គយណែនាំដល់មន្រ្តីនៅតាមព្រំដែន ទប់ស្កាត់ការនាំចូលផ្លែទុរេនស្រស់ប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពប្រជាជន

Posted By: RoogRog Robot | 14-May-2025 03:11:53

2025-05-14 09:10am

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា បានណែនាំដល់មន្រ្តីនៅតាមព្រំដែន ឱ្យចូលរួមទប់ស្កាត់ការនាំចូលផ្លែទុរេនស្រស់ពីប្រទេសជិតខាងដែលប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពប្រជាជន។

យោងតាមលិខិតរបស់ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ ការនាំចូលផ្លែទុរេនស្រស់ប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពប្រជាជន អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា (អគរ) សូមធ្វើការណែនាំបណ្តោះអាសន្នដូចខាងក្រោម៖

១. ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបញ្ញត្តិអនុក្រឹត្យលេខ ៣៧០ អនក្រ.បក ជាធរមាន ដូចយោងខាងលើ ដោយការនាំចូលផ្លែទុរេនត្រូវអមភ្ជាប់ជាមួយប្រតិវេទន៍គយនូវវិញ្ញាបនបត្រភូតគាមអនាម័យ។

២. ត្រូវចាត់ចែងការដកសំណាកគម្រូតាមគោលការណ៍ហានិភ័យ ឬតាមរូបភាពចោះៗ ដើម្បីស្នើសុំ កិច្ចសហការពីមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ (ក.ប.ប.) ធ្វើការវិភាគ។ ក្នុងករណីនេះ ទំនិញនាំចូលអាចត្រូវបានអនុញ្ញាតដឹកជញ្ជូនទៅគម្យដ្ឋាន ក្នុងប្រទេសបន្ទាប់ពីបានបំពេញបែបបទបញ្ចេញទំនិញពីគយរួច ដោយអ្នកនាំចូលត្រូវបញ្ជាក់ជូនមន្ត្រី គយមានសមត្ថកិច្ចឱ្យបានច្បាស់លាស់នូវទីតាំងគម្យដ្ឋាននៃការដឹកជញ្ជូន ចែកចាយក្នុងប្រទេស។

៣. ក្នុងករណីលទ្ធផលនៃការវិភាគបង្ហាញថា <<ផលិតផលមានសារធាតុប៉ះពាល់ដល់សុខភាព ឬ ខូចគុណភាព>> ត្រូវចាត់ចែងប្រមូលឬឃាត់ទុកទំនិញទាំងនោះ និងធ្វើរបាយការណ៍ស្នើសុំការ ចាត់វិធានការបន្តពី អគរ។

៤. ត្រូវចាត់វិធានការតាមដានទប់ស្កាត់ការលួចប៉ុនប៉ងនាំចូលដោយខុសច្បាប់ផ្លែទុរេនស្រស់តាមច្រក របៀងក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...