រុស្ស៉ីមិនព្រមឆ្លើយ តើលោក ពូទីន នឹងចូលរួមដោយផ្ទាល់ក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន នៅតួកគីយ៉េ ឬអត់?

Posted By: RoogRog Robot | 14-May-2025 04:25:03

2025-05-14 10:19am

(មូស្គូ)៖ វិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ ទី១៣ ខែឧសភា បាននិយាយថារុស្ស៉ីនឹងប្រកាសថាតើនរណានឹងត្រូវចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្តង់ប៊ូល នៅពេលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មើលឃើញថាចាំបាច់ ដោយបដិសេធបញ្ជាក់ថាតើលោក ពូទីននឹងមានវត្តមានដោយផ្ទាល់នៅឯតុចរចា ឬក៏យ៉ាងណានោះទេ? នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ពូទីន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានស្នើឱ្យមានការរៀបចំកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគីយ៉េ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គីជាសាធារណៈឱ្យទទួលយកសំណើរបស់លោក ពូទីន។ លោក ហ្សេលេនស្គីបាននិយាយថាលោកនឹងទៅចូលរួមក្នុងកិច្ចចរចា ប៉ុន្តែថាលោក ពូទីន ក៏ត្រូវតែមានវត្តមានដោយផ្ទាល់ផងដែរ។ <<ភាគីរុស្ស៉ីបន្តត្រៀមរៀបចំសម្រាប់កិច្ចចរចា>>។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅពេលត្រូវបានសាកសួរអំពីកិច្ចចរចា និងសំណើរបស់លោក ហ្សេលេនស្គី ដែលចង់ឱ្យលោក ពូទីនចូលរួមដោយផ្ទាល់។

លោក Peskov ក៏មិនបាននិយាយថាតើលោក ពូទីន នឹងចូលរួមកិច្ចចរចាដោយផ្ទាល់ ឬក៏អត់នោះទេ? ហើយនៅពេលត្រូវបានសាកសួរថាតើនរណានឹងតំណាងឱ្យភាគីរុស្ស៉ី លោក Peskov បាននិយាយថា វាអាស្រ័យលើលោក ពូទីន ពោលគឺបើលោកយល់ថាចាំបាច់ នោះរុស្ស៉ីនឹងប្រកាសឱ្យដឹង៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...