រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំក្រុមការងារអនុវត្តពិសេស ជំរុញការវិនិយោគក្នុងភូមិភាគឦសាន

Posted By: RoogRog Robot | 21-May-2025 13:46:36

2025-05-21 01:42pm

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំក្រុមការងារអនុវត្តពិសេស ជំរុញការវិនិយោគក្នុងភូមិភាគឦសាន។ កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារ (A) សាលាខេត្ត នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

ថ្លែងក្នុងកិច្ចប្រជុំលោក ញ៉ែម សំអឿន បានគូសបញ្ជាក់អំពីតួនាទីរបស់ (ក.វ.ឦសាន) ដែលជា <<ច្រកចេញចូលតែមួយ>> ក្នុងការទទួលពាក្យស្នើពីវិស័យឯកជន, ពិនិត្យវាយតម្លៃ និងផ្តល់គោលការណ៍លើកទឹកចិត្តជូនវិស័យឯកជន ព្រមទាំងផ្តល់ការប្រឹក្សាយោបល់អំពីកម្មវិធីពិសេស ដោះស្រាយផលលំបាក និងសំណូមពរជាក់ស្តែងផ្សេងៗ របស់ម្ចាស់គម្រោង បន្ថែមលើវិធានការដែលមានចែងស្រាប់ក្នុងកម្មវិធីពិសេស ដោយប្រកាន់ខ្ជាប់នូវ អភិក្រម <<អនុវត្តការងាររួមគ្នាជាកញ្ចប់>> សំដៅធានាប្រសិទ្ធភាពនិងតម្លាភាព នៃការអនុវត្តការងារ។

លោកអភិបាលខេត្ត បានណែនាំឲ្យក្រុមការងាររដ្ឋបាលខេត្ត សហការជាមួយក្រុមការងារថ្នាក់ជាតិ ធ្វើការពិនិត្យសុខភាពធុរកិច្ច និងសិក្សាពីសក្តានុពលវិនិយោគសម្រាប់ជាមូលដ្ឋានផ្តល់ព័ត៌មាន និងសម្របសម្រួលជូនវិនិយោគិន និងធុរជន។

សូមបញ្ជាក់ជូនថា ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ត្រូវបានបង្កើតឡើង ក្រោមឆ័ត្រ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ដើម្បីដឹកនាំ សម្របសម្រួល និង អនុវត្ត <<កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន>> ដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...