមួយគ្នានេះ លោកបានស្នើឱ្យគណៈប្រតិភូកម្ពុជា ចូលរួមព្រឹត្តិការណ៍ដែលរដ្ឋាភិបាលចិន នឹងរៀបចំនាពេលខាងមុខ រួមទាំងកិច្ចប្រជុំច្រករបៀងនវានុវត្តន៍ មេគង្គ-ឡានឆាង និងសន្និសីទបញ្ញាសប្បនិម្មិត នៅក្នុងឆ្នាំ២០២៥ ផងដែរ។

គិតត្រឹមខែតុលា ឆ្នាំ២០២៤ កម្ពុជាមានរោងចក្រដែលមានប្រភពវិនិយោគពីសាធារណ​រដ្ឋប្រជាមានិតចិនចំនួន ១.២៧៣ ក្នុងទំហំទុនវិនិយោគចំនួន ៩,០៨៦ ប៊ីលានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៤៥,៤៩% នៃទុនវិនិយោគសរុប​៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...