មនុស្ស១១នាក់កើតអាការក្អួតចង្អោរ រាក អស់កម្លាំងក្នុងពេលដំណាលៗគ្នានៅស្រុកសំបូរ ខេត្តក្រចេះ, គ្រូពេទ្យជំនាញកំពុងធ្វើតេស្ត្រសំណាករកមូលហេតុ

Posted By: RoogRog Robot | 19-Apr-2024 11:25:18

2024-04-19 10:21am

(ក្រចេះ)៖ យ៉ាងណាស់មានប្រជាពលរដ្ឋចំនួន១១នាក់កើតអាការក្អួតចង្អោរ រាករួស ធ្វើឱ្យអស់កម្លាំងល្ហិតល្ហៃក្នុងពេលដំណាលៗគ្នា ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំបូរ ខេត្តក្រចេះ ខណៈគ្រូពេទ្យជំនាញកំពុងធ្វើតេស្តសំណាករកមូលហេតុពិតប្រាកដ ថាតើបណ្ដាលមកពីពុលចំណី (សង្ស័យនំបញ្ចុក) ឬក៏មកពីមូលហេតុផ្សេង។

ពលរដ្ឋដែលមានអាការដូចគ្នាទាំង១១នាក់នោះ រស់នៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ខណៈហេតុការណ៍នេះដែរកើតឡើងនៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

ប្រភពពីអ្នកភូមិបានឱ្យដឹងថា ប្រជាពលរដ្ឋទាំងនោះពួកគាត់បានទិញនំបញ្ចុកដែលលក់នៅតាមភូមិយកទៅទទួលទានកាលពីថ្ងៃម្សិលមិញ (ថ្ងៃទី១៥ ខែមេសា) ហើយក្រោយទទួលទាននំបញ្ចុកនោះប៉ុន្មានម៉ោង ក៏ស្រាប់តែមានអាការក្អួតចង្អោរ រាក អស់កម្លាំង ត្រូវបានគេបញ្ជូនទៅមណ្ឌលសុខភាពនៅមូលដ្ឋាន ប៉ុន្តែដោយសារតែប្រជាពលរដ្ឋមានអាការក្អួតចង្អោរ រាក អស់កម្លាំងកើតឡើងស្រដៀងគ្នាជាបន្តបន្ទាប់រហូតដល់១១នាក់ ទើបត្រូវបានគេបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំបូរកាលពីយប់មិញនេះ។

លោកវេជ្ជបណ្ឌិត ផាត់ តុលា ប្រធានមន្ទីរពេទ្យបង្អែកស្រុកសំបូរ បានឱ្យដឹងថា នៅព្រឹកនេះ អាការពួកគាត់ប្រសើរឡើងវិញហើយ ប៉ុន្តែទោះជាយ៉ាងណាក៏មិនទាន់ដឹងថាជាករណីពុល ឬយ៉ាងណាពិតប្រាកដនៅឡើយទេ ដោយរង់ចាំលទ្ធផលធ្វើតេស្តសំណាករបស់ក្រុមគ្រូពេទ្យជំនាញសិន។

លោកវេជ្ជបណ្ឌិតបានបន្តថា មូលហេតុនៅពេលដែលបញ្ជូនមកពួកគាត់មានអាការក្អួតចង្អោរ និងរាក ក៏អាចរួមសមនឹងអាកាសធាតុក្តៅខ្លាំង ដូច្នេះយើងមិនទាន់អាចសន្និដ្ឋានបានថាមកពីករណីពិតប្រាកដអ្វីនៅឡើយទេរង់ចាំលទ្ធផលសិន តែទោះជាយ៉ាងណាឥឡូវនេះពួកគាត់ហាក់មានសភាពធូរស្រាលធម្មតាវិញហើយ។

លោក គង់ មេត្តា អភិបាលស្រុកសំបូរ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលត្រូវបានគេបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យបង្អែកខាងលើមានឈ្មោះ៖១. រី ស្រីតុប ភេទស្រី អាយុ២៣ឆ្នាំ ២. កុយ រ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ៣. អ៊ុំ សុខខែង ភេទស្រី អាយុ៤៤ឆ្នាំ ៤. រី សុខី ភេទស្រី អាយុ៧ឆ្នាំ៥. ថាច ជីតា ភេទស្រី អាយុ៤ឆ្នាំ ៦. ឈឿន ស្រីយុទ្ធ ភេស្រី អាយុ១១ឆ្នាំ៧. ឈឿន ឆាលី ភេទប្រុស អាយុ១៤ឆ្នាំ៨. ស្រី មឿន ភេទប្រុស អាយុ៤៩ឆ្នាំ៩. សែម ឈុន ភេទប្រុស អាយុ៣៣ឆ្នាំ១០. ថាច ឆៃ ភេទបប្រុស១៦ឆ្នាំ១១. រី សុខៃ ភេទស្រី អាយុ១០ឆ្នាំ៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...