សម្ដេចតេជោ ហ៊ុន សែន៖ ថៃ មិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតទាំងប្រជាជនខ្លួនឯង ហើយភូតទាំងពិភពលោក!

Posted By: RoogRog Robot | 03-Jul-2025 12:18:18

2025-07-03 12:14pm

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ថៃ បានផ្សពេះផ្សាយព័ត៌មានមិនពិតជុំវិញការបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ ថាប្រទេសកម្ពុជា ជាអ្នកបិទព្រំដែន មិនមែនប្រទេសថៃនោះទេ។ ដោយហួសចិត្តនឹងការលើកឡើងបែបនេះរបស់ថៃ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា <<ថៃ ជាមនុស្សពូកែភូត មិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតទាំងប្រជាជនខ្លួនឯង ហើយភូតទាំងពិភពលោក!>>។

ប្រសាសន៍របស់សម្ដេចតេជោ បែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច អញ្ជើញជួបសំណេះសំណាល ជាមួយសិស្ស-និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំនិងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ <<បេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន មកជួបជាមួយខ្ញុំ ក៏គាត់មានការលំបាកដែរ គាត់មានការវិនិយោគនៅថៃផង នៅកម្ពុជាផង។ គាត់ថាគាត់ពិបាក ឥលូវមិនដឹងត្រូវសម្រេចចិត្តរបៀបមិច? ព្រោះគាត់ធ្វើការវិនិយោគនៅកម្ពុជា ដឹកទៅថៃ ធ្វើការវិនិយោគនៅថៃ ដឹកមកកម្ពុជា វាឆ្លងឆ្លើយគ្នាអ៊ីចឹង ព្រោះជាគ្រឿងបង្គំ វាទាក់ទងគ្នា។ បានខ្ញុំប្រាប់គាត់ថា រឿងហ្នឹងរឿងថៃតើ ឥលូវឯកឧត្តមទៅប្រាប់ខាងថៃទៅ ឱ្យធ្វើឱ្យដូចមុនទៅវាចប់ហើយ, វាមានរឿងអីពិបាក? បិទ បិទខ្លួនឯង ឬកែសម្រួលខ្លួនឯង ដល់ត្រូវបើកឬត្រូវកែសម្រួល មកបបួលឯងចរចា, អត់ទេ! អត់ត្រូវ។ […] ចូលចិត្តភូត មិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតប្រជាជនថៃ ភូតទាំងពិភពលោក>>។

ដោយសារតែកត្តាភូតកុហក បំភ្លៃការពិតរបស់ថៃបែបនេះហើយ ទើបសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តី ដែលកាន់អំណាចរយៈពេល ៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ បានផ្ដាំទៅកាន់រដ្ឋាភិបាលបន្តវេនថា ហាមដាច់ខាតមិនឱ្យប្រើប្រាស់ទិញទំនិញយុទ្ធសាស្ដ្រពីថៃ ដូចជា អគ្គិសនី, អ៊ីនធឺណេត, ប្រេងឥន្ធនៈ និងឧស្ម័នជាដើម ព្រោះនៅពេលខាងមុខគេអាចប្រើប្រាស់ទំនិញទាំងនេះ ជាអាវុធដើម្បីដាក់សម្ភាធមកកាន់រដ្ឋាភិបាលកម្ពុជា នៅក្នុងប្រការណាមួយ តួយ៉ាងដូចការគំរាមផ្ដាច់ភ្លើង ផ្ដាច់អ៊ីនធឺណេត និងប្រេងឥន្ធនៈ ដូចនៅពេលកន្លងមក៕



















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...