សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តូយ៉ូតា គឺជាក្រុមហ៊ុនយក្ស ហើយការវិនិយោគនៅកម្ពុជា នឹងក្លាយជាកម្លាំងចលករទាក់ទាញការវិនិយោគថ្មីៗ (Video inside)

Posted By: RoogRog Robot | 02-May-2024 11:48:57

2024-05-02 10:46am

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងថា ក្រុមហ៊ុនតូយ៉ូតា គឺជាក្រុមហ៊ុនយក្ស ហើយមុននឹងធ្វើអ្វីមួយក្រុមហ៊ុនបានគិតគូរល្អិតល្អន់ណាស់។ សម្តេចធិបតី បានបន្តថា តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា វានឹងក្លាយទៅជាចលករមួយ ក្នុងការចូលរួមចំណែកទាក់ទាញការវិនិយោគថ្មីៗមកកម្ពុជាបន្ថែមទៀត។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ <<ក្រុមហ៊ុនតូយ៉ូតា ជាក្រុមហ៊ុនយក្ស មុននឹងគេធ្វើអ្វី គេគិតគូរច្បាស់លាស់ណាស់។ អីចឹង បើយក្សមកកម្ពុជា នឹងលើកទឹកចិត្ត ខ្ញុំថាក្រុមហ៊ុនផ្សេងទៀត នឹងមកកម្ពុជា។ នេះគឺជាការទាក់ម៉ូយធំណាស់>>។

បើតាមការថ្លែងរបស់សម្តេចធិបតី ការដំឡើងរថយន្តតូយ៉ាតានៅកម្ពុជា គឺជាផ្តល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា ហើយសម្តេចបានបង្ហាញក្តីសង្ឃឹមថា មិត្តជប៉ុននឹងបន្តឈរយ៉ាងរឹងមាំជាមួយកម្ពុជា។ ក្រៅតែពីការដំឡើងរថយន្តហើយនោះ សម្តេចក៏ចង់ឱ្យក្រុមហ៊ុនពិនិត្យការវិនិយោគលើខ្ចៅ ឬពូករថយន្តជាដើម។

សូមជម្រាបថា រោងចក្រដំឡើងរថយន្តតូយ៉ូតា បោះទុនជិត ៣៧លានដុល្លារ ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TO​YO​TA TSUSHO CORPORATION នៃប្រទេសជប៉ុន មានភាគហ៊ុនចំនួន ៩០ភាគរយ និង​ក្រុមហ៊ុន គង់ នួន គ្រុប ចំនួន ១០ភាគរយ។

រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ ជាប្រភេទ SUV ម៉ាក FORTUNER និងទី២៖ ជាប្រភេទ Pick-UP ម៉ាក HILUX ដែលមានទុនវិនិយោគ​ចំនួន ៣៦,៧៨១,០០០ដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ហើយ​មានសមត្ថភាពដំឡើងរថយន្តចំនួន ១,៣២០គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការ​ទីផ្សារ (Market demand) ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១,០៣០គ្រឿង៕













































































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...