ចក្រភពអង់គ្លេស ផ្អាកកិច្ចចរចាពាណិជ្ជកម្មជាមួយអ៉ីស្រាអែល ជុំវិញសង្រ្គាមហ្កាហ្សា

Posted By: RoogRog Robot | 21-May-2025 11:03:27

2025-05-21 11:01am

(ឡុងដ៍)៖ ចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារ ទី២០ ខែឧសភា បានសម្រេចចិត្តផ្អាកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយអ៉ីស្រាអែល កោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន និងប្រកាសពីការដាក់ទណ្ឌកម្មប្រឆាំងនឹង និគមជនអ៉ីស្រាអែលក្នុងតំបន់ West Bank ខណៈប្រមុខការទូតអង់គ្លេសថ្កោលទោសការកើនឡើងជម្លោះយោធាដ៏ឃោរឃៅក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោធាអ៉ីស្រាអែលបានប្រកាសបើកប្រតិបត្តិការវាយលុកថ្មីមួយកាលពីសប្ដាហ៍មុន ហើយក្រុមគ្រូពេទ្យក្នុងតំបន់ហ្កាហ្សា បានអះអាងថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលបានសម្លាប់មនុស្សជាង ៥០០នាក់ ក្នុងរយៈពេល ៨ថ្ងៃមកនេះ។ អ៉ីស្រាអែលក៏បានបិទខ្ទប់ការនាំចូលជំនួយចូលទៅក្នុងតំបន់ហ្កាហ្សាផងដែរចាប់តាំងពីដើមខែមីនាមក ដោយជំរុញឱ្យក្រុមអ្នកជំនាញអន្តរជាតិព្រមានពីហានិភ័យ នៃគ្រោះទុរភិក្ស បើទោះជាជំនួយមួយចំនួនត្រូវបានអនុញ្ញាតឱ្យចូលក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃចន្ទក៏ដោយ។

ថ្លែងទៅកាន់សមាជិកសភា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បាននិយាយថាប្រតិបត្តិការយោធាថ្មីរបស់អ៉ីស្រាអែលគឺជាដំណាក់កាលដ៏ខ្មៅងងឹតថ្មីមួយនៅក្នុងសង្រ្គាមហ្កាហ្សា ជាមួយការអំពាវនាវឱ្យអ៉ីស្រាអែលលុបចោលការបិទខ្ទប់ជំនួយ ខណៈថ្កោលទោសការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៉ីស្រាអែល លោក Bezalel Smotrich ដែលមានលក្ខណៈចង់បោសសម្អាតពូជសាសន៍ ការបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា និងការបណ្ដេញប្រជាជនប៉ាឡេស្ទីនទៅកាន់ប្រទេសទី៣។ <<នៅថ្ងៃនេះ ខ្ញុំសូមប្រកាសថាយើងបានសម្រេចចិត្តផ្អាកកិច្ចចរចា ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយជាមួយ រដ្ឋាភិបាលអ៉ីស្រាអែលមួយនេះ>>។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក Lammy។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ក៏បាននិយាយដែរថាលោកមានការរន្ធត់ជាខ្លាំងចំពោះការកើនឡើងជម្លោះក្នុងតំបន់ហ្កហ្សា បន្ទាប់ពីចេញសេចក្ដីថ្លែងការណ៍រួមមួយ ជាមួយមេដឹកនាំបារាំង និងកាណាដា។ តាមលោក Lammy ចក្រភពអង់គ្លេសនឹងចាត់វិធានការសកម្មភាពបន្ថែមទៀត ប្រសិនបើអ៉ីស្រាអែលនៅតែបន្តប្រតិបត្តិការវាយលុកថ្មីរបស់ខ្លួន៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...