(ភ្នំពេញ)៖ សមាគមធនធានមនុស្សកម្ពុជា(HRAC) កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីជួបជុំសមាជិកសមាជិកា ក្រោមប្រធានបទ <
ពិធីនេះ មានការអញ្ជើញចូលរួមពីអ្នកដឹកនាំធនធានមនុស្សសំខាន់ៗមកពីបណ្តាស្ថាប័ន អង្គភាពឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគា សមាជិកសំខាន់របស់សមាគមធនធានមនុស្សកម្ពុជា អ្នកដឹកនាំជាន់ខ្ពស់នៃអាជីពធនធានមនុស្ស និងអ្នកគ្រប់គ្រងអាជីវកម្ម ព្រមទំាងវាគ្មិនកិត្តិយស និងអង្គភាពពាក់ពន្ធ័ជាច្រើនផ្សេងទៀតផងដែរ។ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់នូវតួនាទីធនធានមនុស្ស ដែលជាអ្នកជំរុញឱ្យមាននវានុវត្តន៍ និងការរីកចម្រើននៃអាជីវកម្មនៅក្នុងសម័យឌីជីថល។
ជាកិច្ចចាប់ផ្ដើម លោក អ៊ិត សុខា ប្រធានសមាគមធនធានមនុស្សកម្ពុជា (HRAC) បានលើកឡើងថា <<តួនាទីរបស់ធនធានមនុស្ស (HR) មិនត្រឹមតែជាផ្នែកគាំទ្រអាជីវកម្មតែប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែផ្នែកធនធានមនុស្ស ដែលជាកតាលីករដ៏សំខាន់សម្រាប់ជំរុញនវានុវត្តន៍ និងកំណើនអាជីវកម្មថែមទៀតផង>>។
លោកប្រធានសមាគមធនធានមនុស្សកម្ពុជា HRAC បានសង្កត់លើអត្ថន័យបន្ថែមយ៉ាងដូចនេះថា៖ <<នវានុវត្តន៍មិនមែនជាជម្រើសទៀតនោះឡើយ ក៏ប៉ុន្តែវាជាតម្រូវការដែលធ្វើឱ្យផ្នែកធនធានមនុស្ស ត្រូវក្លាយជាកម្លាំងជម្រុញសម្រាប់ការផ្លាស់ប្តូរ>>។ បន្ថែមពីនេះ សមាគមធនធានមនុស្សកម្ពុជា HRAC បានថ្លែងអំណរគុណចំពោះការចូលរួមរបស់សមាជិក អ្នកតំណាងតាមស្ថាប័ន និងអង្គភាពជាដៃគូទាំងអស់ និងរំពឹងថាកម្មវិធីនេះនឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ការចែករំលែកចំណេះដឹង បទពិសោធន៍ការងារជាក់ស្តែង នាពេលអនាគត។
ជាមួយគ្នានេះ លោកប្រធានសមាគម បានផ្តាំផ្ញើរដល់អ្នកដឹកនាំ និងសមាជិកនៃសមាគមធនធានមនុស្សកម្ពុជាទាំងអស់ សូមប្រើប្រាស់វេទិកានេះក្នុងការចែករំលែក បង្កើនចំណេះដឹង និងជំរុញការអភិវឌ្ឍផ្ទាល់ខ្លួន និងអង្គភាព/ស្ថាប័នដែលខ្លួនកំពុងតែបំពេញការងារ ធ្វើឱ្យផ្នែកធនធានមនុស្ស កាន់តែមានតួនាទីដ៏សំខាន់ក្នុងអង្គភាព/ស្ថាប័ន ក៏ដូចជានៅក្នុងសង្គមសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពរីកចម្រើនតាមរយៈការគ្រប់គ្រងធនធានមនុស្ស។
សូមជម្រាបថា កម្មវិធីនេះ មានវាគ្មិនកិត្តិយសជាអ្នកជំនាញផ្នែកធនធានមនុស្សចំនួន ៤រូប បានចូលរួមចែករំលែកពីបទពិសោធន៍ការងារជាក់ស្តែង និងចំណេះដឹងរួមមាន៖
*លោក Ngow E Van បានចែករំលែកពីប្រធានបទ <<អំណាចនៃការទំនាក់ទំនង គឺជាយុទ្ធសាស្ត្រក្នុងមុខងារធនធានមនុស្ស ដើម្បីជំរុញនវានុវត្តន៍ និងបង្កើនកំណើនអាជីវកម្ម>>
*លោក កាំង តាំង បានចែករំលែកអំពីប្រធានបទ <<ការបង្កើតកម្លាំងពលកម្មដែលមានភាពបត់បែន សម្របសម្រួល និងអាចប្រតិបត្តិបានយ៉ាងឆាប់រហ័ស ក្នុងសមត្ថភាពនៃបរិបទអាជីវកម្ម នាពេលបច្ចុប្បន្ន>>
*លោក ហែម ចន្ទភក្តី បានចែករំលែកពីប្រធានបទ៖ តួនាទីរបស់ធនធានមនុស្ស ក្នុងការផ្លាស់ប្តូរនៃសម័យឌីជីថល និងនវានុវត្ត
*លោកស្រី Win Moh Moh Ko បានចែករំលែកពីប្រធានបទ៖ ការរីកចម្រើននៃតួនាទីធនធានមនុស្ស សម្រាប់ជំរុញ នវានុវត្តន៍អាជីវកម្ម៕