អគ្គិភ័យ​ឆេះផ្ទះប្រជាពលរដ្ឋ៨ខ្នង និងតូបលក់ដូរ១៦តូប នៅផ្សារពាក់ស្បែក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តែពុំបណ្តាលឱ្យមនុស្សរងរបួសនោះទេ

Posted By: RoogRog Robot | 21-May-2025 13:46:36

2025-05-21 01:43pm

(ព្រះវិហារ)៖ ​យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៨ខ្នង មាន១៥បន្ទប់ និងតូបលក់ដូរ១៦តូបទៀត ស្ថិតនៅក្នុងផ្សារពាក់ស្បែក ក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (ទល់មុខកងពលធំអន្តរាគមន៍លេខ៣​) ត្រូវបានអគ្គិភ័យឆាបឆេះ នៅវេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃទី២០ ខែឧសភា ​ឆ្នាំ២០២៥​។​

លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ថា គ្រោះអគ្គិភ័យនេះបណ្ដាលមកពីមូលហេតុទុស្សេខ្សែភ្លើង ហើយករណីនេះត្រូវបានគ្រប់គ្រងស្ថានការបានទាំងស្រុងវេលាម៉ោង ២១៖៤០នាទី ដោយយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង រួមមាន៖ រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត រថយន្តពន្លត់អគ្គិភ័យរបស់អង្គរក្ស និងរថយន្តទឹកកងពលធំអន្តរាគមន៍លេខ៣។​

អភិបាល​ជាំក្សាន្ត បានថ្លែងបញ្ជាក់ថា ចំពោះទំហ៊ុំនៃការខូចខាត ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានកំពុងត្រួតពិនិត្យជាក់ស្តែង។ ​ជាមួយគ្នានេះ លោកអំពាវនាវប្រជាពលរដ្ឋយើងត្រូវមានការប្រុងប្រយ័ត្នជានិច្ចគ្រប់ពេលវេលា ការពារពីគ្រោះអគ្គិភ័យ ដូចជា៖ ភ្លើងអគ្គិសនី ភ្លើងចង្រ្កាន ត្រូវបិទ ឬពន្លត់មុនចាកចេញពីផ្ទះ៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...