ប្រព័ន្ធ 5G-A ដែលកាន់តែលឿនជាកាលានុវត្តភាពថ្មីនៃពិភពលោក

Posted By: RoogRog Robot | 21-May-2025 17:37:47

2025-05-21 05:32pm

(ប៉េកាំង)៖ មួយរយៈពេលចុងក្រោយនេះ ពលរដ្ឋជាច្រើនដែលរស់នៅទីក្រុងប៉េកាំងនិងទីក្រុងធំៗមួយចំនួន របស់ប្រទេសចិនដែលប្រើប្រាស់ទូរស័ព្ទដៃស៊េរីថ្មី នឹងសង្កេតឃើញថា នៅត្រង់កន្លែងមានសញ្ញាសេវាទូរស័ព្ទ ដែលកន្លងមកបង្ហាញតែតួលេខ 5G ស្រាប់តែលេចចេញអក្សរ A នៅពីក្រោយ ពោលគឺ 5G-A។ តើ 5G-A សំដៅទៅលើអ្វី? ហេតុអ្វីស្រាប់តែលេចចេញសញ្ញាបែបនេះ?

តាមពិតទៅ ប្រព័ន្ធ 5G-A មកពីពាក្យពេញថា 5G-Advanced ដែលជាកំណែអាប់ដេតនៃប្រព័ន្ធ 5G ពោលគឺជាសេវាអ៊ីនធឺណិត ដែលកាន់តែលឿន កាន់តែមានភាពនឹងនរនិងកាន់តែវៃឆ្លាត។ បើតាមការធ្វើតេស្ត បច្ចេកវិទ្យាប្រព័ន្ធ 5G-A មានល្បឿនលឿនជាងប្រព័ន្ធ 5G រហូតដល់ទៅ ១០ ដង ដែលអាចនិយាយបានថា ការអភិវឌ្ឍប្រព័ន្ធ 5G-A ជាជំហានដ៏គន្លឹះមួយសម្រាប់ឈានទៅរកការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធ 6G នាពេលអនាគត។

គួររំលឹកថា នៅក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនដែលលោក លី ឈាង នាយករដ្ឋមន្ត្រីចិនបានថ្លែងក្នុងមហាសន្និបាត នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនឆ្នាំនេះ បានគូសរំលេចពីផែនការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធ 6G និង<<ឧស្សាហកម្មនាពេលអនាគត>>របស់ប្រទេសចិន។ នេះជាសញ្ញាបង្ហាញទៅកាន់ពិភពលោកថា បច្ចុប្បន្ន បច្ចេកវិទ្យាប្រព័ន្ធ 5G របស់ចិនមានស្ថិរភាពនិងមានភាពចាស់ទុំ ហើយបាននិងកំពុងឈានទៅរកការបើកទំព័រថ្មីនៃប្រព័ន្ធ 6G។

បើតាមការឱ្យដឹងពីអ្នកជំនាញពាក់ព័ន្ធ បច្ចុប្បន្ននេះ ប្រតិបត្តិករទូរគមនាគមន៍របស់ចិនបានចាប់ផ្តើមផ្គត់ផ្គង់សេវាអ៊ីនធឺណិត 5G-A សម្រាប់អតិថិជនចំនួន ៥០ លាននាក់ក្នុងដំណាក់កាលធ្វើតេស្តនៅទូទាំងប្រទេសចិន ហើយការធ្វើតេស្តដូចគ្នានេះ ក៏បានធ្វើឡើងក្នុងពេលដំណាលគ្នានៅតំបន់មួយចំនួន ដូចជាអឺរ៉ុប អាមេរិកឡាទីន និងមជ្ឈិមបូព៌ាផងដែរ ។ តាមរយៈការធ្វើតេស្តនេះបានបង្ហាញថា នាពេលខាងមុខមិនជាយូរប៉ុន្មាន មិនត្រឹមតែប្រជាជនចិនប៉ុណ្ណោះទេ ប្រជាជននៃប្រទេសនិងតំបន់ជាច្រើន លើពិភពលោកនឹងបានប្រើប្រាស់បច្ចេកប្រព័ន្ធ 5G-A របស់ចិនដែលមានសេវាកាន់តែនឹងនរនិងល្បឿនកាន់តែលឿន ។

បច្ចុប្បន្ន ពិភពលោកកំពុងស្ថិតក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី ៤ ឬហៅថាយុគសម័យឌីថីថល ដូច្នេះ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនៃប្រទេសនីមួយៗ បានធ្វើបរិវត្តកម្មឌីជីថលពីការអភិវឌ្ឍសេដ្ឋកិច្ចបែបប្រពៃណីទៅជាការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ។ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលទៀតសោត ក៏មិនអាចឃ្លាតពីការទ្រទ្រង់ដោយបណ្តាញទូរគមនាគមន៍នោះឡើយ ហើយដែលកន្លងមកបច្ចេកវិទ្យាប្រព័ន្ធ 5G បានដើរតួនាទីគន្លឹះសម្រាប់ការតភ្ជាប់ធុរកិច្ចឌីជីថលអន្តរជាតិ ក្នុងល្បឿនលឿនរហ័សទាន់ចិត្ត ។

ក្នុងនាមជាតួអង្គដ៏សំខាន់មួយនៃសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត ( AI ) បាននិងកំពុងដើរចូលជីវភាពរស់នៅ របស់មនុស្សយើងតាមវិធីផ្សេងៗ ។ ការប្រតិបត្តិនៃប្រព័ន្ធ AI ត្រូវមានប្រព័ន្ធ 5G ជាគោល អាស្រ័យហេតុនេះ ការសម្រេចបាននូវការកសាងប្រព័ន្ធ 5G-A នឹងធ្វើឱ្យរូបមន្តអភិវឌ្ឍន៍បែប <<ប្រព័ន្ធ 5G-A បូក AI>> កាន់តែបន្ស៊ីគ្នាថែមទៀត ដែលនឹងបង្កើតជាកម្លាំងចលករកាន់តែខ្លាំងក្លា សម្រាប់រួមចំណែកដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថល ។ បើតាមតួលេខពាក់ព័ន្ធ ក្នុងចំណោមប្រភេទសេដ្ឋកិច្ចធំៗទាំង ៩៧ ប្រភេទរបស់ប្រទេសចិន មានចំនួន ៨៧ ប្រភេទធំៗបានរួមបញ្ចូលជាមួយប្រព័ន្ធ 5G ។ ឯការចាប់កំណើតនៃប្រព័ន្ធ 5G-A នឹងជំរុញថែមទៀតនូវប្រសិទ្ធភាពនៃការរួមបញ្ជូលគ្នា ដោយស៊ីជម្រៅរវាងសេដ្ឋកិច្ចពិត និងសេដ្ឋកិច្ចឌីជីថល ។

គោលដៅធំបំផុតនៃការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គឺដើម្បីបម្រើដល់ផលប្រយោជន៍របស់មនុស្សជាតិ ។ ចាប់ពីបច្ចេកវិទ្យាប្រព័ន្ធ 2G ដល់ប្រព័ន្ធ 5G-A ប្រទេសចិនបានដើរតួនាទីកាន់តែសំខាន់ឡើងៗ ក្នុងការផ្គត់ផ្គង់សេវាទូរគមនាគមន៍ឈានមុខ ដែលបានផ្លាស់ប្តូរទាំងជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិនៃប្រទេសជាច្រើន ។ ជាពិសេស ការចែករំលែកនូវបច្ចេកវិទ្យាប្រព័ន្ធ 5G-A ដែលជាបច្ចេកវិទ្យាទូរគមនាគមន៍ចុងក្រោយ របស់ចិនជាមួយបណ្តាប្រទេសនានាលើពិភពលោក មិនត្រឹមតែជាការរួមចំណែកដ៏សំខាន់ សម្រាប់ការពន្លឿនការធ្វើបរិវត្តកម្មឌីជីថលរបស់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកសម្រាប់ការតភ្ជាប់គ្នានៃពិភពលោក ដើម្បីសម្រេចបាន នូវសមាហរណកម្មសេដ្ឋកិច្ចសកលផងដែរ៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...