មន្ទីរសុខាភិបាលខេត្តក្រចេះ បង្ហាញព័ត៌មានករណីពុលនំបញ្ចុក បណ្តាលឱ្យពុលមនុស្ស១៦នាក់

Posted By: RoogRog Robot | 19-Apr-2024 19:07:50

2024-04-19 06:02pm

(ភ្នំពេញ)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានបង្ហាញព័ត៌មាន ពីករណីពុលនំបញ្ចុក បណ្តាលឱ្យពុលមនុស្ស ចំនួន ១៦នាក់។ នេះបើតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៤ មានព្រឹត្តិការណ៍ពុលចំណីអាហារបានកើតឡើងនៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលបណ្តាលឱ្យមនុស្សចំនួន ១៦នាក់ ស្រី១០នាក់ បានធ្លាក់ខ្លួនឈឺ និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសំបូរ ចំនួន១១នាក់ ស្រី៧នាក់ ដែលមានរោគ សញ្ញាឈឺពោះ រាក ក្អួត ឈឺក្បាល នឹងវិលមុខ។ ក្រោយទទួលបានការយកចិត្តទុកដាក់ថែទាំព្យាបាលដោយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកសំបូរ ស្ថានភាពអ្នកជំងឺបានធូរស្រាលជាបណ្តើៗ។

ដោយផ្អែកលើព័ត៌មាន និងភស្តុតាង លក្ខណៈអេពីដេមីសាស្ត្រ បានសន្និដ្ឋានជាបឋមថា ព្រឹត្តិការណ៍ដែលបណ្តាលឱ្យប្រជាពលរដ្ឋធ្លាក់ខ្លួនឈឺនេះ គឺបណ្តាលមកពីការបរិភោគនំបញ្ចុកលក់នៅក្នុងភូមិ ដែលនំបញ្ចុកទាំងនោះមានការផលិត ការរក្សាទុក និងការវេចខ្ចប់ មិនមានអនាម័យល្អ។

ក្រុមការងារនៅកំពុងបន្តអន្តរាគមន៍អង្កេតស្រាវជ្រាវបន្តទៀត ដើម្បីប្រមូលព័ត៌មានបន្ថែម និងអន្តរាគមន៍ ពិនិត្យព្យាបាលករណីចាស់ និងករណីឈឺថ្មីៗផ្សេងទៀត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តនូវវិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួនដូចខាងក្រោម៖ ប្រកាន់ខ្ជាប់អនាម័យដោយលាងសម្អាតដៃឱ្យបានស្អាត និងញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬ អាកុលមុនពេលធ្វើម្ហូបអាហារ និងមុនពេលបរិភោគ។កុំប៉ះពាល់ ឬបរិភោគបក្សីដែលឈឺ ឬងាប់ ត្រូវរក្សាទុកដាក់ម្ហូបអាហារដែលចំអិនហើយ និងឆៅឱ្យនៅដាច់ដោយឡែកពីគ្នា សំអាតសម្ភារប្រើប្រាស់សម្រាប់ធ្វើម្ហូបអាហារឱ្យបានត្រឹមត្រូវ និងត្រូវចំអិនម្ហូបឱ្យបានឆ្អិនល្អ ត្រូវរៀបចំទុកដាក់វេចខ្ចប់ម្ហូបអាហារឱ្យមានអនាម័យ និងសុវត្ថិភាព ស្ថិតក្នុងសីតុណ្ហភាពសមស្រប មិនត្រូវបរិភោគម្ហូបអាហារដែលរក្សាទុកយូរហួសពេលវេលាកំណត់ប្រើប្រាស់ ត្រូវប្រើប្រាស់ និងទទួលទានទឹកស្អាតទឹកមានសុវត្ថិភាព ដូចជាទឹកបរិសុទ្ធ ទឹកឆ្អិនជាដើម។

សូមជម្រាបថា ប្រជាពលរដ្ឋដែលត្រូវបានគេបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យបង្អែកខាងលើមានឈ្មោះ៖

១. រី ស្រីតុប ភេទស្រី អាយុ២៣ឆ្នាំ២. កុយ រ៉ា ភេទប្រុស អាយុ៥០ឆ្នាំ៣. អ៊ុំ សុខខែង ភេទស្រី អាយុ៤៤ឆ្នាំ៤. រី សុខី ភេទស្រី អាយុ៧ឆ្នាំ៥. ថាច ជីតា ភេទស្រី អាយុ៤ឆ្នាំ៦. ឈឿន ស្រីយុទ្ធ ភេស្រី អាយុ១១ឆ្នាំ៧. ឈឿន ឆាលី ភេទប្រុស អាយុ១៤ឆ្នាំ៨. ស្រី មឿន ភេទប្រុស អាយុ៤៩ឆ្នាំ៩. សែម ឈុន ភេទប្រុស អាយុ៣៣ឆ្នាំ១០. ថាច ឆៃ ភេទបប្រុស១៦ឆ្នាំ១១. រី សុខៃ ភេទស្រី អាយុ១០ឆ្នាំ៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...