(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាភិបាលអណត្តិទី៣ នៃសមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណាន ប្រចាំនៅកម្ពុជា នារាត្រីថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥។
លោក លី ស៊ីនហួរ បានបញ្ជាក់ថា ចាប់តាំងពីករកើតសមាគមសភាពណិជ្ជកម្មខេត្តហ៊ូណាន ប្រចាំនៅកម្ពុជា រហូតមកដល់ពេលនេះ សមាគមបានពង្រឹង និងពង្រីកនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ធុរកិច្ច រវាងសមាគម ពាណិជ្ជករចិនផ្សេងទៀតការជំរុញនូវសហគ្រិនភាពរវាងចិន-កម្ពុជា ការពង្រីកនូវសេដ្ឋកិច្ចទីផ្សារ ចូលទៅក្នុងការអភិវឌ្ឍន៍នៃសាកលភាវូបនីយកម្ម ស្របតាមគោលនយោបាយផ្លូវមួយ ខែ្សក្រវ៉ាត់មួយ។
លោក ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានកត់សម្គាល់ថា សភាពាណិជ្ជកម្មនេះ មិនត្រឹមតែដើរតួនាទីសម្រាប់ជាស្ពានមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាគ្រឹះមួយចំណែកដ៏រឹងមាំ ក្នុងការផ្សារភ្ជាប់ភាពរីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
មានចំណាប់អារម្មណ៍នៅក្នុងពិធីនោះ លោក ចាវ ហាយចៀន អគ្គទីប្រឹក្សាស្ថានទូត នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ក៏បានលើកឡើង នៅពេលដែលសមាគមចិន-កម្ពុជា នៃអនាគតរួមគ្នាភាពជឿនលឿន រឹងមាំ និងធានាបានស្ថិរភាព ភាពប្រាកដនិយមបន្ថែមទៀត ទៅក្នុងពិភពលោក ដែលកំពុងចលាចល ហើយនឹងនាំមកនូវឱកាសថ្មីសម្រាប់ការអភិវឌ្ឍន៍ក្នុងវិស័យនានា ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ រួមទាំងសហគ្រាស ខេត្តហ៊ូណានផងដែរ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់យ៉ាងដូច្នេះថា <<ទំនាក់ទំនងកម្ពុជា-ចិន បានរីកចម្រើនកាន់តែខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ>>។
ជាក់ស្តែង ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម <<ខ្សែក្រវាត់មួយផ្លូវមួយ>> ការបង្កើតមូលនិធិផ្លូវសូត្រ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍតាមបែបឈ្នះឈ្នះ ក្នុងប្រទេសនានា ដែលស្ថិតក្នុងតំបន់ខ្សែក្រវ៉ាត់ និងផ្លូវសូត្រ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតភ្ជាប់ទំនាក់ទំនងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន ប្រជាជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យគន្លឹះផ្សេងៗទៀត។
សម្តេចបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស វិស័យ វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ល។
ក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ច ជាមធ្យមប្រមាណ ៧ភាគរយ ដោយឡែកនៅក្នុងឆ្នាំ២០២៤ ក្នុងរង្វង់ប្រមាណ ៦.៦ភាគរយ ដែលនាំឲ្យចំណូលរបស់ប្រជាជនទូទាំងប្រទេសមានការកើនឡើង និងមានជីវភាពកាន់តែមាន ភាពកាន់តែប្រសើរ។
ដោយឡែករាជធានីភ្នំពេញ បាននឹងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់បំព្រង ជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដ៏ទាក់ទាញ និងរស់រវើក។ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិក្នុងនោះគោលនយោបាយសុខដុមភាវូនីយកម្មជាតិសាសន៍ និងសាសនាបានបង្កលក្ខណៈ ឱ្យគ្រប់ជាតិសាសន៍ និងជនជាតិទាំងអស់ ដែលរស់នៅកម្ពុជា អាចរស់នៅជាមួយគ្នាដោយសុខដុមរមនា និងរួមគ្នាអភិវឌ្ឍន៍មាតុប្រទេសយើងទាំងអស់គ្នា។
សម្តេចកិត្តិសង្គហបណ្ឌិត បានអបអរសាទរលោក លី ស៊ីនហួរ ដែលត្រូវបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី៣ នៃសមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណាន ប្រចាំនៅកម្ពុជា និងបានលើកទឹកចិត្តឲ្យសភាពាណិជ្ជកម្ម បំពេញបេសកកម្មរបស់ខ្លួនឲ្យបានរលូន ប្រកបដោយការយកចិត្តទុកដាក់ ត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។
សម្តេចកិត្តិសង្គហបណ្ឌិត មានជំនឿយ៉ាងមុតមាំថា សមាគមនេះ ពិតជារួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការកាត់បន្ថយភាពក្រីក្រ៕