ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត

Posted By: RoogRog Robot | 21-May-2025 12:02:46

2025-05-21 10:00am

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះការប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់ របស់ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, សាស្ត្រាចារ្យ និង បុគ្គលិក នៃវិទ្យាស្ថានជាតិអប់រំ ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រកែទម្រង់ និងផែនការសកម្មភាព ដែលមានលក្ខណៈជាក់ស្តែង សម្រាប់កែលម្អកម្មវិធី និងវិធីសាស្ត្របណ្តុះបណ្តាល, អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ ការសិក្សា, ការស្រាវជ្រាវ និងពង្រឹងអភិបាលកិច្ច និង សមត្ថភាពស្ថាប័នរបស់វិទ្យាស្ថាន- ជាតិអប់រំ សំដៅលើកកម្ពស់គុណតម្លៃរបស់និស្សិត, គរុនិស្សិត និង គរុសិស្ស ស្របតាម ស្ដង់ដាជាតិ, តំបន់ និងសកល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល​បាន​សម្រេច​​ប្រែក្លាយវិទ្យាស្ថានជាតិអប់រំ ទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញ​លេញ ក្នុងឆ្នាំ២០២២ និងបានប្រគល់ពានសាលាគរុកោសល្យគំរូ ដល់​វិទ្យា​ស្ថានជាតិអប់រំ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ។ ទន្ទឹមនេះ, គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា ក៏បានអនុញ្ញាតឱ្យដំឡើងកម្រិត បណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិអប់រំ ពីកម្រិតបរិញ្ញាបត្រ ១ ទៅកម្រិតបរិញ្ញាបត្រ ២, និង បានផ្ដល់ការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ ដល់កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់អប់រំ វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ ២) ដល់វិទ្យាស្ថានជាតិអប់រំ ដែលបាន បំពេញតាមលក្ខខណ្ឌតម្រូវនៃស្តង់ដាជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមត្ថភាពគ្រូសំខាន់ណាស់ សម្រាប់ការបណ្តុះបណ្តាល។ រៀនក្រោមដើមឈើអាចនឹងមានលទ្ធផលល្អ បើមានគ្រូពូកែ តែបើមានសាលាថ្ម តែបើសមត្ថភាពគ្រូមានកម្រិត ការទទួលរបស់សិស្សក៏មានកម្រិត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បន្ទាប់ពីបានធ្វើការ​កែលម្អ​ជាបន្តបន្ទាប់, វិទ្យាស្ថានជាតិអប់រំ មានហេដ្ឋារចនាសម្ព័ន្ធ កាន់តែ​សម្បូរបែប និងទំនើប, ព្រមទាំងអាចឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវ ការនៃការសិក្សា និងការបណ្ដុះបណ្តាលក្នុងសតវត្សរ៍ទី២១។ ការធ្វើទំនើប​កម្ម និងបរិវត្តកម្មឌីជីថលនេះ គឺជាសមិទ្ធផលដ៏លេចធ្លោ​បំផុតរបស់​វិទ្យា​ស្ថានជាតិអប់រំក្នុងរយៈពេល ១១៤ ឆ្នាំនៃប្រវត្តិសាស្ត្រវិទ្យាស្ថាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទើបនឹងចុះហត្ថលេខា​លើអនុក្រឹត្យ​ជ្រើសអ្នកមានគុណវុឌ្ឍ​ មកបំពេញការនៅមូលដ្ឋាន​លើការអប់រំ និងសុខាភិបាល តាមរយៈកិច្ចសន្យាបច្ចេកទេស។ សម្រាប់អប់រំ គឺជ្រើសអ្នកបង្រៀនពីមត្តេយ្យ ដល់ថ្នាក់ទី១២។ រីឯសុខាភិបាលចាប់ពីឲប៉ុស្តិ៍សុខភាព ដល់ពេទ្យបង្អែកស្រុក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីត្រូវបំពេញបរិមាណ តែមិនអាចបោះបង់និយាមគុណភាពនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, សាស្ត្រាចារ្យ, បុគ្គលិក, ព្រមទាំងប្អូនៗ និស្សិតគរុនិស្សិត និងគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំ បន្តថែរក្សាកេរដំណែលនេះឱ្យបានឋិតថេរគង់វង្ស ដើម្បីជាប្រយោជន៍ដល់កូនចៅខ្មែរគ្រប់ជំនាន់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍអាស៊ី (ADB) ដែលបានចូលរួម និង គាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ​សង្គម​-សេដ្ឋ​កិច្ច​កម្ពុជា និយាយជារួម, និងក្រសួងអប់រំ យុវជន និង កីឡា ក្នុងការកែ​ទម្រង់​វិស័យអប់រំ នៅកម្ពុជា និយាយដោយឡែក, ជាពិសេស ការកែលម្អ​វិទ្យា​ស្ថានជាតិអប់រំ ដោយបានវិនិយោគលើសំណង់បណ្ណាល័យ <<សម្តេច​ព្រះសង្ឃរាជ ជួន ណាត>> ថ្មី, ការជួសជុលកែលម្អអគារបេតិកភណ្ឌចំនួន ៨, ការបំពាក់សម្ភារការិយាល័យ, សម្ភារពិសោធន៍, សម្ភារបច្ចេកវិទ្យា​ឌីជី​ថល និងសៀវភៅ សម្រាប់ដាក់ក្នុងបណ្ណាល័យ, ព្រមទាំងការគាំទ្រ​ផ្នែក​ទន់ជាច្រើនផ្សេងទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកថា ធ្វើជាគ្រូមិនអាចពឹងផ្អែកលើ ChatGPT ទាំងស្រុងនោះទេ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហារបស់កម្ពុជា គឺការចងក្រងឯកសារ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា និស្សិត និងគរុនិស្សិតជ័យលាភីទាំងអស់ នឹងខិតខំពុះពារ ជម្នះរាល់ឧប​សគ្គ ដើម្បីកសាងខ្លួនឱ្យស័ក្តិសមជាពលរដ្ឋល្អ, មន្ត្រីរាជការល្អ បុគ្គលិកល្អ, ដោយប្រើនូវចំណេះ និង ជំនាញពិតប្រាកដរបស់ខ្លួន ប្រកបដោយ​មន​សិ​ការ, វិជ្ជាជីវៈ, សីលធម៌ល្អ និង ការដាក់ខ្លួនបម្រើប្រជាជនដោយស្មោះស ដើម្បីបុព្វហេតុជាតិមាតុភូមិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលផ្ដល់​អាទិភាពខ្ពស់ចំពោះវិស័យអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសារ​ការ​អប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះដឹង​ទូលំ​ទូលាយ, ជំនាញច្បាស់លាស់ និង សីលធម៌វិជ្ជាជីវៈ អាចធានានូវប្រសិទ្ធ​ភាព, បរិយាប័ន្ន និង ចីរភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង នៃទីផ្សារការងារ, ទាំងក្នុងស្រុក, តំបន់ និងសកល ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែអថា ការអប់រំមិនត្រឹមត បង្កើតធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែវិស័យនេះ បង្កើតនូវផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា រួមទាំងផលប្រយោជន៍​សេដ្ឋកិច្ចផ្ទាល់សម្រាប់អ្នកទទួល បានការអប់រំ និងការបណ្ដុះបណ្ដាល, និង ផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកសិក្សាសន្សំបាន <<ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួត>> សម្រាប់មួយជីវិត ដែលអាច​យកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍខ្លួនឯង និង ក្រុមគ្រួសារ ក្រោមរូបភាព​ជាការងារ, ការវិនិយោគ ឬសហគ្រិនភាព។ ជាមួយគ្នានេះ, ការអប់រំបង្កើតឱ្យមានផលប្រយោជន៍សម្រាប់សង្គមជាតិជាច្រើន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភស្តុតាងជាអន្តរជាតិបង្ហាញថា ប្រជាជនដែលមានការអប់រំខ្ពស់, មានសុខភាពល្អ, មានសីលធម៌, មានសុភមង្គលក្នុងគ្រួសារ, និង <<ជាទ្រព្យ សកម្ម, និង មិនមែនជាបន្ទុក របស់សង្គមជាតិ>>។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងវិភាជថវិកាជាតិយ៉ាងច្រើន សម្រាប់កសាងមូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធអប់រំ មានជាអាទិ៍៖ គ្រឹះស្ថានឧត្តមសិក្សា, មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស, សាលារៀន, បណ្ណាល័យ ជាដើម។ ជាលទ្ធផល, គ្រឹះស្ថានបណ្ដុះបណ្តាលធនធានមនុស្ស, ទាំងរដ្ឋ និង ឯកជន បាននិងកំពុងរីកលូតលាស់ឆាប់រហ័ស ហើយគុណភាពនៃការអប់រំបណ្តុះបណ្តាលក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំង តាមរយៈ ការកើនឡើងនូវចំនួនសិស្ស-និស្សិតកម្ពុជា ចូលរួម និង ទទួលបាន ជ័យលាភីនៅក្នុងការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្មនិង គណិតវិទ្យា ទាំងនៅកម្រិតតំបន់ និងអន្តរជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាននិង កំពុងវិនិយោគលើ <<មូលធនមនុស្ស>> ដែលជាកម្លាំងចលករសម្រាប់​បង្កើត​តម្លៃសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាមួយនឹងជំនាញបច្ចេកទេស, បទពិសោធ និងសុខភាព រួមនឹងគុណតម្លៃខាង សីលធម៌, គុណធម៌ និង មនសិការ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគូ ដោយត្រូវបង្កើន​គុណវុឌ្ឍគ្រូបង្រៀនចេញថ្មី និង ធ្វើវិក្រឹតការគ្រូបង្រៀនដែលបានចេញ បង្រៀនរួចហើយ ដើម្បីអាចឆ្លើយតបបានកាន់តែប្រសើរ​ទៅនឹងតម្រូវ​ការ​នៃការអប់រំ ក្នុងសតវត្សរ៍ទី ២១ និង ការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល រួមទាំងបញ្ញាសិប្បនិម្មិត (AI) និង ដើម្បីបំពេញតាម <<ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន>> និង <<ស្ដង់ដាសាលាគរុកោសល្យគំរូ>>។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តពង្រឹងការអនុវត្តវិធីសាស្ត្រថ្មី នៃការបង្រៀន, ការរៀន និង​កា​រ​វាយ​តម្លៃដែលអាចជួយឱ្យសិស្ស-និស្សិត អភិវឌ្ឍបំណិន នៃការគិត និង ការ​ដោះស្រាយបញ្ហាជីវិតប្រចាំថ្ងៃ ប្រកបដោយវិចារណញ្ញាណ និងភាព​ច្នៃ​ប្រឌិតខ្ពស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា- ឌីជីថល ដល់គ្រូបង្រៀន តាមរយៈការបញ្ចូលបច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន និង ការរៀន, ការកែលម្អមាតិកាឌីជីថល, ការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល, ការផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យបានទូលំទូលាយ និង ការធ្វើទំនើបកម្មការបណ្ដុះបណ្ដាលនាយកសាលាគ្រប់កម្រិត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និង កីឡា ត្រូវសហការជាមួយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងមុខងារសារធារណៈ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគន្លង អាជីពគ្រូបង្រៀន, នាយក, អ្នកឯកទេសអប់រំ, និង គ្រូឧទ្ទេស ដើម្បីទាក់ទាញ និងរក្សាគ្រូបង្រៀន, គ្រូឧទ្ទេស ដែលមានសមត្ថភាព, ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងមានស្នាដ ការងារល្អ ឱ្យនៅក្នុងប្រព័ន្ធ សម្រាប់ការអប់រំចំណេះទូទៅ និង ការបណ្តុះបណ្តាលគ្រូបង្រៀន។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៩៖៥៥នាទីនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕

























































































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...